នៅពេលពន្លឺព្រះអាទិត្យរះចាំងលើអគារខ្ពស់ៗ និងកញ្ចក់អគារទំនើបក្នុងរាជធានីភ្នំពេញ ទីក្រុងហាក់បីដូចជាកំពុងប្រាប់ពិភពលោកអំពីការរីកចម្រើនឥតឈប់ឈរ។នៅលើដងវិថីវិញមនុស្សម្នាធ្វើចរាចរដ៏មមាញឹក ស្របពេលអគារពាណិជ្ជកម្មផុសត្រដែតស្អេកស្អះខ្ពស់សន្លឹម និងសំណង់ថ្មីៗរីកដូចផ្សិតឥតឈប់ឈរពីថ្ងៃមួយទៅមួយ។ប៉ុន្តែ នៅមិនឆ្ងាយពីទីនេះប៉ុន្មាន នោះគេនឹងឃើញគំនរមួយខ្ពស់សន្លឹមមានកម្ពស់ប៉ុនភ្នំ ដែលទីតាំងនេះនៅមិនឆ្ងាយប៉ុន្មានទីរាជធានីភ្នំពេញ។តាមពិតទៅ ទីនេះហើយដែលគេស្គាល់ជាទូទៅថាជាទីលានចាកសម្រាមនៅម្តុំបឹងជើងឯក ស្ថិតក្នុងខណ្ឌដង្កោ ជាយរាជធានីភ្នំពេញ។
លោកស្រី មុំ ជាគ្រួសារមួយក្នុងចំណោមគ្រួសារជាច្រើនដែលរស់នៅក្នុងតំបន់ចាក់សំរាម ស្ថិតនៅ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជាស្ត្រីសម្បុរស្រអែម សក់រួញអង្គាដី រស់នៅជាមួយស្វាមីដែលកំពុងមានជំងឺរ៉ាំរ៉ៃ លោកស្រី មានកូនពីរនាក់ ប៉ុន្តែកូនៗមិនបានរស់នៅជាមួយឡើយ។ បច្ចុប្បន្ន កូនទាំងពីរកំពុងស្នាក់នៅជាមួយម្ដាយរបស់លោកស្រីក្នុងខេត្តបាត់ដំបង ខណៈលោកស្រី និងស្វាមីបន្តតស៊ូរកចំណូលនៅលើគំនរសំរាម។ពួកគាត់មិនមានផ្ទះសម្បែងដូចអ្នកដទៃឡើយ។ ម្លប់ដើមត្នោតបានក្លាយជាដំបូល ខណៈផ្ទាំងកំណាត់ និងថង់ប្លាស្ទិកដែលរើសបានពីគំនរសំរាម ត្រូវបានយកមកធ្វើជាជញ្ជាំងការពារខ្យល់ និងទឹកភ្លៀង។ ទោះបីជាជីវិតត្រូវហ៊ុំព័ទ្ធដោយក្លិនស្អុយ ភក់កខ្វក់ និងសំឡេងរថយន្តដឹកសំរាមក៏ដោយ ពួកគាត់នៅតែភ្ញាក់ពីព្រលឹម ដើម្បីចាប់ផ្តើម ការតស៊ូសម្រាប់ថ្ងៃថ្មី ដូចអ្នកដទៃទៀតយ៉ាងដូច្នោះដែរ។
ប្រភពបន្តថា៖«មិនសូវហ៊ានចេញទៅរកអេតចាយទេ ព្រោះគំនរសំរាមខ្ពស់ ហើយគ្រោះថ្នាក់ »។
នៅលើជើងរបស់លោកស្រីមានស្នាមរបួសដែលបន្សល់ទុកពីការដើររើសអេតចាយជារៀងរាល់ថ្ងៃ។ស្នាមរបួសទាំងនោះ មិនមែនគ្រាន់តែជារបួសលើរាងកាយប៉ុណ្ណោះទេ ប៉ុន្តែជាស្នាមនៃការតស៊ូដើម្បីជីវិត។មានស្រុកកំណើតនៅខេត្តបាត់ដំបង លោកស្រីបានចាប់ផ្ដើមប្រកបមុខរបររើសអេតចាយនៅគំនរសំរាមអស់រយៈពេលប្រមាណ២ខែមកហើយ។មុននឹងមកទីនេះ លោកស្រីធ្លាប់ធ្វើការនៅស្ថានីយលាងរថយន្តមួយកន្លែង។ប៉ុន្តែការផ្លាស់ប្ដូរជីវភាព បាននាំឱ្យលោកស្រីជ្រើសរើសការងារដែលមនុស្សជាច្រើនមិនចង់ធ្វើ។ជារៀងរាល់ថ្ងៃ លោកស្រីចាប់ផ្ដើមការងារតាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច។ ចំណូលដែលរកបានមានប្រមាណ ២០,០០០ រៀលក្នុងមួយថ្ងៃ។ ប្រាក់ដែលរកបាន ស្ទើរតែមិនគ្រប់គ្រាន់សម្រាប់ការចំណាយក្នុងជីវភាពប្រចាំថ្ងៃនោះទេ។
លោកស្រីបន្តថា៖«រកបានប៉ុន្មាន ក៏ចាយអស់ប៉ុណ្ណឹង មិនអាចសន្សំបានទេព្រោះនៅជំពាក់តូបលក់អីវ៉ាន់រកបានថ្ងៃណា ស៊ីថ្ងៃហ្នឹង»។
ក្រៅពីការចំណាយលើអាហារប្រចាំថ្ងៃ លោកស្រីនៅតែត្រូវរ៉ាប់រងថ្លៃព្យាបាលស្វាមី ដែលជាបន្ទុកមួយបន្ថែមទៀត។រាល់ពេលឈឺម្ដងៗ ត្រូវចំណាយចន្លោះពី ៤០,០០០ ទៅ ៥០,០០០ រៀល ដែលជាបន្ទុកធ្ងន់លើគ្រួសារមួយដែលមានចំណូលមិនទៀងទាត់ទៅតាមថ្ងៃដែលរកបាន។
ទោះបីជាជីវិតនៅលើគំនរសំរាមពោរពេញដោយការលំបាក រកព្រឹកខ្វះល្ងាច និងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ លោកស្រី មុំ មិនដែលបោះបង់ការតស៊ូឡើយ។សម្រាប់លោកស្រី ការងាររើសអេតចាយមិនមែនជាជម្រើសដែលល្អបំផុតទេ ប៉ុន្តែជាជម្រើសដែលអាចរក្សាជីវិតឱ្យបន្តទៅមុខបាន។ដូចដែលលោកស្រីបានបន្សល់ទុកពាក្យមួយឃ្លាដែលឆ្លុះបញ្ចាំងពីជីវិតរបស់ខ្លួនថារាល់កិច្ចការដែលសុចរិត វាសុទ្ធតែឆ្លង់កាត់ព្យុះភ្លៀងជាដរាប។
លោកស្រីបន្តថា៖«គ្មានការងារណាដែលមិនលំបាកទេ បើយើងមិនធ្វើ ក៏គ្មានអ្វីហូបដែរធ្វើអ្វីក៏ដោយ សុទ្ធតែមានការលំបាក»។
រឿងរ៉ាវរបស់លោកស្រី មុំ មិនមែនជាករណីដាច់ដោយឡែកឡើយ បើយោងតាម ក្រសួងបរិស្ថាន គោលនយោបាយ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០ សំរាម សំណល់រឹងទីប្រជុំជនចំនួន ២លាន តោនក្នុងឆ្នាំ២០១៩ ត្រូវគេប្រមូល និងដឹកជញ្ជូនទៅទុកនៅទីលាននៅប្រមូលសំរាមនៅទូទាំងប្រទេសកម្ពុជា ជាមួយអាត្រាកំណើនប្រមាណជា១៥ភាគរយក្នុងមួយឆ្នាំ។
ដោយឡែកសំរាម សំណល់រឹងទីប្រជុំជន ជាមធ្យមក្នុងមនុស្សម្នាក់មានប្រហែល០,៨០ គ.ក្រ/ថ្ងៃ សម្រាប់រាជធានី, ក្រុង និងស្រុកដែលមានការអភិវឌ្ឍខ្លាំង។ តាមការប៉ាន់ស្មាន ប្រសិនបើសំរាមសំណល់រឹងទីប្រជុំជនទាំងអស់ត្រូវបានប្រមូលនោះ បរិមាណសំរាម សំណល់រឹងទីប្រជុំជនសរុបអាចនឹងមានចំនួនរហូតដល់ ៣លានតោន ក្នុងមួយឆ្នាំ។

ងាមកស្រ្តីដែលកំពុងរស់នៅជាមួយនឹងពិការភាពភ្នែកម្ខាង ឈ្មោះ ឡុង ច័ន្ទ ដៃប្រឡាក់ជាប់សុទ្ធតែសំរាម និងកាកសំណល់ ហើយជុំវិញខ្លួនហ្វូងរុយហើរមិនដាច់ ក្នុងពេលដែលរូបគេកំពុងប្រមូលអេតចាយ។ព្រះអាទិត្យបញ្ចេញកម្ដៅមកកាន់គំនរសំរាម នៅលើក្បាលមានមួកដែលមានសភាពទ្រុតទ្រោមមួយ គ្រាន់បិទបាំងកម្ដៅពីពន្លឺព្រះអាទិត្យ។ស្ថិតក្នុងឯកសណ្ឋានអាវដៃវែង ដោយដៃទាំងសង្ខាងរបស់លោកស្រី មិនទំនេរឡើយក្នុងការប្រមូលកំប៉ុងអាលុយមីញ៉ូម បំណែកសំបកតូចៗ និងដបទឹកសុទ្ធ ដែលអ្នកដ៏ទៃបោះចោល ប៉ុន្តែវាមានតម្លៃនៃអាហារ និងការផ្គត់ផ្គង់សម្រាប់លោកស្រីជាពន់ពេកណាស់។
ផ្ដើមចេញពីការស្នាក់នៅផ្ទះជួលម្នាក់ឯងនៅទីក្រុងភ្នំពេញ ជាមួយសម្ពាយជីវិត ក្រោយស្វាមីលាចាកលោកទៅអស់រយៈពេល២០ឆ្នាំមកនេះ ដោយបន្សល់កូន២នាក់នៅក្នុងបន្ទុក។លោកស្រី ត្រូវធ្វើដំណើរចាក់ចេញពីផ្ទះដោយជើងទទេប្រមាណជាង ពីរគីឡូម៉ែត្ររាល់ថ្ងៃ ដើម្បីដើរទៅកាន់ទីលានចាក់សំរាម។លោកស្រីនិយាយថា ចំពោះថវិកាដែលរកបានពីកាកសំណល់នៅគំនរសំរាមវិញ រឹតតែតឹងតែងសម្រាប់ការចំណាយប្រចាំថ្ងៃទៅទៀត។
លោកស្រីបន្តថា៖«រកប្រាំថ្ងៃចឹងបានជាង ១០ម៉ឺនរៀល បានតែហូបនឹង មិនសល់អីទេ »។
ញើសហូរដូចទឹកធ្លាក់រមៀលក្រោមមួក លាយឡំជាមួយជំងឺកំពុងឈឺទៀតនោះ លោកស្រីនិយាយក្នុងសំដីមួយៗថាការចំណាយលើការព្យាបាលរឹតតែជាក្ដីកង្វល់បន្ថែមទៀត ដែលធ្វើឲ្យលោកស្រីត្រូវតែប្រឹងរកប្រាក់ទ្វេដង។បើតាមលោកស្រី ឡុង ច័ន្ទ អេតចាយដែលរកបាន ត្រូវបែងចែកតាមប្រភេទ ប្រភេទកែវសម្រាប់ដាក់ទឹកមានតម្លៃ ៨,០០០រៀល ក្នុងមួយគីឡូក្រាម ដបទឹកសុទ្ធតម្លៃ ៨,០០០រៀល ក្នុងមួយគីឡូ ប្រភេទកំប៉ុងបានតម្លៃ ៦,០០០រៀល មួយគីឡូ តែវាឡើងចុះ ជួនដល់ខែប្រាំងបាន ៨,០០០រៀល ក្នុងមួយគីឡូក្រាមដែរ។
លោកស្រីបន្តថា៖« ចំណាយព្យាបាលអាចអស់មួយសប្ដាហ៍ ៣ម៉ឺន ទៅ ៥ម៉ឺន តាមលទ្ធភាព មិនដែលទៅមណ្ឌលសុខភាពទេ ព្រោះគ្មានបណ្ណក្រីក្រ ។ កន្លងមកធ្លាប់មានអង្គការបានចុះជួយ ផ្ដល់ជាអំណោយ អង្ករ ដល់លោកស្រី សម្រាប់ផ្គត់ផ្គង់ជីវភាព »។
យ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់គេហទំព័រ Press Start Cambodia តាមប្រព័ន្ធតេឡេក្រាមដោយយល់ឃើញថា ការធ្វើការនៅជិតទីលានចាក់សំរាម គឺជាជីវិតដែលមនុស្សភាគច្រើនមិនបានឃើញ មិនបានឮ និងមិនបានយល់ពីការលំបាករបស់ពួកគាត់នោះទេ។ការរស់នៅជិតទីលានចាក់សំរាមមិនមែនគ្រាន់តែមានក្លិនមិនល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឧស្ម័ន សារធាតុគីមី ធូលី មេរោគ និងផ្សែងពុលជាច្រើន ដែលអាចប៉ះពាល់ដល់សុខភាពទាំងរយៈពេលខ្លី និងរយៈពេលវែង។
លោកបានបន្តថា “ ប្រជាពលរដ្ឋអាចប្រឈមនឹងជំងឺផ្លូវដង្ហើម ដូចជា ក្អករ៉ាំរ៉ៃ ហឺត រលាកសួត និងជំងឺសួតផ្សេងៗទៀត។ ក៏អាចមានការរលាកភ្នែក រលាកច្រមុះ ឈឺក្បាល វិលមុខ ចង្អោរ និងបញ្ហាសើស្បែកផងដែរ។ ប្រសិនបើប៉ះពាល់យូរឆ្នាំ អាចបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួន អាស្រ័យលើប្រភេទសារធាតុដែលពួកគាត់បានប៉ះពាល់ជាបន្តបន្ទាប់។ ជាពិសេស កុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ គឺជាក្រុមដែលងាយរងគ្រោះជាងគេ ”។
លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ បន្តពង្រឹងការគ្រប់គ្រងទីលានចាក់សំរាម កាត់បន្ថយការប៉ះពាល់បរិស្ថាន ផ្តល់សេវាសុខាភិបាល វ៉ាក់សាំង ការអប់រំអនាម័យ ឧបករណ៍ការពារ និងការគាំទ្រសង្គមដល់ពលរដ្ឋដែលប្រកបរបររើសអេតចាយ។មិនតែប៉ុណ្ណោះ ក្នុងរយៈពេលវែងរដ្ឋគួរបង្កើតឱកាសការងារ និងជីវភាពដែលមានសុវត្ថិភាពជាងនេះ ដើម្បីឱ្យពួកគាត់ និងកូនៗរបស់ពួកគាត់ មានអនាគតល្អប្រសើរជាងមុន។
ជារួម បើទោះបីទីក្រុងភ្នំពេញកំពុងរីកចម្រើនឆាប់រហ័សក៏ដោយ ក៏នៅមានមនុស្សមួយចំនួនពឹងផ្អែកលើគំនរសំរាម ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងទ្រាំរស់នៅក្នុងបរិយាកាស ដែលប្រឈមនឹងគ្រោះថ្នាក់ដល់សុវត្ថិភាព និងសុខភាពរាល់ថ្ងៃដែរ។ដើម្បីកាត់បន្ថយបញ្ហានេះគេមិនអាចពឹងផ្អែកតែទៅលើការផ្ដល់ជំនួយបណ្ដោះអាសន្នបានមួយមុខនោះឡើយ ពោលគឺត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់ឱកាសការងារ លើកកម្ពស់ការគាំពារសង្គម ពង្រឹងការទទួលបានសេវាសុខាភិបាល និងការអប់រំដល់កុមារ ដើម្បីឱ្យអ្នករស់ពឹងផ្អែកលើគំនរសំរាមមានជីវិតប្រសើរជាងមុន៕
អត្ថបទដោយ៖ ជា ចិន និងហ៊ឺ ចន្ធី

