មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលអះអាងថា រដ្ឋប្រមូលចំណូលបានពីសួយសារអាករ និងអាករនាំចេញប្រមាណ ៤៥០លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពីអាជីវកម្មបូមខ្សាច់។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៥ ខែកក្កដា លោក អ៊ឹង ឌីប៉ូឡា ជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ត្រឹមរយៈ៥ឆ្នាំ រដ្ឋរកបានចំណូលសួយសារ និងអាករនាំចេញជាង ៤៥០លានដុល្លារ ពីអាជីវកម្មខ្សាច់នាំចេញ ហើយបើរាប់ទាំងចំណូលពន្ធដារ រដ្ឋទទួលបានប្រមាណ ៦០០លានដុល្លារ។ លោកបន្តថា វិស័យរ៉ែក៏បានបង្កើតការងារសម្រាប់មនុស្ស ១២០០០នាក់ ក្នុងនោះមានស្ត្រី ៧ភាគរយ។
លោកបន្តថា រដ្ឋយកពន្ធសួយសារ ១ម៉ែត្រគីបគឺ ០.៧ដុល្លារសំរាប់ក្រុមហ៊ុនក្នុងស្រុក យក ២ដុល្លារសំរាប់ក្រុមហ៊ុនបរទេស និង ៤ដុល្លារសំរាប់នាំចេញ មិនរួមបញ្ចូលចំណូលពន្ធដារ។
លោកបញ្ជាក់ទៀតថា ត្រឹមរយៈពេល៦ ខែដំបូង ដើមឆ្នាំ២០២៦នេះ រដ្ឋរកបានចំណូលសួយសារពីវិស័យរ៉ែ បានជាង៩០លានដុល្លារ ខណៈចំណូលពីពន្ធនាំចេញ និងពន្ធដារផ្សេងៗ ប្រហែល១៥០លានដុល្លារបន្ថែមទៀត៕
អត្ថបទដោយ៖ គាំ សោភ័ណ

