លោក​ ហ៊ុន ម៉ាណែត ​ព្រ​មាន​ចាត់​វិធាន​ការ​ណ៍​ច្បាប់តឹងរ៉ឹង​​លើ​អ្នក​លួច​នាំ​ប្រេង​ចូល​ពី​​ថៃ​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត​ បាន​ព្រមានដកអាជ្ញាប័ណ្ណក្រុមហ៊ុនប្រេង និងដក​តំណែងមន្ត្រី ឬកងកម្លាំង​ប្រ​ដាប់​អាវុធរូប​ណា ដែលពាក់ព័ន្ធនឹងបទល្មើសលួច​នាំចូលប្រេងខុស​ច្បាប់​​ពី​ប្រទេសថៃ។

បទបញ្ជារបស់​លោក​ ហ៊ុន​ ម៉ាណែត ធ្វើ​ឡើង​ បន្ទាប់ពីមានបណ្ដាញសារព័ត៌មានថៃចុះផ្សាយថា មានករណីលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលមកលក់នៅ​កម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារនៅលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោកនៅព្រឹក​​ថ្ងៃសុក្រ​នេះ ​ ដោយ​បញ្ជាឱ្យលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស ថេត អគ្គស្នងការនគរ​បាល​ជាតិ និង លោក គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណី​លួច​នាំ​ប្រេងចូលពីប្រទេសថៃ ឱ្យបានច្បាស់លាស់។

លោក​បន្តថា ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត​ ដោយ​លោក​សង្កត់​ធ្ងន់​​ថា ប្រសិនបើ​រកឃើញ​មាន​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ហ៊ុន​ប្រេង​ ត្រូវ​ដកអាជ្ញាប័ណ្ណ ពាក់​ព័ន្ធជាមួយមន្ត្រីរាជការ​ ឬកងកម្លាំង​ប្រដាប់អាវុធ​កម្ពុជា​ត្រូវ​បញ្ចប់តួនាទី និង​បណ្តេញចេញ​ពីក្របខណ្ឌជាកំហិត មិន​ថា បុគ្គល​នោះ​មាន​តួនាទី ​ឬឋានន្តរស័ក្តិ​ប៉ុណ្ណានោះ​ទេ។​

គួររំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុ​នា​ ឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមាន​ប្រ​ភព​ប្រេងពីប្រទេសផ្សេងៗ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍