អតិថិជនរបស់ ហួយវ័ន ផេ ​ពីរ​នាក់ត្រូវឃាត់ខ្លួន និង​ខ្លះរងរបួស​​ ដោយសារ​​​​ប៉ះទង្គិច​ជាមួយ​ក្រុមសន្តិសុខ​អំឡុងពេលតវ៉ា

ដោយៈ

សុត បាន Avatar

មន្ត្រីស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យ​ដឹងថា សមត្ថកិច្ច​បានឃាត់ខ្លួន​មនុស្ស​ពីរនាក់ ទៅសួរនាំ ក្រោយអតិថិជនដាក់ប្រាក់នៅក្រុមហ៊ុន​​ ហួយវ័ន ផេ បានប្រមូលផ្តុំតវ៉ា និង​ឈាន​ដល់ការ​ប៉ះទង្គិច​ជាមួយ​ក្រុម​សន្តិសុខខណ្ឌ។

នៅព្រឹក​​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ អតិថិនជនដាក់ប្រាក់នៅ​​ក្រុមហ៊ុន ហួយវ័ន ផេ ជាច្រើន​នាក់ ដែល​មានទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន បាននាំគ្នា​ទៅប្រមូល​ផ្តុំ​តវ៉ា​ នៅក្បែរ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​សង្កាត់​គោកឃ្លាំង ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ស្នើ​ដល់​ប្រធានព្រឹទ្ធសភា និង​នាយករដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​ដើម្បីឱ្យ​ពួកគេ​បានសាច់ប្រាក់ត្រឡប់មកវិញ ក្រោយ​ធនាគារជាតិនៃកម្ពុជា ប្រកាស​ពីការ​មិន​អាចជួយ​ដោះស្រាយ​បាន និង​ស្នើឱ្យ​ពួកគេ​ស្វែងរក​ដំណោះស្រាយតាមយន្តការ​តុលាការ។​

បើតាមការបង្ហោះវីដេអូផ្សាយ​ផ្ទាល់​របស់គេហទំព័រសារព័ត៌មានអនឡាញ​ BMK Hot News អំឡុង​ពេល​​អតិថិនជនដាក់ប្រាក់នៅ​​ក្រុមហ៊ុន ហួយវ័ន ផេ ប្រមូលផ្តុំតវ៉ានោះ ក៏មានការ​ប៉ះទង្គិច​គ្នា​ដោយហិង្សា បណ្តាល​ឱ្យ​មានអ្នករង​របួសផងដែរ។

អ្នកនាំពាក្យស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា មាន​ប្រសាសន៍​ប្រាប់ Press Start Cambodia ថា ការ​ប្រមូលផ្តុំ​នោះ​ ពិតជាការ​រុញច្រានគ្នា​​ទៅ​វិញ​ទៅ​មក រវាង​មន្រ្តីសន្តិ​សុខខណ្ឌ​ និង​ក្រុម​អតិថិជន​ដែលដាក់ប្រាក់នៅក្រុមហ៊ុន​ ហួយវ័ន​ ផេ ពិតមែន ប៉ុន្តែ​លោក​ពុំបានបញ្ជាក់ពីចំនួន​អ្នករងរបួស​ក្នុង​ហេតុការណ៍នោះទេ។ លោក​បន្តថា សមត្ថកិច្ច​ក៏បាន​ឃាត់​ខ្លួន​មនុស្ស​ ២នាក់ ដើម្បីសួរនាំផងដែរ។

លោកថា៖ «អូ! រឿងព្រឹកមិញនេះ​មែន បាទ! មាន​អំពើ​ហិង្សា​តិច​តួច​មែន ដោយ​សារ​ពួក​គាត់​ អតិថិជន​ ហួយវ័ន ផេ ហ្នឹង​ចង់​បិទ​ផ្លូវ​សាធារណៈ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់ គឺ​បង្ក​ការ​រំខាន​ដល់​អ្នក​ដំណើរផ្សេ​ង​ទៀត ទើប​មន្រ្តី​សន្តិ​សុខ គាត់​រុញ​ច្រាន​គ្នា កើត​ហិង្សា​តិច​តួច​ទេ ​ឥឡូវ​លែង​អី​ហើយ[…] យើងគ្រាន់តែ​សួរនាំគាត់​ឱ្យបំភ្លឺទេ​ណា ចំនួន​ ២នាក់»។

អតិថិជនរងគ្រោះដែលដាក់ប្រាក់នៅក្រុមហ៊ុន ហួយវ័ន ផេ លោក សួន សុវណ្ណថៃ បានឱ្យ​ដឹង​នៅមុន​ពេល​ប៉ះទង្គិចជាមួយក្រុមសន្តិសុខ​​ថា ការ​ដែលពួកគាត់នាំគ្នាទៅប្រមូលផ្តុំ​នៅ​ធនាគារ​ជាតិ​នៃកម្ពុជា នៅថ្ងៃចន្ទនេះ គឺមានបំណងទៅសុំកិច្ចអន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល និងប្រធាន​​ព្រឹទ្ធ​សភា ព្រោះតែចង់ទាមទារសាច់ប្រាក់​ដែលបានដាក់នៅក្រុមហ៊ុន ហួយវ័ន ផេ ត្រឡប់មកវិញ ដើម្បីដោះស្រាយ​បញ្ហាជីវភាព។

លោកថា៖ «យើងខ្ញុំនៅតែបន្តទាមទាររកដំណោះស្រាយពីថ្នាក់ដឹកនាំ ដើម្បីឱ្យធនាគារជាតិជួយ​ដល់​ពួក​ខ្ញុំ ព្រោះ​ពួក​ខ្ញុំ​ចាញ់​បោក​ក្រុម​ហ៊ុន​មួយ​នេះ​ច្រើន​ណាស់​។ ណាមួយ​ខាង​ធនាគារ​អត់​ប្រាប់​យើង​មុនទេ​​រឿ​ង​បិទ ដក​អាជ្ញា​បណ្ណក្រុម​ហ៊ុន​នេះ ទើប​ខ្ញុំ​ដាក់​លិខិត​តវ៉ា​ឱ្យ​ធនាគារ​ចេញ​មុខ​ដោះ​ស្រាយ​​ និង​បំភ្លឺ​រឿង​នេះ​ឱ្យ​ច្បាស់»។

Press Start Cambodia មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះពី អគ្គទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានទេ​នៅថ្ងៃចន្ទនេះ។

យ៉ាងណា កាលពីថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៦ ធនាគារជាតិនៃកម្ពុជា បាន​ចេញសេចក្តីជូនដំណឹង​មួយ​ ​ដោយបញ្ជាក់​ថា អតីត​គ្រឹះស្ថានផ្តល់​សេវា​ទូទាត់​សងប្រាក់ ហួយវ័ន ផេ ម.ក ត្រូវ​បាន​បញ្ចប់​ការ​​ជម្រះ​​បញ្ជី និង​​​ដោះ​ស្រាយ​​ជូន​​ម្ចាស់បំណុលរួច​រាល់ហើយ ហើយ​គ្រឹះស្ថា​ន​នេះ​​ក៏​ត្រូវ​​បា​ន​លុប​​ឈ្មោះ​ចេញ​ពីបញ្ជី​ពាណិជ្ជ​កម្ម​ តាមរយៈលិខិត​ចុះ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៥ របស់​ក្រសួង​ពាណិជ្ជកម្មផងដែរ ដូច្នេះរាល់ការ​អះអាង​ថា​ជា​ម្ចាស់បំណុល​របស់​អតីត​គ្រឹះស្ថានផ្តល់សេវា​ទូទាត់​សងប្រាក់​ ហួយវ័ន ផេ ក្រោយ​​ពេល​ដែល​ត្រូវ​បាន​ដក​អាជ្ញា​បណ្ណ​ និងរំលាយ មិន​​ស្ថិត​ក្រោមសមត្ថកិច្ច​របស់​ធនាគារ​ជាតិ​នៃកម្ពុជាឡើយ។

ធនាគារ​ជាតិ បានគូសបញ្ជាក់ទៀត​​ថា ​បុគ្គល​ដែល​អះអាង​នៅមានសិទ្ធិ​ស្រប​ច្បាប់ អាច​​ស្វែង​រកដំណោះស្រាយ​ តាមយន្តការតុលាការ និង​ច្បាប់ជាធរមាន។

សម្រាប់​ ម្ចាស់បំណុលក្រុមហ៊ុន អេច ផេ ធនាគារជាតិនៃកម្ពុជា ​​បានស្នើឱ្យចូលរួមសហការជាមួយក្រុមហ៊ុនជម្រះបញ្ជី ដ្បិតថា ធនាគារជាតិបានតែងតាំងក្រុមហ៊ុនជម្រះបញ្ជីមួយ ដើម្បីដោះស្រាយជូនម្ចាស់បំណុលទាំងអស់។ តែរាល់ម្ចាស់បំណុលដែលអះអាងថា ជាជនរងគ្រោះត្រូវផ្តល់ព័ត៌មានពាក់ព័ន្ធក្នុងរយៈពេល៣០ថ្ងៃ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា រាជ​រដ្ឋាភិ​បាល ឬធនាគារជាតិនៃកម្ពុជា គួរ​តែ​ចេញ​មុខ​ជួយ​អន្តរា​គម​ន៍​ដោះ​ស្រាយ​បញ្ហា​នេះ​​ជូនអតិថិជនរងគ្រោះ​ដោយ​សារ​ក្រុមហ៊ុន ហួយវ័ន ផេ ដើម្បី​បង្ហាញពីការ​​​ផ្តល់ទំនុកចិត្តដល់​អ្នក​វិនិយោគ​ដទៃ​ទៀត។

លោកថា៖ «ខ្ញុំគិតថា ធនាគារជាតិ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលគួរតែចេញមុខដោះស្រាយ​បញ្ហានេះ ដើម្បីជាទំនុកចិត្តដល់អតិថិជន និងអ្នកវិនិយោគដទៃទៀត ដែលពួកគេចង់បន្តរកស៊ីនៅកម្ពុជា និងដើម្បីបង្កើនជំនឿទុកចិត្តដល់អតិថិជនផងដែរ»។

ក្រុម​ហ៊ុន​ ហួយវ័ន ផេ ជា​គ្រឹះស្ថាន​ធនាគារ​អនឡាញ និង​ជា​ក្រុម​ហ៊ុន​មួយ​របស់​ហួយវ័នគ្រុប​។ ក្រុម​ហ៊ុន​នេះ ​បាន​ជួប​នូវ​បញ្ហា​ជា​ច្រើន ​ក្រោយ​ពី​ឧកញ៉ា​ម្នាក់​ដែល​ជា​ម្ចាស់ក្រុម​ហ៊ុន​ត្រូវ​បាន​សហរដ្ឋអាមេរិក​​​ចោទ​ថា ​ជាប់ពាក់ព័ន្ធ​នឹង​បទល្មើស​លាងសម្អាត​ប្រាក់​រាប់ពាន់​លាន់​ដុល្លារ ដោយ​មានជាប់ពាក់ព័ន្ធ​នឹង​ប្រាក់​គ្រីបតូ​។​ ក្រុម​ហ៊ុន​វិភាគ​ប្រាក់គ្រីបតូ​​មួយ ​បាន​វាយ​តម្លៃ​លើ​​​ប្រតិបត្តិ​ការ​របស់​ក្រុម​ហ៊ុន ​ហួយវ័ន ​កាល​ពី​ឆ្នាំ​មុន និង​បានចាត់ទុក​ក្រុម​ហ៊ុន​នេះ​ថា​ជា «ទីផ្សារ​ដ៏ធំ​មួយ​ក្នុង​ការ​ប្រព្រឹត្ត​អំពើឆបោក​តាមអនឡាញ»៕

អត្ថបទគួរឱ្យចាប់អារម្មណ៍