ចៅក្រមជំនុំជម្រះនៃតុលាការកំពូលសម្រេចបដិសេធបណ្តឹងសារទុក្ខរបស់មេធាវីលោក កើត សារ៉ាយ ដោយសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ។
សេចក្តីសម្រេចនេះធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា បន្ទាប់ពីតុលាការកំពូលបើកសវនាជំនុំជម្រះ លើបណ្តឹ ងសារទុក្ខរបស់មេធាវីការពារក្តីឱ្យ លោក កើត សារ៉ាយ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដែលប្តឹងទាស់នឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ប្រឆាំងការផ្តន្ទាទោសកូនក្តីរបស់ខ្លួនដាក់ពន្ធនាគារ៤ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿង«ញុះញង់ និងបទមិនរាងចាល»។
លោក គង់ ស្រ៊ីម ដែលជាចៅក្រជំនុំជម្រះ នៃតុលាកការកំពូលបានប្រកាសសាលដីកានៅព្រឹកមិញដោយសម្រេចរក្សាបទចោទរបស់ចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការ។
ចំណែក លោក ឯម ចន្ថា ដែលជាមេធាវីការពារក្តីឱ្យ លោក កើត សារ៉ាយ សំដែងការខកចិត្តចំពោះការដែលចៅក្រមនៃតុលាការកំពូលលបន្តរក្សាបទចោទនេះ ដោយលោកអះអាងថាតុលាការមិនបានពិចារណា និងទទួលយកការថ្លែងរបស់កូនក្ដីលោកទេ។
លោកបន្តថា៖«ខ្ញុំសោកស្តាយដែល តុលាការកំពូលតម្កល់សាលដីកាតុលាការកំពូលបានការទុកចំពោះសំណុំរឿងកូនក្ដីខ្ញុំបាទ លោក កើត សារាយ ។ខ្ញុំសោកស្តាយដែលតុលាការកំពូលគាត់មិនបាន ពិចារណាកាត់ និងទទួលយកការថ្លែងរបស់កូនក្ដី ខ្ញុំបាទ ក៏ដូចជាសហមេធាវី ទាំងពីដែលបានលើកឡើងពីអំណះអំណាង»។
លោក កើត សារ៉ាយ ត្រូវមន្ត្រីនគរបាលក្រុងភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនក្រោមការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ់ដល់សន្តិសុខសង្គម ដែលចេញដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ហើយការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីលោកបានបញ្ចេញមតិទាក់ទងនឹងជម្លោះដីធ្លីដ៏ចម្រូងចម្រាស់មួយកន្លែងនៅខេត្តព្រះវិហារ។
ដោយសារតែសំណុំរឿងនេះហើយ ដែលសកម្មជនការពារសិទ្ធិមនុស្ស លោក កើត សារ៉ាយ ត្រូវចៅក្រមនៃតុលាការក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល។លោកត្រូវតុលាការរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងក្តី«ញុះញង់» និង «ការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម»។
ជុំវិញរឿងនេះ អ្នកគាំទ្រលោក កើត សារ៉ាយ គឺលោក ខាន់ ចាន់ថន ដែលលើកបដានៅខាងមុខតុលាការកំពូលនៅព្រឹកថ្ងៃសុក្រនេះ ឲ្យដឹងថា ការសម្រេចរបស់ចៅក្រម នៃតុលាការកំពូល មានភាពលម្អៀង និងមិនអាចទទួលយកបានឡើយ។លើសពីនេះទៅទៀត សកម្មជនសង្គមរូបនេះ បំពេញការងារដោយផ្អែកតែទៅលើគោលការណ៍ និងនីតិវិធីដូចមានកំណត់នៅក្នុងច្បាប់។
លោកបន្តថា៖«មិនមានភាពយុត្តិធម៏ទេ ព្រោះសកម្មភាពបង កើត សារ៉ាយ គាត់ធ្វើទៅតាមច្បាប់ ហើយគាត់ជួយប្រជាពលរដ្ឋស្លូតត្រង់ ដោយទឹកចិត្តស្នេហាជាតិ អញ្ចឹងខ្ញុំគិតថា ការចោទប្រកាន់របស់តុលាការពុំមានភាពយុត្តិធម៌ទេ » ។
យ៉ាងនេះក្តី លោក យី សុខសាន្ត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមអាដហុក(Adhoc) ដែលបានចូលរួមស្តាប់ប្រកាសសាលដីកានៅព្រឹកថ្ងៃសុក្របង្ហាញាករសោកស្តាយ។មិនតែប៉ុណ្ណោះលោកយល់ឃើញថា សកម្មជនទាំងនេះ តុលាការគួរតែផ្តល់សេរីភាពជូនពួកគេឡើងវិញ។ មួយវិញទៀត កិច្ចការដែលលោក កើត សារ៉ាយ និងអ្នកផ្សេងទៀតធ្វើ គឺមិនផ្ទុយទៅនឹងច្បាប់ណាមួយនោះថែមទៀតផង។
លោកបន្តថា៖«អ្វីដែលយើងខកចិត្ត ក្នុងនាមអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើវិស័យសិទ្ធិមនុស្សគឺសំខាន់ជាងគេគឺ សេរីភាពក្នុងការបញ្ចេញមតិ ហើយតុលាការកំពូលសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងក៏ដូចជាសាលាឧទ្ធរណ៍ ទុកជាបានការដដែលពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ពីបទ ញុះញង់ ហើយ និងការមិនរាងចាល ហើយយើងក៏ស្នើទទូចសុំដែរទៅ រាជរដ្ឋភិបាល ស្នើសុំទៅអង្គព្រះមហាក្សត្រដើម្បីដោះលែងឲ្យពួកអ្នកធ្វើការងារសង្គម »។
តាមពិតទៅ លោក កើត សារ៉ាយ ធ្លាប់ត្រូវចៅក្រម នៃតុលាការក្រុងភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ខែម្តងរួចមកហើយដែរ កាលពីឆ្នាំ២០២១។កាលណោះ តុលាការចោទប្រកាន់ពីបទ «ញុះញង់» ក្រោយពីលោកបានចូលរួមបាតុកម្មដោយសន្តិវិធីប្រឆាំងការឃុំខ្លួនលោក រ៉ុង ឈុន។រីឯរបាយការណ៍ដែលចេញដោយអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ(Licadho)វិញ បង្ហាញថា ការឃុំខ្លួន និងការផ្តន្ទាទោសដាក់ពន្ធនាគារ ប្រឆាំងសកម្មជនសង្គមដ៏សកម្មម្នាក់នេះ ជាការដាក់បន្ទុកក្នុងកម្រិតទោសទ្វេដង៕

