គណៈបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការស្តីពីការព្រួយបារម្ភពីស្ថានការណ៍នៃការគោរពសិទ្ធិមនុស្សសិទ្ធិសេរីភាពបញ្ចេញមតិនិងសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយព្រមទាំងភាពស្មើគ្នាចំពោះមុខច្បាប់ បន្ទាប់ពីអាជ្ញាធរនៅតែបន្តការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្ស កម្លាំងជាតិ មួយរូបទៀតគឺលោក ឆាយ ជំនោរ ដែលជាសមាជិកគណៈកម្មាធិការនាយកគណបក្ស និងជាសមាជិកក្រុមការងារគណបក្សខេត្តកំពត កាលពីថ្ងៃទី១០វិច្ឆិកា ឆ្នាំ២០២៦កន្លងមក។
សេចក្តីថ្លងការណ៍បន្តថា៖ «គណបក្សកម្លាំងជាតិកាន់តែមានការព្រួយបារម្ភខ្លាំងឡើង ពីស្ថានការណ៍នៃការគោរពសិទ្ឋិ មនុស្ស សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ឋិសេរីភាពក្នុងការធ្វើនយោបាយ ព្រមទាំងភាពស្មើគ្នាចំពោះមុខច្បាប់ បន្ទាប់ពីអាជ្ញាធរនៅតែបន្តការចាប់ខ្លួនថ្នាក់ដឹកនាំគណបក្ស កម្លាំងជាតិ ដោយគ្មានមូលហេតុ ១រូប បន្ថែមទៀត»។
នៅក្នុងសេចក្តីថ្លៃការនេះគណបក្សកម្លាំងជាតិក៏បានស្នើសុំអាជ្ញាធរបញ្ឈប់ការចាប់ខ្លួនថ្នាក់ដឹកនាំ យុវជន និងសកម្មជនគណបក្សប្រឆាំង ព្រមទាំងដោះលែងលោក ឆាយ ជំនោ និងអ្នកជាប់ឃុំនយោបាយទាំងអស់ ឱ្យមានសេរីភាព ដើម្បីធានាបាននូវ បរិយាកាសនយោបាយល្អឡើងវិញ ដល់គ្រប់គណបក្សនយោបាយ ក្នុងការធ្វើសកម្មភាព ដោយមិនមានការ ព្រួយបារម្ភស្របតាម រដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីគណបក្សនយោបាយ នៃព្រះរាជាណាចក្រកម្ពុជា។
លោក សុខ គឹមសេង បានលើកឡើងថាគណបក្សកម្លាំងជាតិមានគោលដៅចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧និងការបោះឆ្នោតរដ្ឋសភាឆ្នាំ២០២៨នាពេលខាងមុខ។
ហើយលោកថា គណបក្សចង់បានបរិយាកាសនយោបាយល្អ ដែលអាចធ្វើសកម្មភាពដោយគ្មានការភ័យខ្លាច ប៉ុន្តែលោកយល់ថា លំហប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្ននៅតែមានការរឹតត្បិត ដែលធ្វើឱ្យសមាជិកគណបក្សត្រូវប្រុងប្រយ័ត្នចំពោះសកម្មភាព និងការថ្លែងសារនយោបាយរបស់ខ្លួន។
លោក សុខ គឹមសេង បានថ្លែងថា៖ «អ្វីដែលគណបក្សកម្លាំងជាតិមើលឃើញ គឺទាំងលំហប្រជាធិបតេយ្យ ទាំងសេរីភាពការបញ្ចេញមតិ គឺនៅរឹតត្បិតខ្លាំងមែនទែន ហើយអ្វីដែលសំខាន់ រាល់សកម្មភាពរបស់គណបក្សបច្ចុប្បន្ននេះ គឺយើងធ្វើទាំងប្រយ័ត្នប្រយែង ការថ្លែងសាររបស់យើងក៏ត្រូវប្រយ័ត្នប្រយែង ព្រោះយើងបារម្ភអំពីសុវត្ថិភាពក្នុងការធ្វើនយោបាយរបស់ពួកយើង»។
លោកបានបន្តទៀតថា គិតមកដល់ពេលបច្ចុប្បន្ន សមាជិកគណបក្សកម្លាំងជាតិសរុបចំនួន ៣០នាក់ ត្រូវបានចាប់ខ្លួន និងកាត់ទោស ក្នុងនោះ ២២នាក់កំពុងជាប់ឃុំ ខណៈ ៨នាក់ផ្សេងទៀតបានអនុវត្តទោសរួចរាល់។
អ្នកស្រី ហៀក ងែត ជាម្តាយរបស់ លោក ឆាយ ជំនោ បានឱ្យដឹងថា កូនប្រុសរបស់អ្នកស្រីត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅផ្ទះ នៅចន្លោះម៉ោង៣ទៅ៤រសៀល និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១០ ខែវិច្ឆិកា។
អ្នកស្រីបន្តថា រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា អ្នកស្រីនៅមិនទាន់អាចជួបកូនប្រុសបាននៅឡើយទេ ទោះបីជាបានយកអាហារទៅឱ្យក៏ដោយ ដោយសារអាជ្ញាធរប្រាប់ឱ្យរង់ចាំការសាកសួរជាមុនសិន។
អ្នកស្រី បាននិយាយថា៖ «គេអត់មានបង្ហាញហេតុផលអីទេ ម៉ោងប្រហែលជាម៉ោង៣ ជិតម៉ោង៤ គេចាប់នៅផ្ទះម៉ង។ គេយកទៅស្នងការនៅថ្ងៃទី១០នឹងម៉ង ប្រហែលទៅដល់នឹងម៉ោង៤។ អត់បានជួបកូនរហូត ឱ្យតែទៅម្សិលមិញ [ថ្ងៃទី១១] ទៅតាំងពីព្រលឹមយកបាយយកអីឱ្យ សុំគេជួបក៏អត់បានជួបដែរ គេថាចាំគេ [អាជ្ញាធរ] ធ្វើការជាមួយសិន»។
អ្នកស្រីក៏បានស្នើឱ្យមានការដោះលែងកូនប្រុស ដោយសារអ្នកស្រីមានវ័យ៦៩ឆ្នាំ និងមានជំងឺប្រចាំកាយ ហើយកូនប្រុសជាអ្នកជួយធ្វើស្រែចម្ការ និងផ្គត់ផ្គង់ជីវភាពគ្រួសារ។
រីឯអ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិតមាស នី យល់ថាករណីនេះតែងកើតមានទៅលើគណបក្សប្រឆាំងនៅពេលការបោះឆ្នោតឈានចូលមកដល់ ហើយចំពោះសកម្មភាពបែបនេះគឺទាមទារឱ្យសកម្មជននិងគណបក្សប្រឆាំងត្រូវរៀនសូត្រពីការវិវត្តនៃសកម្មភាពដើម្បីបន្ថូរបន្ថយហានិភ័យរបស់សមាជិកខ្លួន។
លោកបន្ថែមថា ៖« ចំពោះបញ្ហាដែលធានាឱ្យមានភាពស្មើគ្នាចំពោះមុខច្បាប់នៅក្នុងការធ្វើនយោបាយនេះ គឺវាត្រូវមានពេលវាលាថែមទៀត សម្រាប់បរយាកាសនយោបាយនៅក្នុងប្រទេសកម្ពុជា នៅពេលអ្នកនយោបាយមិនទាន់មានទំនុកចិត្តនឹងគ្នា ទាំងរដ្ឋាភិបាលទាំងគណបក្សនយោបាយគឺទាមទារឱ្យធ្វើការទៅលើរឿងហ្នឹងច្រើនទៀត មុននឹងមានសិទ្ធិសេរីភាពពិតប្រាកដក្នុងការធ្វើនយោបាយ ថែមទាំងអនុវត្តន៍បានត្រឹមត្រូវ ប៉ុន្តែដូចខ្ញុំបានជម្រាបជូនថាសេរីភាពនយោបាយបច្ចុប្បន្នមិនទាន់អាចទៅរួចដូចដែលយើងចង់បានទេ»។
ក្រលេកមកមើលនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អ៊ំ សំអាត វិញលើកឡើងថា កន្លងមកការចាប់ខ្លួនលើសកម្មជនគណបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនការងារសង្គម ត្រូវទទួលបានការិះគន់ជាច្រើនពីអង្គការជាតិដែលធ្វើការលើការលើកកំពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការតស៊ូមតិ អង្គការអន្តរជាតិ សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផងដែរ ព្រោះពួកគេគ្រាន់តែប្រើប្រាស់ និងអនុវត្តសិទ្ធិជាមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាបានទទួលស្គាល់ ហើយជាការចូលរួមតាមបែបប្រជាធិបតេយ្យប៉ុណ្ណោះ ។ លោកបន្ថែមថា៖«ថ្មីៗនេះអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សបានអំពាវនាវឱ្យមានការដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស សកម្មជនគណបក្សនយោបាយ អ្នកសារពត៌មា និងសកម្មជនការងារសង្គម ដោយលើកឡើងថាពួកគេអនុវត្តសិទ្ធិជាមូលដ្ឋាន ដូច្នេះមិនគួរត្រូវចាប់ខ្លួន ចោទប្រកាន់ ផ្តន្ទាទោស និងឃុំខ្លួននោះទេ ។ លោកក៏អំពាវនាវឱ្យកម្ពុជាបើកលំហសិទ្ធិស៊ីវិល លំហសារពត៌មាន លំហនយោបាយ និងលំហប្រជាធិបតេយ្យ ឱ្យបានទូលាយ »។
លោកបញ្ជាក់ថា កម្ពុជាគួរពិចារណាលើការអំពាវនាវរបស់អង្គការជាតិ អន្តរជាតិ និង សហគមន៍អន្តរជាតិ ក្នុងការបញ្ឍប់ការចាប់ខ្លួនល់សកម្មជនទាំងនោះបន្តទៀត ហើយបើអាចគឺការដោះលែងសកម្មជននានា តាមការអំពាវនាវខាងលើ តាមលទ្ធភាពអាចធ្វើបាន នោះជាការផ្តល់ផលចំណេញដល់កម្ពុជា៕

