លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តែងការសោកស្តាយចំពោះផលប៉ះពាល់លើសម្បត្តិបេតិកភណ្ឌកម្ពុជា រួមទាំងប្រាសាទព្រះវិហារ និងហៅការខូចខាតនេះថា ជាការបាត់បង់ដ៏ធំធេងសម្រាប់មនុស្សជាតិទាំងមូល។
ក្នុងសារលិខិតចុះថ្ងៃទី៣ ខែកក្កដា ផ្ញើជូនជនរួមជាតិក្នុងឱកាស “ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងការសោកស្តាយចំពោះផលប៉ះពាល់ និងការខូចខាត ដែលកើតមានចំពោះសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួន រួមទាំងប្រាសាទព្រះវិហារផង ដែលរងការខូចខាតធ្ងន់ធ្ងររហូតដល់៥៦២កន្លែង ដោយសារការប្រឈមផ្នែកប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បើទោះបីជាកម្ពុជាបានខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីក៏ដោយ។
សារលិខិតរបស់លោកសរសេរថា៖ “នេះជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល ”។
សារលិខិតដដែលនេះ បញ្ជាក់ទៀតថា ចំពោះមុខការខូចខាតទាំងនេះ រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ទាន់មួយចំនួនរួមទាំងការពង្រឹងការងារជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីវាយតម្លៃការខូចខាត ស្របពេលកំពុងអនុវត្តសកម្មភាពបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងសំណល់គ្រាប់បែកចង្កោម។
សារលិខិតលើកឡើងថា៖ “រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ទៅជានិមិត្តរូបបន្ថែម នៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ ”។
ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ប្រាសាទព្រះវិហារ ត្រូវបានសាងសង់ឡើងនៅចន្លោះសតវត្សទី៩ និងទី១២ ហើយលាតសន្ធឹងប្រវែង ៨០០ម៉ែត្រ តាមអ័ក្សពីត្បូងទៅជើង និងមានគោបុរៈចំនួនប្រាំ។ ប្រាសាទនេះឧទ្ទិសថ្វាយដល់ព្រះសិវៈ។
គួររំលឹកថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃបានកើតមាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។ ប្រទេសទាំងពីរបានសម្រេចបទឈប់បាញ់ជាថ្មីកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)៕
អត្ថបទដោយ៖ ឈួន ឡាំងស៊ីន

