ជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ព្រមានតវ៉ាទ្រង់ទ្រាយធំ​ជាថ្មីទៀត​ក្រោយយុត្តិធម៌ជាប់គាំងជាង២ឆ្នាំ

ក្រុ​មជនរងគ្រោះ ព្រមានតវ៉ាទ្រង់ទ្រាយធំជាថ្មីទៀតនៅចុងខែមេសា ឆ្នាំ២០២៦នេះ នៅមុខតុលាការខេត្តសៀ​មរាបដើម្បីឱ្យតុលាការពន្លឿនរឹបអូសទ្រព្យអតីតឧកញ៉ា ឡេង ចាន់ណា ដោះ ក្រោយយុត្តិធម៌របស់ពួកគេជាប់គាំងជាង២ឆ្នាំកន្លងទៅនេះ ដែលធ្វើឱ្យជួបវិបត្តិបំណុលធ្ងន់ធ្ងរ និងមានខ្លះត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេស។

ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ផ្សេងទៀត លោក អៀ សុផល បានប្រាប់គេហទំព័រ Press Start Cambodia នៅថ្ងៃទី២ ខែមេសា ថា ក្រុមជនរងគ្រោះគ្រោងតវ៉ាទ្រង់ទ្រាយធំ នៅចុងខែមេសានេះ ដើម្បីជំរុញឱ្យតុលាការជួយរកយុត្តិធម៌ និងរឹបអូសទ្រព្យសម្បត្តិ របស់​អតីតឧកញ៉ា ឡេង ចាន់ណា យ​ក​​មកសងពួកគេវិញ។

លោកត្អូញត្អែរថា មកទល់ពេលនេះ លោកកំពុងជួបវិបត្តិជីវភាពធ្ងន់ធ្ងរ ក្រោយចាញ់បោកអតីតឧកញ៉ា រូបនេះជិត២ម៉ឺនដុល្លារ ដែលជាលុយខ្ចីពីធនាគារ ហើយក្នុងមួយខែលោកត្រូវបង់សងទៅធនាគារជិត៣០០ដុល្លារអាមេរិកក្នុងមួយខែ។

បើតាមលោក សុផល បច្ចុប្បន្នលោកកំពុងធ្វើចំណាកស្រុកទៅថៃទាំងប្រថុយប្រថានដើម្បីរកលុយដោះបំ ណុលធនាគារ ដោយភាគីធនាគារ បានព្រមានថានឹងប្រើវិធានការច្បាប់ បើលោកមិនអាចមានលទ្ធភាពបង់ការប្រាក់ ឬសងត្រលប់ទៅធនាគារវិញបានទេនោះ។​​​

លោកបន្តថា៖«ខ្ញុំលំបាកណាស់ខ្ចីលុយធនាគារ មករកស៊ីជាមួយក្រុមហ៊ុន ឡេង ចាន់ណា ឡូវគ្មានចាញ់បោកជិត២ម៉ឺនដុល្លារ។ខ្ញុំចំណាកស្រុកនៅថៃ ដើម្បីរកលុយ នៅខ្មែរពិបាករកការងារធ្វើ»

ជាមួយគ្នានេះ ជនរងគ្រោះម្នាក់ទៀត អ្នកស្រី សាតី ណាស់ បានស្នើឱ្យប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយរដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ពន្លឿនយុត្តិធម៌ដល់ជនរងគ្រោះសរុបមានចំនួន៦០ ០០នាក់ ខណៈ អ្នកស្រីចាញ់បោកឧកញ៉ា ឡេង ចាន់ណា នេះអស់ចំនួន១៥ ០០០ដុល្លារអាមេរិក។

អ្នកស្រីបានរិះគន់ប្រព័ន្ធតុលាការខេត្តសៀមរាបថាកំពុងគេចវេសមិនរកដំណោះស្រាយឱ្យជនរងគ្រោះ ដោ​យ​តែងតែសន្យាថាឱ្យជនរងគ្រោះរងចាំយុត្តិធម៌ជាង២ឆ្នាំហើយ តែគ្មានដំណោះស្រាយទេ ធ្វើឱ្យអ្នកស្រីអ​ស់​ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

អ្នកស្រីបន្តថា៖​«រឿងក្តី ឡេង ចាន់ណា នេះមានតែសំណូមពរ ខាងសម្តេចទាំងទ្វេ(លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត) ជួយរកដំណោះស្រាយឱ្យជនរងគ្រោះទាំង៦០ ០០នាក់ ដំណោះស្រាយពីជនឆបោកជនរងគ្រោះក្នុងក្រុមហ៊ុនប្រីលានស៊ីធីវើលដ៍នេះដើម្បីសងជនរងគ្រោះ។មានតែសម្តេចទាំងទ្វេទេ ដែលអាចជួយអន្តរាគមន៍ទៅលើជនឆបោកជនរងគ្រោះបើសិនជាសម្តេចទាំងទ្វេគាត់មិនបានយកចិត្តទុកដាក់ទេ គឺជនរងគ្រោះយើង គ្មានដំណោះស្រាយដល់ទីបញ្ចប់ទេ»

ពាក់ព័ន្ធករណីនេះដែរ លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត កាលពីខែឧសភា ឆ្នាំ២០២៤ បានប្រ​គ​ល់​សិទ្ធិឱ្យលោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលដោះស្រាយ ករណីបោកប្រាស់ពលរដ្ឋពីអ្នកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី។

ជុំវិញបញ្ហានេះ គេហទំព័រ Press Start Cambodia បានព្យាយាមសុំការឆ្លើយតបពី លោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាល និងលោក យិន ស្រ៊ាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបដែរ ប៉ុន្តែគ្មានការឆ្លើយតប។

ចំណែកឯ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការ ការពារសិទ្ធិមនុស្ស លីការដូ(Licadho) លោក អំ សំអាត មានប្រសាសន៍ថា​ ពលរដ្ឋចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា បានអូសបន្លាយពេលយូរមកហើយ ដែលរងចាំនូវដំណោះស្រាយដើម្បីទទួលបានសំណងត្រលប់មកវិញ ដើម្បីយកទៅសងធនាគារ និ​ង​​កម្ចីឯកជនមួយចំនួន។

លោកសង្កត់ធ្ងន់ថា កាលណាដំណោះស្រាយអូសពេលកាន់តែយូរ ពួកគាត់នឹងត្រូវប្រឈមមុខជួបវិបត្តិសេ​ដ្ឋ​កិច្ចគ្រួសារ ដូចជាធ្លាក់ខ្លួនទៅជាវិបត្តិក្រីក្រ អាចទៅជាចំណាកស្រុក ហើយវិបត្តិផ្លូវចិត្ត និង​ប៉ះពាល់ដល់​កា​រសិក្សាក្មេងៗ ដោយសារតែវិបត្តិសេដ្ឋកិច្ចគ្រួសារ។

លោកបន្តថា៖«ខ្ញុំយល់ឃើញថា តុលាការគួតែពន្លឿននីតិវិធីក្នុងការដោះស្រាយ លើរឿងរបស់ពួកគាត់ ដើ​ម្បី​ផ្តល់យុត្តិធម៌សម្រាប់ពួកគាត់ អ្វីដែលសំខាន់យើងឃើញថា ពេលពលរដ្ឋមានការរងទុក្ខ គឺរាជរដ្ឋាភិបាល ដែលជាឱពុកម្តាយក៏មិនអាចមើលនឹងភ្នែក អ៊ីចឹងវាប៉ះពាល់ច្រើន។ចំណុចទាំងនេះគឺរដ្ឋាភិបាល ពិនិត្យមើលជួយអន្តរាគមន៍ដើម្បីពន្លឿននីតិវិធីនៅតុលាការឱ្យឮដំណើររឿងនេះ ប្រព្រឹត្តិទៅបានលឿនដើម្បី ផ្តល់​​ជាយុត្តិធម៌សម្រាប់ពួកគាត់»

កាលពីថ្ងៃទី១២មីនា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន «ប្រ៊ីលានស៊ីធីវើលដ៍» និងបក្ខពួក ពាក់ព័ន្ធនឹងបទល្មើសឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារអាមេរិក តាមរយៈការវិនិយោគទិញផ្ទះ-ដីធ្លី ដោយសន្យាផ្តល់ការប្រាក់ខ្ពស់។

តុលាការខេត្តសៀមរាបបានសម្រេចចោទ​ប្រកាន់អតីតឧកញ៉ា ឡេង ចាន់ណា ​​ចំនួន៣បទល្មើស​ គឺ​ បទឆបោកមានស្ថានទម្ងន់​ទោស​, ​មិន​បំពេញ​កាតព្វកិច្ច ឧបករណ៍​ដែល​អាចជួញដូរ​បាន ​ និ​ងសម្អាតប្រាក់ ដែលសរុបជាទឹកប្រាក់ មានទំហំជាង ៣០០លានដុល្លារអាមេរិក៕

អត្ថបទគួរឱ្យចាប់អារម្មណ៍