អាមេ​រិក​ដាក់​​ទណ្ឌ​កម្ម​​​លោក​​ កុក ​​អាន​​ ​សមា​ជិក​​ព្រឹទ្ធ​​​សភា​​​​​ពាក់​​​ព័ន្ធ​​ប្រតិ​​បត្តិ​​ការ​​​ឆបោ​​​ក​តាម​​​​​​​​​អន​​​ឡាញ​​​

សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន ជា​អ្នក​ជំនួញ​ដ៏មាន​ឥទ្ធិពល​ ​ពាក់​ព័ន្ធនឹង​ទីតាំង​ឆបោក​តាម​អន​ឡាញ ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិក​បាត់​បង់ប្រាក់​រាប់លាន​ដុល្លារ ខណៈអ្នក​វិភាគ​​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ផលប៉ះពាល់​ដល់​​មុខមាត់​កម្ពុជា​នៅលើ​ឆាកអន្តរជាតិ​។​​

យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់ការិយាល័យគ្រប់គ្រង​ទ្រព្យសម្បត្តិបរ​ទេស (OFAC) របស់​ក្រ សួងរតនាគារអាមេរិក  កាលពីថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០​២៦ បាន​ឱ្យដឹងថា លោក កុក អាន ព្រមទាំង​បុគ្គល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​២៨​រូប បាន​ដំណើរ​ការ​ និង​ទទួល​ផល​ពីទីតាំង​ឆបោក​ ដែល​ផ្តោត​​គោល​ដៅ​លើ​ពល​រដ្ឋ​អាមេរិក។​​

សេចក្តីប្រកាស​ព័ត៌មាន​នេះសរសេរថា៖ “ឧក្រិដ្ឋជនឆ​​បោកនៅអាស៊ីអាគ្នេយ៍នៅក្នុង​​បណ្តាញនេះ បានលួចប្រាក់​រាប់លានដុល្លារពីជនរងគ្រោះដែលជា​ពលរដ្ឋ​អាមេរិក ខណៈ​ប្រតិបត្តិការ ក្រោមការការពាររបស់លោក កុក អាន និងទំនាក់ទំនងនយោ​បាយ​របស់លោក​”​។

ដោយប្រើការទាក់ទាញជារបៀប​មិត្តភាព ឬទំនាក់ទំនងស្នេហា អ្នកឆបោកទាំង​នេះបាន​បញ្ចុះបញ្ចូល​ជនជាតិអាមេរិក ដែលងាយរងគ្រោះឱ្យផ្ទេរប្រាក់សន្សំរបស់ពួកគេតាម​របៀប​ជាទ្រព្យសកម្មឌីជីថល ដោយសន្យាថា នឹងមានឱកាសវិនិយោគនិង​ទទួលបាន​ប្រាក់ចំណេញ​ច្រើន​ ដើម្បីលួចប្រាក់​ទាំង​អស់​ ”។

សេចក្តីប្រកាសព័ត៌មាន​នេះចោទប្រកាន់​ថា លោក កុក អាន និង​គូកន​​របស់​លោក​​បាន​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ឆបោក ដែលប្រតិបត្តិការចេញពីកាស៊ីណូ និងអាគារ​ការិយាល័យ ដែល​ត្រូវបានកែលម្អ សម្រាប់សកម្មភាពឆបោក​ ការលាង​លុយ​របស់​ជនរងគ្រោះ និងផ្តល់ជា​មូលដ្ឋាន ដើម្បីផ្តោត​គោលដៅលើ​ពល​រដ្ឋ​អាមេរិក និងប្រព្រឹត្តការរំលោភសិទ្ធិមនុស្សដោយគ្មាន​ទោស​ទណ្ឌ​។

លោក កុក អាន ជា​សមាជិក​ព្រឹទ្ធសភា​មក​ពីគណបក្ស​កាន់អំណាចនិង​មាន​ងារជា​ “អ្នក​ឧកញ៉ា” ដែល​គ្រប់​គ្រងជំនួញច្រើន​ប្រភេទ​រួម​ទាំង​កាស៊ីណូនិង​សណ្ឋា​គារ​​ផងដែរ។​ កាលពីខែ​កក្កដា តុលាកា​រប្រទេស​ថៃបានចេញដីកា​ចាប់ខ្លួន​លោក កុក អាន ដោយ​ចោទប្រកាន់​ថា មានការជាប់ពាក់ព័ន្ធនឹង​បណ្តាញ​ឧក្រិដ្ឋកម្មឆ្លងដែន និងការលាងលុយកខ្វក់ បន្ទាប់ពី​សមត្ថកិច្ចថៃចុះឆែកឆេរទីតាំង​ជា​កម្មសិទ្ធិ​របស់​លោក​ និង​រឹបអូសទ្រព្យសម្បត្តិ​សរុប​​ជិត​៣០លាន​ដុល្លារ​នៅពេលនោះ។​​

ជុំវិញ​ទណ្ឌកម្ម​នេះ លោក​បណ្ឌិត មាស នី ជា​អ្នក​វិភាគនយោបាយ​និង​សង្គមយល់​​ឃើញថា ករណី​នេះ​អាច​ប៉ះពាល់​ដល់​​វិនិយោគិន​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​​លោក កុក អាន​ និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល​កម្ពុជា​ ប្រសិ​ន​បើ​​មិន​ឆ្លើយ​តប​ដោយ​វិជ្ជមាន​។ លោក​បន្ត​ថា ការ​ខកខាន​មិន​បាន​ចាត់វិធានការ​ច្បាស់លាស់​អាច​នាំឱ្យ​មាន​ការ​រិះគន់​ថា ឧក្រិដ្ឋ​កម្មបែបនេះ កើត​មាន​ជា​ប្រព័ន្ធ។​

លោក​មាន​ប្រសាសន៍ថា៖ “គេ​អាចចោទថា អំពើ​ទាំងឡាយដែល​គេ​រក​ឃើញជា​អំពើ​ដែល​រៀប​ចំជា​ប្រព័ន្ធ…ព្រោះអីមនុស្ស​នឹង​នៅ​តែក្នុង​ប្រព័ន្ធគ្រប់គ្រង​របស់​រដ្ឋ​ដដែល​”។​

លោកបន្ថែមថា ប្រសិនបើ​ការ​ចោទប្រកាន់​នេះ ជា​ការ​ពិត​ អាជ្ញាធរ​គួរ​ចាត់​វិធានការ​​ ដើម្បី​បង្ហាញការ​ទទួល​ខុសត្រូវ​ ដោយ​លោក​បារម្ភថា ការ​បន្ត​ការ​ពារ​​បុគ្គលដែល​រងការចោទប្រកាន់​ វានឹង​ប៉ះពាល់​ដល់​ប្រសិទ្ធ​ភាព​ក្នុងការ​លុប​បំបាត់​ឧក្រិដ្ឋ​កម្ម​​អនឡាញ។​

លោកថា៖ “បើ​មាន​បុគ្គល​ទទួល​រងការ​ចោទប្រកាន់​ជា​អន្តរជាតិ​បែបនេះ ហើយ​យើង​នៅរក្សា​ទុក​វត្តមាន​នៅក្នុងជួរ​រដ្ឋាភិបាល​បន្តទៀត មានន័យថា ការ​បោសសម្អាត​ស្គេមអនឡាញ​នេះ គឺធ្វើបាន​តែសំបក​ ប៉ុន្តែ​ខ្លឹម​ខាងក្នុងមិន​មាន​ការផ្លាស់ប្តូរ​​អ្វីទេ”។​

ស្រដៀងគ្នានេះដែរ លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ ​​​នៃរាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ចាត់​ទុក​ការ​ចោទប្រកាន់លើ​លោក កុក អាន​​ថា ជាសញ្ញា​មិន​ល្អ​សម្រាប់មុខមាត់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​នៅ​ពេល​ដែល​រឿង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ទូទៅ​ ហើយ​ថា រឿង​នេះ​ប្រហែល​មិន​​ទាន់​ចប់​​ត្រឹម​ទណ្ឌកម្ម​នេះ​ទេ ហើយ​អាចជាផ្នែក​មួយ នៃយុទ្ធសាស្ត្រ​​ភូមិ​សាស្ត្រនយោបាយ។​

លោក​មាន​ប្រសាសន៍ថា៖ “ស្របពេលដែល​កម្ពុជា​កំពុង​ពង្រីក​​ក្របខណ្ឌទំនាក់ទំនង​ និង​កិច្ច​សហប្រតិ​បត្តិការ​បន្ថែមជាមួយប្រទេសចិន​ យើង​ឃើញសហរដ្ឋ​អាមេរិក​បាន​បញ្ចេញ​នូវទណ្ឌកម្មមួយ​ដែល​មាន​លក្ខណៈ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខមាត់​កម្ពុជា”។​

លោក​បន្ត​ថា ដើម្បី​ជម្រះ​ការ​ចោទប្រកាន់​​ លោក កុក អាន​​ និង​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ភាព​ស្អាត​ស្អំ​និង​ភស្តុតាង ​ ដោយ​មិន​អាច​ព្រងើយ​កន្តើ​​យ​ ​ហើយ​ត្រូវ​ប្រឹងប្រែង​រួម​គ្នា​ទាំង​កិច្ច​សហប្រតិបត្តិការក្នុងតំបន់​និង​អន្តរជាតិ។​ លោក​មាន​ប្រសាសន៍ថា៖ “ការជីកដល់ឫសគល់​ ការចាប់អ្នកនៅពីក្រោយ​ឱ្យ​បាន​ អ្នក​ដែលកាងពីក្រោយ​ឱ្យបាន​មកផ្តន្ទាទោស គឺជា​រឿងមួយសំខាន់បំផុត​។ សំខាន់​ជាង​ការ​ដែល​ដើរ​ចាប់ប្រសេចប្រសាច​តាម​ដងផ្លូវទៅទៀត”។

បើតាម​ការ​ចោទប្រកាន់​របស់​ក្រសួង​រតនាគារអាមេរិក​ថា លោក កុក អាន កាន់កាប់ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា​ក្រុមហ៊ុន Crown Resorts ដែល​មាន​កាស៊ីណូ រម្មណីយដ្ឋាន និង​អាគារ​ពាណិជ្ជកម្ម​មួយចំនួន​នៅក្រុង​ប៉ោយប៉ែត ព្រះសីហនុ និង​ក្រុងបាវិត។ ក្រសួង​រតនាគារអាមេរិកក៏បាន​បង្ហាញ​ពីបណ្តា​ញ​ពាក់ព័ន្ធ​ឈ្មោះ រិទ្ធី រស្មី គ្រប់គ្រងក្រុមហ៊ុន K99 Group និង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធនឹង​ទីតាំង​​ឆបោក ​និង​កាស៊ី​ណូនៅ​ក្រុងព្រះសីហនុ ដូចជា Xing Tian Di Co Ltd និង​ Nan Tian International Hotel Co Ltd។ របាយការណ៍​ដដែល​ក៏បាន​រំលេច​អំពី​អ្នក​ពាក់​ព័ន្ធ​ជន​ជាតិ​ភូមា​ពីរនាក់​ឈ្មោះ Aik Paung និង Sai Aung Linn រួម​ជាមួយ​នឹង​ក្រុមហ៊ុន​ Xihu Resort និង Heng Feng Group។​

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលអះអាង​ថា មក​ដល់​ពេលនេះ រដ្ឋាភិបាល​មិន​ទាន់​មាន​ការ​​ឆ្លើយ​តប​នៅឡើយ​ទេ ហើយ​ថា បើ​មាន​ លោក​នឹង​ផ្តល់​ជូន​​ពេល​ក្រោយ​។​

​ទោះ​​យ៉ាងណា ឆ្លើយតបនឹងការ​ចោទ​ប្រកាន់​និង​ទណ្ឌកម្ម​នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធ​សភា និងជាអ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា បាន​បញ្ជាក់យ៉ាង​​ខ្លី​ថា លោក កុក អាន គឺជាសមាជិក​ព្រឹទ្ធសភាកម្ពុជា ដែល​ទទួល​បាន​តួនា​ទី​តាម​រយៈ​ការ​បោះ​ឆ្នោត​ និង​មាន​​អភ័យឯកសិទ្ធិផងដែរ​។

លោក​មាន​ប្រសាសន៍ថា៖ “​ត្រង់​អាមេរិក​ចោទប្រកាន់យ៉ាងណានោះ ចម្លើយ​ដែល​ដឹងច្បាស់ ​គឺមានតែសួរ​អាមេរិក​” ដោយ​លោកបន្ថែមថា រដ្ឋាភិបាល​បាន​និង​កំ​ពុង​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆបោក​អនឡាញ​និង​ធ្វើ​យ៉ា​ង​ណា ដើម្បីទាក់ទាញ​វិនិយោគិន​មកវិនិយោគនៅកម្ពុជា​។​

ដោយ​ឡែក​នៅរសៀល​ថ្ងៃសុក្រ​នេះ អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាលបាន​ចេញ​​​សេចក្តីប្រកាសព័ត៌មាន​មួយ ​ដោយ​បង្ហាញពីការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​​ការ​​លុប​បំបាត់​ឧក្រិដ្ឋ​កម្មឆបោក​តាម​អនឡាញ​ជា​មួយនឹង​សកម្មភាព​បង្ក្រាប​ដោយ​​គ្មាន​ការ​អត់ឱន និង​ការ​លើក​លែង និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​និង​គាំទ្រ​កិច្ច​ខិតខំប្រឹងប្រែង​របស់ខ្លួន​​។​

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បន្តថា ចាប់ពីខែកក្កដា ឆ្នាំ​២០២៥​ ដល់​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០២៦ គឺ​ក្នុងរយៈ​ពេល​៩ខែ​ចុក្រោយ​នេះ អាជ្ញាធរ​បាន​បង្ក្រាបអំពើ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា​បាន​ជាង​២៥០​ករណី​ ទីតាំង​កាស៊ីណូ​ ​៩១​ទីតាំង​ និង​កសាងសំណុំរឿង​និង​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ១១២​ករណី​​ ពាក់​ព័ន្ធនឹង​ជនសង្ស័យ​​ប្រមាណ​ ១០៨៩​នាក់​។​

សេចក្តីប្រកាសព័ត៌មាន​នេះ​ឱ្យ​ដឹង​ទៀត​ថា ចាប់ពីដើម​ឆ្នាំ​២០២៥ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៦ សមត្ថកិច្ច​កម្ពុជា​បាន​អនុវត្ត​នីតិវិធី​បណ្តេញជនបរទេស​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​ច្ចេកវិទ្យា​សរុប​ចំនួន ១៣​ ០៣៩នាក់​ និង​គិត​ចាប់ពីពាក់កណ្តាល​ខែ​មករា​ ដល់​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៦ ជនបរ​ទេស​ដែល​ស្ម័គ្រចិត្ត​ចាកចេញ​ពី​កម្ពុជា​មាន​សរុប​ចំនួន ២៤១ ៨៨៨​នាក់​។​

សេចក្តីប្រកាសព័ត៌មាន​សរសេរថា៖ “រាជរដ្ឋាភិបាល​កម្ពុជាសូម​បញ្ជាក់ជាថ្មីថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ឆបោក​តាម​​ប្រព័ន្ធ​បច្ចេកវិទ្យា​ គឺជា​ការ​ប្រយុទ្ធ​ប្រឆាំង​រយៈ​​ពេល​វែង ដែល​ត្រូវ​ការ​ចូលរួម​ពីគ្រប់ភាគីទាំង​ក្នុង​ប្រទេសនិង​អន្តរជាតិ​។ រាជរដ្ឋា​ភិបាល​កម្ពុជា​សូម​អំពាវនាវ​ឱ្យ​សាធារណជន និង​សហគមន៍អន្តរជាតិ​ មេត្តា​ទទួលស្គាល់​ និង​គាំទ្រ​ដល់កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម និង​ជាក់ស្តែង​របស់កម្ពុជា​ ក្នុងការ​លុប​បំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា​”។

យោងតាមរបាយការណ៍អាមេរិក ត្រឹមឆ្នាំ២០២៤ ពលរដ្ឋរបស់ខ្លួនបានខាតបង់ប្រាក់​ជាង ១០ ពាន់លានដុល្លារ ទៅលើបណ្តាញឆបោកនៅអាស៊ីអាគ្នេយ៍ ។ ការដាក់ទណ្ឌកម្មលើលោក កុក អាន នៅពេលនេះ គឺជាសកម្មភាពបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការដាក់ទណ្ឌកម្មលើលោក​ លី យ៉ុងផាត់ កាលពីខែកញ្ញា ឆ្នាំ២០២៤ និងក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) កាលពីខែតុលា ឆ្នាំ២០២៥ ក្រោមការ​ចោទប្រកាន់ស្រដៀងគ្នាពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងមជ្ឈ​មណ្ឌលឆបោកនៅកម្ពុជា៕

អត្ថបទគួរឱ្យចាប់អារម្មណ៍