«កោះដាច់»គឺជាឈ្មោះភូមិមួយ ដែលមានមូលដ្ឋានស្ថិតនៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ជាយរាជធានីភ្នំពេញ។បើគេធ្វើដំណើរតាមផ្លូវជាតិលេខ៦Aមានចម្ងាយប្រមាណ១២គីឡូម៉ែត្រទេ ដើម្បីទៅដល់ទីនោះ។ពេលចូលទៅដល់ភ្លាម គេនឹងឃើញបរិយាកាសដ៏បរិសុទ្ធ និងទិដ្ឋភាពប្លែកដែលគួរឲ្យចង់គយគន់ ដោយសារកោះនេះ ក្រៅពីហ៊ុំព័ទ្ធទៅដោយទន្លេមេគង្គហើយ នៅមានដំណាំកសិកម្ម និងផល្លានុផលចម្រុះគ្រប់ប្រភេទ ជាពិសេស នាវន្សានរដូវ ដែលបង្កើតបានទីនេះ ឲ្យក្លាយជាសួនពណ៌បៃតងដ៏ស្រស់ត្រកាល។ក្រៅពីទិដ្ឋភាព ដែលជួយឲ្យកោះដាច់នេះ មានសម្រស់ល្អឯកហើយ ពេលណាគេធ្វើដំណើរចូលដល់សហគមន៍ភ្លាម នោះគេនឹងឮតែស្នូរម៉ាស៊ីនរន្ថើនចេញពីខ្នងផ្ទះមួយទៅខ្នងផ្ទះមួយទៀតមិនដាច់សូរឡើយ។តាមពិតទៅទីនេះហើយ ដែលគេស្គាល់ថា ជាទីតាំងនៃសិប្បកម្មតម្បាញក្រមា ដែលមានអាយុកាលជាច្រើនទសវត្សមកហើយ។
មានរបរជាអ្នកត្បាញក្រមាប្រមាណ៣ឆ្នាំទៅហើយ អ្នកស្រី ឈំ ដាលីន រៀបរាបថា មុខរបរនេះខ្លួនចេះតពីម្តាយ ជាអ្នកបង្ហាត់បង្ហាញ និងត្រួសត្រាយផ្លូវឲ្យ។ហើយបើគិតពីទំហំរបស់ក្រមាវិញគឺមានទទឹង២ម៉ែត្រ តែបើចំពោះបណ្តោះវិញគឺគេគិតជាកី។អ្នកស្រីបន្តថាដោយក្នុងមួយកីផលិតជាក្រមាបានប្រមាណជាង២០ក្រមាដែរ។បន្ថែមពីលើនេះ ក្នុងមួយថ្ងៃៗ អ្នកស្រីអាចត្បាញក្រមាបានចំនួន៣០ក្រមា តែវាអាស្រ័យទៅតាមម៉ូត និងពណ៌របស់ក្រមាដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។
បើតាមអ្នកស្រី ឈំ ដាលីន ក្រោយផលិតបាន ក្រមា១អ្នកស្រីអាចលក់ចេញទៅឲ្យឈ្មួញកណ្តាលបានតម្លៃថ្លៃគួរសម។ចំពោះម៉ាស៊ីន និងឧបករណ៍ដែលត្រូវប្រើប្រាស់រាល់ថ្ងៃនេះគឺទិញពីឈ្មួញលក់នៅភូមិរបស់អ្នកស្រីផ្ទាល់ ដែលនេះជាចង្វាក់សេដ្ឋកិច្ចក្នុងភូមិរបស់អ្នកស្រី។ប្រភពដដែលនិយាយទៀតថា ការត្បាញដោយម៉ាស៊ីនដូចសព្វថ្ងៃនេះ មានភាពងាយស្រួលជាងកាលពីជំនាន់ឱពុកម្ដាយរបស់អ្នកស្រីកាលជំនាន់ដើម ដែលកាលណោះប្រើប្រាស់ដោយយកជើងធាក់។ ប៉ុន្តែ បើទោះជាត្បាញដោយម៉ាស៊ីនហើយក្តី អ្នកស្រីអះអាងថា ការងារនេះនៅតែជួបការលំបាកខ្លះៗដែរ មានដូចជាចុកខ្នងចង្កេះ និងម៉ាស៊ីនខូចជាដើម។
អ្នកស្រីបន្តថា៖ «សព្វថ្ងៃនេះលក់បានក្នុងតម្លៃ ៣,៥០០ រៀល… ហើយខ្ញុំក៏សំណូមពរឱ្យប្រជាជនជួយគាំទ្រផលិតផលខ្មែរឱ្យបានច្រើន និងផ្តល់តម្លៃខ្ពស់ឱ្យប្រជាពលរដ្ឋដែលប្រកបរបរនេះផងដែរ »។
មិនខុសពីអ្នកស្រី ដាលីន ប៉ុន្មានទេ អ្នកស្រី ឃឹម ស្រីលាភ ដែលមានរបរត្បាញក្រមាដែរ ឲ្យដឹងថា មុខរបរដែលក្រុមគ្រួសារអ្នកស្រីកំពុងតែប្រកបអាជីវកម្មនេះ មានអាយុកាលប្រមាណ១១ឆ្នាំមកហើយ។អ្នកស្រីអះអាងថា ទាំងស្វាមី និងខ្លួនបានចាប់យកអាជីពមួយនេះជាប្រភពចំណូលចម្បងដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ដោយចាប់ផ្ដើមមានពីម៉ាស៊ីនត្បាញចំនួន១គ្រឿង រហូតអភិវឌ្ឍបាន៥ គ្រឿងដូចមានសព្វថ្ងៃនេះ។
អ្នកស្រីនិយាយថា៖ « ដើម្បីបានក្រមាមួយជាដំបូង នៅពេលដែលយើងចាប់ផ្ដើមត្បាញ យើងត្រូវយកកីដែលបានទិញរួចមកនោះទៅអន្ទង រីឯអំបោះវិញយើងត្រូវយកទៅខា រងៃអំបោះនឹងម៉ាស៊ីន ទើបយកអាចយកទៅដាក់ក្នុងត្រល់នៅពេលតម្បាញ និងចាក់ពណ៌ទៅតាមទម្រង់ច្នៃប្រឌិតរបស់អ្នកផលិតក្រមានីមួយៗ »។
បើតាមអ្នកស្រី ឃឹម ស្រីលាភ ជាទូទៅក្រមាដែលអ្នកស្រីត្បាញគឺមានទទឹងប្រវែង១ម៉ែត្រ និងបណ្ដោយ ១.៩០ម៉ែត្រ ទៅ២ម៉ែត្រ។
ប្រភពបន្ថែមថា៖ «ក្នុងរយៈពេលក្នុងរយៈពេលមួយថ្ងៃគាត់ត្បាញចន្លោះ២០ក្រមា ក្នុងម៉ាស៊ីនមួយ ដើម្បីគ្រប់បរិមាណជូបម៉ូយរបស់អ្នកស្រីនៅពេលរៀងរាល់ល្ងាច ដោយនាំចេញបន្តក្នុងតម្លៃ ៣៤០០រៀល»។
មិនខុសពីអ្នកតម្បាញដទៃទៀតដែរទេ អុ្នកស្រីសំណូមពរ សុំឱ្យតម្លៃក្រមាបានថ្លៃជាងបច្ចុប្បនុ្ន ដើម្បីឆ្លើយតបទៅនឹងតម្លៃភ្លើង ដែលយកមកប្រើប្រាស់សម្រាប់ការត្បាញដោយម៉ាសស៊ីននេះផង ។
ប្រភពបន្តថា៖«សុំឱ្យតម្លៃក្រមាបានថ្លៃបន្តិចឱ្យសមនឹងតម្លៃទឹកភ្លើងដែលយកមកប្រើប្រាស់សម្រាប់ការត្បាញដោយម៉ាស៊ីននេះ » ។
របាយការណ៍របស់ប្រធានភូមិកោះដាច់ បង្ហាញថា សិប្បកម្មតម្បាញក្រមាសព្វថ្ងៃនេះ មានសមាជិកគ្រួសារចំនួន ១៤៥គ្រួសារ ក្នុងចំណោមពលរដ្ឋសរុប នៅក្នុងសហគមន៍កោះដាច់នេះ ដែលពួកគេកំពុងប្រកបអាជីវកម្មត្បាញក្រមានៅទីនេះ។

រីឯយុវតី ឡេង កញ្ញា អាយុ ជានិស្សិតរៀនអក្សរសាស្ត្រខ្មែរឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបរាប់ថាជារៀងរាល់ថ្ងៃ ក្រោយទំនេរពីការសិក្សាខ្លួនគេ តែងចាប់ផ្ដើមរៀនត្បាញក្រមាដោយម៉ាស៊ីនពីម្តាយរបស់នាងជាដរាប។ហើយបើគិតមកដល់នឹងពេលនេះ ការរៀនត្បាញបានរយៈពេល១ឆ្នាំហើយ។ប៉ុន្ដែនាងទើបតែចាប់ផ្ដើមថ្នឹកដៃ ត្រឹមរយៈពេល២ខែនៅឡើយទេ។កែវភ្នែកទាំងគូរបស់នាង សំឡឹងមិនឈប់ទៅរកម៉ាស៊ីនដែលកំពុងមានចលនា តាមចង្វាក់នៃការរវៃរបោះ យូរៗគេសង្កេតឃើញនាងបញ្ចេញស្នាមញញឹមបន្តិច នៅគ្រាដៃទាំងទ្វេរបស់នាង ក៏មិនសម្រាកដោយព្យាយាមប្តូរអំបោះ ដែលចេញពីត្រល់មិនឈប់ រួចនិយាយថា មុនពេលផ្លាស់ប្តូរអាជីព ជាអ្នកត្បាញក្រមាប្រមាណ២ឆ្នាំមកនេះ ដើមឡើយគ្រួសាររបស់នាង គឺជាអ្នកលក់ដូរនៅផ្ទះបន្តិចបន្តួច គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
ប្រភពបន្តថា៖ «បន្តស្រឡញ់ចូលចិត្តក្រមាខ្មែរ ជួយផ្សព្វផ្សាយក្រមាទាំងក្នុងស្រុក និង ទៅកាន់បរទេស ព្រោះក្រមាជាអត្តសញ្ញាណជាតិខ្មែរ និងមានអត្ថប្រយោជន៍ជាច្រើន »។
ជាឈ្មួញកណ្តាលដែលមានទីតាំងនៅនឹងភូមិកោះដាច់ អ្នកស្រី ព្រឿង ចម្រើន ឲ្យដឹងថា អ្នកស្រីបានប្រកបរបរអស់រយៈពេល៦ឆ្នាំមកហើយ។ពេលនេះ អ្នកស្រីមិនត្រឹមតែប្រមូលទិញដោយផ្ទាល់ នៅក្នុងសហគមន៍កោះដាច់ទេ មានន័យថារូបគេបានពង្រីកការទិញលក់នេះ ទៅដល់កោះឧកញ៉ា ថែមទៀត។មិនត្រឹមតែជាអ្នកជួញដូរក្រមាប៉ុណ្ណោះទេ អ្នកស្រីក៏បើកលក់អំបោះសម្រាប់ត្បាញក្រមានេះ រយៈពេល១ឆ្នាំមកហើយដែរសម្រាប់ផ្តល់សេវាទៅឲ្យអ្នកតម្បាញនៅក្នុងភូមិ។ហើយតម្លៃអំបោះដែលលក់ចេញសម្រាប់អ្នកភូមិនេះគឺធូរថ្លៃដែរទេក្នុងពេលដែលខ្លួនទិញក្រមាចូលវិញ ក្នុង១ក្រមា តម្លៃ៣៥០០រៀល ខណៈតម្លៃលក់ចេញសម្រាប់ក្រមា១ ចន្លោះពី៤០០០ ទៅ៤៥០០រៀល។
អ្នកស្រីបន្តថា៖ «គឺចង់ឱ្យមានទីផ្សារ ទោះបីតម្លៃមិនបានខ្ពស់យ៉ាងណាក៏ដោយ »។
បើតាមអ្នកស្រី ព្រឿង ចម្រើន ដែលជាឈ្មួញកណ្តាល ឲ្យដឹងថាជាមធ្យម ខ្លួនប្រមូលទិញក្រមាបាន ចំនួន២០០ ក្រមាក្នុងមួយថ្ងៃ។ទីផ្សារដែលអ្នកស្រីតែងលក់ចេញ មានផ្សារ អូរឫស្សី និងផ្សារស្ទឹងមានជ័យ។ប៉ុន្តែពេលមានការបញ្ជាទិញ ឬមានការកម្ម៉ង់ ទើបអ្នកស្រីរៀបចំដឹកជញ្ជូនទៅ។បើមិនមានទេ មានតែប្រមូលទិញស្តុកទុកសិន រង់ចាំរហូតមានការបញ្ជាទិញ។
យ៉ាងនេះក្តី អ្នកស្រី ចម្រើន នៅត្អូញត្អែរថា ការងារណាក៏ដូចជាការងារណាដែរ តែងជួបបញ្ហាប្រឈមមិនផុតឡើយ។ជាក់ស្តែង ដូចអាជីវកម្មក្រមានេះជាដើម ក៏ត្រូវជួបឧបសគ្គមិនខុសគ្នាប៉ុន្មានដែរទេ ពោលបន្ទាប់ពីផុតរដូវបុណ្យចូលឆ្នាំរួច គឺស្ងាត់ឈឹងតែម្ដង។ភាពស្ងប់ស្ងាត់នេះ ត្រូវរង់ចាំរហូតដល់ដើមខែ កក្កដា ទើបមានការកម្ម៉ងទិញឡើងវិញ។
ចំណែកប្រធានភូមិចុងកោះ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ លោក ជា ឆន លើកឡើងថា តាមពិតទៅ អ្នកស្រុកនៅទីនេះបានចាប់ផ្ដើមប្រកបមុខរបរតម្បាញនេះចាប់តាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេះ។ប៉ុន្តែដោយសារស្រុកទេសឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនជំនាន់ ទើបរបរត្បាញក្រមា ដែលជាមុខរបរដ៏មានប្រជាប្រិយមួយនៅទីនេះ ត្រូវផ្អាកសកម្មភាព រហូតដល់ឆ្នាំ១៩៨៥ ទើបសិប្បកម្មតម្បាញនេះ ងើបឡើងវិញបន្តិចម្តងៗ ដូចសព្វថ្ងៃនេះ។លោកបន្តថា ការងារតម្បាញនេះ មានកេរ្តិ៍ដំណែលតាំងពីដូនតាមក ជំនួសឲ្យការធ្វើស្រែចម្ការ របស់អ្នកភូមិកោះដាច់នេះ។តាមពិតទៅ ការងារតម្បាញនេះ បានរួមចំណែកផ្តល់ចំណូលបន្ទាប់បន្សំសម្រាប់អ្នកភូមិ ហើយក៏ជាចំណូលដែលទ្រទ្រង់ជីវភាពប្រចាំថ្ងៃដែរ។
សម្រាប់លោក ជា ឆន អាជ្ញាធរមូលដ្ឋានតែងជួយស្វែងរកទីផ្សារ សម្រាប់សហគមន៍ ប៉ុន្តែការប្រឹងប្រែងនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ក្នុងន័យនេះ លោកអំពាវនាវទៅដល់ដៃអភិវឌ្ឍន៍នានា ទាំងវិស័យរដ្ឋ និងឯកជន រួមទាំងអង្គការក្រៅរដ្ឋាភិបាលផង ជួយស្វែងរកមធ្យោបាយពង្រីកទីផ្សារបន្ថែម ធ្វើយ៉ាងណាឲ្យតម្លៃសិប្បកម្មតម្បាញក្រមានេះ មានតម្លៃខ្ពស់ និងទទួលបានគាំទ្រកាន់តែច្រើនបន្ថែមទៀត។
លោកបន្តថា៖«សព្វថ្ងៃប្រជាពលរដ្ឋអាចចិញ្ចឹមខ្លួនឯងបានតែមួយរស់ៗតែប៉ុណ្ណោះ… សូមសំណូមពរទៅកាន់អង្គការ និងស្ថាប័នរដ្ឋាភិបាល ឱ្យជួយរកទីផ្សារសម្រាប់ប្រជាពលរដ្ឋតម្បាញ ឱ្យមានតម្លៃខ្ពស់ជាងនេះ! »។
ដោយឡែក រយះ
ឯកសារស្រាវជ្រាវឆ្នាំ២០១៧ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យដឹងថាក្រមាខ្មែរមិនមែនជារបស់សាមញ្ញឡើយ។ភស្តុតាងបុរាណវិទ្យានៅស្ថានីយសម្រោងសែន និងហ្លួងព្រៃ មានអាយុកាលប្រមាណ ២,២០០ ឆ្នាំមុន គ.ស បានបង្ហាញពីសំណល់ក្បាលត្រល់ និងខ្នារអំបោះ។រីឯ សិលាចារឹកសតវត្សទី៩ ដល់ទី១១ ក៏បានចារឹកពាក្យ «ក្របាស» (កប្បាស), «កុត្បាញ» និង «តៃថ្ករ»ដែរ។
ហាក់មិនខុសគ្នាទេ កំណត់ហេតុលោក ជីវ តាក្វាន់(សតវត្សទី១៣) បានកត់ត្រាយ៉ាងច្បាស់ពីការស្លៀកពាក់ និងតម្បាញរបស់អ្នកស្រុកចេនឡា។ក្រមាមានចំណុចពិសេសដោយសារវាជាប់ជំពាក់នឹងជីវភាព(ស្លៀកពាក់ ទទួរ ក្រាល អង្រឹង ថ្នក់)ពិធីប្រពៃណី(មង្គលការ) ល្បែងប្រជាប្រិយ និងជាគ្រឿងសម្គាល់កម្រិតសមត្ថភាពក្នុងកីឡា «គុនល្បុក្កតោ» (ក្រមាខ្មៅ ក្រមាមាស)ជាដើម។
សរុបមក តម្បាញក្រមាខ្មែរនៅកោះដាច់ មិនត្រឹមតែជាដង្ហើមសេដ្ឋកិច្ចផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃរបស់អ្នកស្រុកប៉ុណ្ណោះទេ វាក៏ដើរតួនាទីសំខាន់ណាស់ដែរ ក្នុងការបន្តថែរក្សាមរតកអត្តសញ្ញាណជាតិ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនេះ ទោះបីជាបច្ចុប្បន្នការត្បាញបានប្រែប្រួលមកប្រើម៉ាស៊ីន និងជួបប្រទះការលំបាកផ្នែកទីផ្សារខ្លះក្តី។ផ្ទុយទៅវិញការតស៊ូរបស់អ្នកភូមិ នៅតែបន្តរស់រវើក៕
អត្ថបទដោយ៖ ឡាំង ស៊ីន និងគង់ សុខណា

