ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយមួយចំនួន សម្រាប់ជួយដល់គ្រួសារយោធិនពលី និងយោធិនរបួស ពិការ នៅក្នុងសមរភូមិការពារទឹកដី ខណៈធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើន បានប្រកាសពីការលុបចោលបំណុលទាំងស្រុងសម្រាប់យោធិនពលី ឬអ្នករួមខ្ចី និងកាត់បន្ថយបំណុលសម្រាប់យោធិនពិការ តបតាមការស្នើរបស់នាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបណ្តាលឱ្យយោធិនមួយចំនួនត្រូវពលី របួស ពិការ ក៏ដូចជាប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្លាយជាជនភៀសសឹក មិនអាចប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។
ករណីនេះ លោកថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីជួយដល់គ្រួសារយោធិនពលី យោធិនរបួស និងពិការ ព្រមទាំងយោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពីការមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូប បានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលីឬធ្លាក់ខ្លួនពិការ។ សម្រាប់យោធិននិងនគរបាលជាតិដែលកំពុងបំពេញប្រតិបត្តិការក្នុងសមរភូមិ គ្រួសារយោធិនពលី យោធិនរបួស ពិការ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក»។
លោកក៏បានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំនូវគោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់កងកម្លាំងប្រដាប់អាវុធ ទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះផងដែរផងដែរ។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ចូលរួមជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ ដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដី ព្រមទាំងគ្រួសារយោធិនពលី រងរបួស ពិការ និងពលរដ្ឋភៀសសឹកផងដែរ។
លោកបានគូសបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលីយោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹក ដោយសារការប្រយុទ្ធគ្នានៅពេលនេះ»។
ចំណែក ធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា បានចេញសេចក្តីណែនាំដល់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ លុបចោលកម្ចី រហូត៨០លានរៀលរបស់អតិថិជន ឬអ្នករួមកម្ចីជាយោធិនពលី និងលុបចោលកម្ចីរហូតដល់ ១០លានរៀល របស់យោធិនពិការ។
ធនាគារជាតិនៃកម្ពុជា ក៏បានណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះដល់អតិថិជនរបស់ខ្លួនដែលជាជនភៀសសឹក ដោយលើកលែងរាល់កម្រៃ និងការផាកពិន័យ ព្រមទាំងលើកលែងការទូទាត់សងការប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃទី៣០ខែកក្កដានេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ និងលើកលែងរាល់កម្រៃ ការផាកពិន័យ ការទូទាត់សងការប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ខែ ដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។
ក្រោយមានការអំពាវនាវរបស់នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា គេសង្កេតឃើញធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន បានប្រកាសពីការលុបបំណុលទាំងស្រុងជូនចំពោះយោធិនពលី ឬអ្នករួចខ្ចី និងយោធិនពិការ និងអ្នករួមខ្ចី ក្នុងនោះក៏មានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន បានលុបចោលបំណុល ៧៥% ទៅ ៨០% ដល់យោធិនរងរបួស ឬអ្នករួមខ្ចីផងដែរ។
ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ មានដូចជា ធនាគារអេស៊ីលីដា ធនាគារជីបម៉ុង ធនាគារវឌ្ឍនៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ធនាគារខេប៊ីប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារវីង ធនាគារកាណាឌីយ៉ា ធនាគារប្រៃសណីយ៍កម្ពុជា និងធនាគារអេចអេច ជាដើម។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានបដិសេធអត្ថាធិប្បាយបន្ថែមជុំវិញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់កងកម្លាំងជួរមុខ ហើយលោកស្រីក៏ពុំទាន់អាចប្រាប់ពីចំនួនយោធិនពលី របួស ពិការ នៅក្នុងសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃនេះបាននៅឡើយដែរ។
លោកស្រីថា៖ «ខ្ញុំអត់ផ្តល់កិច្ចសម្ភាសន៍ ក្រៅពីការផ្តល់ជូនព័ត៌មានតាមផេកផ្លូវការរបស់ក្រសួង ហើយនិងធ្វើ Press Briefing [សន្និសីទសារព័ត៌មានខ្លី] មួយថ្ងៃ៣ដងទេ! សូមអរគុណ”។
អ្នកស្រី ភូ គយ អាយុ៥១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបានភៀសខ្លួនទៅស្នាក់នៅជាមួយសាច់ញាតិក្នុងខេត្តកែប បានសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាល និងធនាគារ ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងជួបការលំបាកក្នុងជីវភាព និងពុំមានលទ្ធភាពរកប្រាក់សងត្រឡប់ទៅធនាគារបាន អំឡុងពេលកម្ពុជារងការឈ្លានពានពីទាហានថៃ។
អ្នកស្រីលើកឡើងថា៖ «បានធូរ ធនាគារជួយចឹង យើងបានធូរច្រើន ព្រោះអីឥឡូវសេដ្ឋកិច្ចកំពុងសង្គ្រាមអញ្ចឹង យើងអត់អាចរកលុយបង់ធនាគារអញ្ចឹងណា! កំពុងរត់គេចខ្លួននោះ មានលុយពីណាបង់ធនាគារ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO) លោក អំ សំអាត យល់ថា គោលនយោបាយរបស់រដ្ឋាភិបាល និងការសម្រេចរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានលុបចោលបំណុលសម្រាប់គ្រួសារយោធិនពលី និងជួយសម្រួលដល់យោធិនរបួស ពិការ និងជនភៀសសឹកជារឿងល្អ ដោយសារតែពួកគាត់បានលះបង់ជីវិត និងកម្លាំងកាយចិត្តក្នុងការការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។
តែយ៉ាងណា លោកជំរុញរដ្ឋាភិបាលគួរមានយន្តការច្បាស់លាស់ ព្រមទាំងតាមដានអំពីការអនុវត្តរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព។
លោកមានប្រសាសន៍ថា៖ «មកទល់ពេលនេះ ឃើញធនាគារនិងមីក្រូហិរញ្ញវត្ថុ ប្រកាសបណ្ដើរៗហើយ តែយ៉ាងណាមួយទៀតការលើកទឹកចិត្តដល់កងទ័ពជួរមុខ អ្នករបួស ជនពិការដែលមិនជំពាក់បំណុល ក៏ត្រូវមានកិច្ចគាំពារសម្រាប់ពួកគាត់ដែរ អាចថាលើកនេះជាបទពិសោធន៍សម្រាប់កម្ពុជា ពិសេសរដ្ឋាភិបាលត្រូវតែមានការគិតគូរទុកជាមុនទៅអនាគត ក៏ដូចជាពលរដ្ឋផ្សេងៗដែលរងផលប៉ះពាល់ក្នុងព្រឹត្តិការណ៍នេះ»។
ការផ្ទុះសព្វាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ បានចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយទាហានថៃបានផ្តើមការបាញ់ចំនួន ៦គ្រាប់មុន នៅតំបន់ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ហើយជម្លោះនេះបានរាលដាលដល់បណ្តាខេត្តផ្សេងទៀត នៅតាមបន្ទាត់ព្រំដែន។ យ៉ាងណា គិតមកដល់រសៀលថ្ងៃទី៣០ ខែកក្កដានេះ មន្ត្រីរដ្ឋាភិបាល នៅមិនទាន់បញ្ជាក់ពីចំនួនតួលេខជនស៊ីវិល និងយោធិនពលី របួស និងពិការ នៅក្នុងសមរភូមិនេះនៅឡើយទេ។
សម្រាប់ជនភៀសសឹកវិញ យោងតាមរបាយការណ៍ដែលផ្តល់ដោយអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា នៅក្នុងសន្នីសិទសារព័ត៌មាននាព្រឹកថ្ងៃពុធនេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ល្ងាចថ្ងៃទី២៩ ខែកក្កដានេះ ប្រជាពលរដ្ឋភៀសសឹកបានកើនឡើងដល់ជាង ១៦ម៉ឺននាក់ (១៦៨ ៩៤៦នាក់) ដែលពួកគាត់មកពីខេត្តចំនួន៥ រួមមាន ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងពោធិ៍សាត់៕

