ក្រុម​ប្រឹ​ក្សា​​ប្រាក់​​ឈ្នួល​​សម្រេច​ផ្តល់​​ប្រាក់​​ឧត្ថម្ភ​​ធ្វើ​​ដំ​ណើរ​​ ២,៥ ​ដុល្លារ ក្នុង​​មួយ​ខែ​ដល់​​​កម្ម​ករ​

ក្រុម​ប្រឹក្សា​ប្រាក់​ឈ្នួល​អប្បបរមា​បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំ​ណើរ​​បន្ថែមចំនួន ២,៥ ដុល្លារ​​អាមេរិក​ក្នុងមួយខែ ដល់កម្មករនិយោជិតក្នុងវិស័យ​កាត់​​​​ដេរ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំ​ណើរ​និង​​​​ការ​បូប​ ដើម្បី​សម្រួល​​ចំ​ណាយ​​សោ​​ហ៊ុយ​​ធ្វើ​​ដំ​ណើរ​​ជា​​លក្ខណៈបណ្តោះអាសន្ន​ អំឡុង​ពេល​មាន​វិបត្តិ​ប្រេងឥន្ធនៈ​​ជា​​សកល។

ចំណាត់ការបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជាដោយផ្ទាល់ពីលោកនាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន ម៉ាណែត ទៅ​ក្រសួង​ការងារ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈឱ្យ​រៀបចំកិច្ច​​ប្រជុំ​មួយ​ជាមួយ​តំណាង​និយោជក​និង​ភាគីសហជីព ដើម្បីពិភាក្សា​ស្វែង​រក​លទ្ធភាព​ជួយ​សម្រាល​បន្ទុកការចំណាយ​របស់​កម្មករ​នៅក្នុង​រយៈ​ពេល​អន្តរកាល​នេះ​។​

នៅក្នុង​កិច្ចប្រជុំ​កាល​ពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា​បានឯកភាពគ្នាផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ដុល្លារអាមេរិក​ បន្ថែមលើអត្ថប្រយោជន៍ដែលមានស្រាប់ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ រហូត​ដល់​​ស្ថានភាព​តម្លៃ​ប្រេងឥន្ធនៈវិល​មករកប្រក្រតីភាព​​វិញ។

តំណាងភាគីកម្មករនិយោជិតក៏​បានអំពាវនាវឱ្យបងប្អូនកម្មករប្រើប្រាស់មធ្យោ​បាយ​​ធ្វើដំណើររួម ឬរថយន្តក្រុងសាធារណៈ ដើម្បីកាត់បន្ថយការចំណាយ ជាពិ​សេស អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា វិស័យវាយនភណ្ឌ និងកាត់ដេរ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដែលផ្តល់ការងារដល់មនុស្សជិត ១ លាននាក់។

កាល​ពីថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៦ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​មួយ​ណែនាំ​ឱ្យ​ក្រ​សួង​និង​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ អនុវត្ត​វិធានការ​សន្សំ​សំចៃលើ​​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈនិង​អគ្គិសនី​ ដើម្បី​ឆ្លើយ​តប​នឹងការកើន​ឡើង​តម្លៃថា​ម​ពល​ ដែល​បណ្តាល​មកពី​វិបត្តិប្រេងសកល៕

អត្ថបទគួរឱ្យចាប់អារម្មណ៍