លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងយុត្តិធម៌ មហាផ្ទៃ និងការពារជាតិពិនិត្យមើលលទ្ធភាពប្រើប្រាស់ការអប់រំក្មេងទំនើង ដោយផ្សារភ្ជាប់នឹងការបម្រើឱ្យសមរភូមិមុខ ជាជាងបញ្ជូនទៅពន្ធនាគារ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សេដ្ឋកិច្ចក្រៅប្រ ព័ន្ធ និងសមាគមបុគ្គលិកសិក្សា កាលពីព្រឹកថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីបានស្នើចំៗទៅលោក កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទឱ្យសិក្សាផ្លូវច្បាប់ ដើម្បីប្រើប្រាស់ក្មេងទំនើងជួយដល់ការងារវិស្វកម្មរបស់កងទ័ព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិចាប់ពី៣ ខែឬ៦ខែ ទៅតាមស្ថានទម្ងន់ទោស។
លោកមានប្រសាសន៍ថា៖ “ឥឡូវ យើងចាប់ដាក់គុកអស់តែបាយ។ ចេញមកខ្លះកែ ខ្លះមិនកែ។ មិនចាំបាច់ទៅដល់រុញចូលគុកទេ ឱ្យគិតគូរពីការប្រើប្រាស់ការអប់រំកម្រិតណា ដើម្បីផ្សារភ្ជាប់បម្រើឱ្យសមរភូមិមុខ”។
លោកបន្តថា៖ “មិនបាច់យកទៅកាន់កាំភ្លើងបាញ់ទេ។ យកទៅធ្វើតែចាក់ពុម្ពលេណដ្ឋាន…ដើម្បីទៅជួយដល់កងវិស្វកម្មទៅ”។
លោក ហ៊ុន ម៉ាណែត ក៏មានប្រសាសន៍ផងដែរថា ស្របពេលដែលកងទ័ពជួរមុខមួយចំនួនកំពុងការពារទឹកដីប្រឈមនឹងការលំបាក និងគ្រោះថ្នាក់គ្រប់ពេលនៅតាមព្រំដែន បែរជាក្មេងទំនើងទាំងនេះ បង្កភាពវឹកវរក្នុងសង្គមទៅវិញ។
លោកមានប្រសាសន៍ថា៖ “យុវជនដូចគ្នា កំពុងឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ដោយសារខាងមុខ។ នៅពេលពួកយើងមានឱកាស មានសេរីភាពមកដើររញ៉េរញ៉ៃកាប់ចាក់បំផ្លាញប្រទេស”។
នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យគិតគូររកកន្លែងណាមួយ ដើម្បីដាក់ក្មេងទំនើងទាំងនោះ ក្រោមការគ្រប់គ្រងពិសេសរបស់នគរបាល រួមទាំងការប្រើប្រាស់អាគារស្គេមជាបណ្តោះអាសន្នផងដែរ បើចាំបាច់ និងបានព្រមានដាក់ទណ្ឌកម្មជាអតិបរមាចំពោះក្មេងទំនើងដែលតដៃនិងបង្ករបួសស្នាមមកលើសមត្ថកិច្ចផងដែរ។
យោងតាមសេចក្តីរាយការណ៍របស់កាសែតខ្មែរថាមស៍កាលពីថ្ងៃច័ន្ទដែលបានដកស្រង់ពីរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅឆ្នាំ២០២៥ អាជ្ញាធរបានបង្ក្រាបករណីពាក់ព័ន្ធក្រុមក្មេងទំនើងចំនួន ៩៩១ករណី ដែលចំនួននេះ ថយចុះ ៣៨ភាគរយធៀបនឹងឆ្នាំ២០២៤ ហើយក្នុងនោះ ក្មេងទំនើងសរុបចំនួន ៣.៦០៧នាក់ ត្រូវបានចាប់ខ្លួន ២.៣៥៥នាក់ទៀតត្រូវបានបញ្ជូនទៅតុលាការ និងក្មេងទំនើង ១.២៣៨នាក់ ត្រូវបានអប់រំ។
ដោយឡែកគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នគរបាលជាតិបានបង្ក្រាបក្មេងទំនើង១៦ករណី និងឃាត់ខ្លួនជនសង្ស័យ៨៤នាក់បញ្ជូនទៅតុលាការ៕

