ដោយៈ

Press Start Cambodia Avatar

បទយកការណ៍៖ គ្រូទាយនៅមាត់ទន្លេត្អូញត្អែរពីផលលំបាកនៃការរកចំណូលពីការទស្សន៍ទាយ

ម៉ោង៩ព្រឹកទៅហើយពន្លឺព្រះអាទិត្យចាប់រំកិលខ្លួនឡើងខ្ពស់បន្តិចជះពន្លឺចាំងផ្លេកៗលើផ្ទៃទឹកប្របនឹ​ង​ទន្លេបួនមុខ។រីឯនៅលើដងវិថីខាងមុខព្រះបរមរាជវាំងវិញ សំឡេងឡានម៉ូតូ បានបន្លឺសូរដ៏រន្ថើនមិនដាច់ពីគ្នាហាក់ជាសញ្ញាប្រាប់ថាពួកគេប្រញាប់ដើម្បីឲ្យឆាប់បានទៅដល់គោលដៅតែរៀងៗខ្លួន។ខ្យ​ល់​ជំ​នោរបក់មកពីម្ខាងនៃទន្លេ នាំមកនូវបរិយាកាសស្រស់ស្រាយ និងត្រជាក់ស្រេបពេ​លខ្យល់ប​​ក់ប៉ះ​ស្បែ​​កម្តងៗ ដែលបង្កើតបានទីនេះឲ្យទៅជាទិដ្ឋភាពមួយដ៏សែនមនោរម្យ។នៅជ្រុងម្ខាងស្តាំ​​ដៃ នៃព្រះ​បរមរាជវាំងឯណោះវិញ ផ្សែងធុបបានត្របាញ់ខ្មួលខ្មាញ់ទៅលើអាកាស និងរេទៅតាមអំណាច នៃ​​វា​យោដែ​ល​កំពុងតែបក់បោកមិនឈប់។តាមពិតទៅទីនេះហើយ ដែលគេស្គាល់ថា ជាកន្លែង​គ្រូទា​ញ​ចម្រុះ​វ័យ ស្ថិ​ត​នៅជ្រុងម្ខាងនៃព្រះបរមរាជវាំង។

ស្ថិតក្នុងសម្លៀកបំពាក់ឈុតដៃវែង ប្រកបដោយផ្កាចម្រុះពណ៌ និងមុននឹងផ្លាស់មករស់នៅម្តុំគីឡូម៉ែត្រលេ​ខ៦ ក្នុងខណ្ឌឬស្ស៊ីកែវនេះ អ្នកស្រី ថា រ័ត្ន និយាយថាខ្លួនក៏ធ្លាប់បម្រើការងារនៅក្នុងរោងចក្រកាត់ដេរដែរពីមុនមក។សក់ប្រែពណ៌ល្បាយអាចម៌ខ្លាដោយអន្លើ និងចងបួងទៅក្រោយយ៉ាងមានរបៀបរៀ​បរយ មានដើមកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ថា រ័ត្ន បន្តថាមុខរបរជាគ្រូទាញនេះ អ្នកស្រីមិនធ្លាប់បានរៀនសូត្រពីអ្នកណានោះទេ។ប៉ុន្តែអ្វីៗដែលអ្នកស្រីចេះដឹងនេះគឺកើតឡើងពី«ញា​ណ​»សុ​ទ្ធ​សាធ និ​ង​និស្ស័យផ្លូវចិត្តផ្ទាល់ខ្លួនរបស់អ្នកស្រី។ស្ថិតក្នុងអាជីពជាគ្រូទាញក្នុងរយៈពេល១០ឆ្នាំមកនេះ អ្នកស្រីលើកឡើងថា ការងារមួយនេះមើលទៅហាក់ងាយរកចំណូលបន្តិចក៏ពិតមែន ជាក់ស្តែងកា​រងារនេះ មិនបានជួយឲ្យជីវភាពរបស់អ្នកស្រីបានធូរធាប៉ុន្មាននោះទេ។ដោយសារហេតុថាចំណូលពីអាជីពទស្សន៍ទាយនេះ អ្នកស្រីមិនដែលកំណត់តម្លៃថ្លៃសេវា ឬបង្ខំឱ្យ​ភ្ញៀវបង់ប្រាក់ឡើយ គឺអាស្រ័យលើទឹកចិត្ត និងសទ្ធារបស់ភ្ញៀវ។

ប្រភពបន្តថា«អត់មានចេះពីណាផង! គ្រាន់តែថាកាលមានផ្ទៃពោះហ្នឹង ដល់ពេលហើយអ៊ុំចេះតែស្តាប់ធម៌…ដល់ហើយទៅដូចចេះមើលទៅ ដូចគេនាំមាត់យើងនិយាយ ឬក៏យើងអីអញ្ចឹងតែម្តង តែរៀនពីណាមកគឺអត់មានទេ។ភាគច្រើន ភ្ញៀវតាមគេឱ្យ… ខ្លះគេឱ្យ៥០ ០០០, ៤០ ០០០, ៣០ ០០០, ២០ ០០០  អញ្ចឹងទៅ តែអ៊ុំអត់មានកំណត់ថាត្រូវដាក់ប៉ុន្មានៗទេ! តាមឱ្យនិយាយប្រាប់ តាមសទ្ធា គេជូន…»។

ដោយមានស្បែកជ្រីវជ្រួញដោយឥទ្ធិពល នៃអាកាសធាតុ និងស្រអាប់បន្តិច ថា រ័ត្ន និយាយថាសព្វថ្ងៃនេះ អ្នកស្រីត្រូវមានអំរែករាប់រងគ្រួសារសឹងទាំង​ស្រុ​ង​ រួមទាំងមើលថែកូនៗទាំង៣នាក់នៅក្នុងបន្ទុក បើ​ទោះជាពេលនេះ ពួកគេធំៗ និងមានការងារធ្វើខ្លះហើយក្តី ក៏នៅតែត្រូវពឹងផ្អែកលើរូបអ្នកស្រីដដែលទេ។ ព្រោះហេតុដូច្នោះហើយ ទើបធ្វើឲ្យជីវភាពរបស់អ្នកស្រី នៅតែដុនដាប់ និងរកព្រឹកខ្វះល្ងាចដដែល។ប៉ុន្តែ អ្នកដែលឆ្លងកាត់ការទស្សន៍ទា​យ​របស់អ្នកស្រី តែងកោតសរសើគ្រប់ៗគ្នាថា មានភាពត្រឹមត្រូវ និងអាចជឿទុកចិត្តបានដល់ទៅ៨០ភា​គ​រយ។

ថ្វីបើការទស្សន៍ទាយរបស់អ្នកស្រី គេថាហាក់ដូចជាឆុត ប៉ុន្តែចំនួនភ្ញៀវដែលមករកសេវា មិនសូវជាទៀ​ង​ទាត់ ឬថ្ងៃខ្លះបាន៣នាក់អីជាដើម។ហេតុនេះហើយ ទើបធ្វើឲ្យចំណូលដែលបានពីរបរទស្សន៍ទាយនេះ មិនថិតថេរ ឬគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃបានខ្លះៗ។ថ្ងៃដែលដែលអ្នកស្រីអាចចាត់ទុកថា សំបូរភ្ញៀ​វមានតែចុងសប្តាហ៍។

អ្នកស្រីបន្តថា៖ «អូយ! មានតែគ្រប់អីទេ តែយើងចេះតែកែសម្រួល ចងការលុយគេខ្លះទៅ… ឥឡូវច​ង​កា​រគេ ១ ០០០ ០០០ រៀលអីនេះ តែក៏គ្រាន់ហូប  អត់បានទុកទេ»។

យ៉ាងណា អ្នកស្រី ថា រ័ត្ន អះអាងថា អ្វីដែលធ្វើឲ្យខ្លួនខុសប្លែកពីគ្រូទាយដទៃ គឺត្រង់រក្សាគោលការណ៍ស្មោះត្រង់។ហើយការទស្សន៍ទាយនោះទៀតសោតមិនតម្រូវឱ្យភ្ញៀវធ្វើពិធីកាត់គ្រោះ កាត់ឆុង ឬកោទឹ​ក​យកប្រាក់ថ្លៃៗឡើយ។

នៅពេលគេធ្វើដំណើរឆ្លងកាត់ ទីតាំងគ្រូទស្សន៍ទាយ ដែលស្ថិតនៅប្របនឹងមាត់ទន្លេ មិនថាទីណា ឬទីណាទេ មានរបៀបរៀបចំសឹងដូចៗគ្នា។ផ្សែងធូបចាប់ផ្តើមបញ្ចេញផ្សែងហុយទ្រលោមទៅលើអាកាស​។ក្លិនធូបប្រហើរស្រាលៗដែលភាយចេញពីជើងធូប និងចានជើងពាន។តុទាបៗត្រូវគេតម្រៀបជាជួរ​ៗ និងកៅអីប្លាស្ទិកតូចៗត្រូវរៀបចំយ៉ាងមានរបៀបរៀបរយនៅលើខឿនថ្ម។គេសង្កេតឃើញគ្រូទាយនៅ​ទីនេះមានបុគ្គលិកលក្ខណៈប្លែកៗពីគ្នា អ្នកខ្លះមានទឹកមុខស្ងប់ស្ងាត់ រីឯអ្នកខ្លះទៀតមានឫកពារក្រ​មិចក្រមើម ប្រើសម្ដីផ្អែមលែ្ហម និងពោរពេញដោយកាយវិការរស់រវើកដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវ។

ហាក់នៅមិនឆ្ងាយពីគ្នាប៉ុន្មាន ពោលប្រហែល២០ម៉ែត្រពីកន្លែងទស្សន៍ទាយរបស់អ្នកស្រី ថា រត្ន័ ។ស្រ្តីម្នាក់ទៀត ដែលសកប្រែពណ៌ទងដែង រួចចងបួងទៅក្រោយយ៉ាងមានរបៀបរាបរយ និងកំពុងអង្គុយពែ​ន​ភ្នែនក្នុងសភាពស្ងប់ស្ងាត់ នៅលើខឿនថ្មម៉ាប តាមបណ្តោយផ្លូវថ្មើរជើងប្រប់នឹងមាត់ទន្លេ ដែលមានស្លាក់ឈ្មោះដាក់នៅនឹងមុខតុទស្សន៍ទាយថា«យាយម៉ៅ ភ្នំគូលែន»។ជុំវិញរង្វង់ភ្នែក និងថ្ពាល់មានស្នា​ម​ផ្នត់ៗ ដែលបង្ហាញពីស្បែកជ្រីវជ្រួញដោយអន្លើ មានដើមកំណើតនៅស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ស្រ្តី​រូបនេះ រៀបរាបថា របរជាគ្រូទាយនេះ អ្នកស្រីចាប់ផ្តើមតាំងពីក្រោយរបប ប៉ុល ពត ដួលរលំមកម៉្លេះ​។​មុននឹងក្លាយជាគ្រូទាយ អ្នកស្រីធ្លាប់ឆ្លងកាត់ការសិក្សា និងស្វែងយល់ជាច្រើនឆ្នាំណាស់មកហើយ រួ​ម​ទាំងជាមួយនឹងគ្រូផ្លូវក្នុង មានដូចជាលោកតា សក់សភ្នំគូលែន និងនៅតាមភ្នំប្រសិដ្ឋៗ ជាច្រើនកន្លែ​ង​ទៀត នៅក្នុងប្រទេសកម្ពុជា។

ប្រភពបន្តថា«ខ្ញុំមានធូប និងព្រះជាសាក្សី…ខ្ញុំនិយាយត្រង់ៗ អត់ចេះភូតភរទេ! មនុស្សយើងក្នុងដប់អា​ចមានខុសមួយពីរ ព្រោះមានតែព្រះពុទ្ធទេដែលថាឱ្យត្រូវទាំងអស់ ប៉ុន្តែអ្នកមកទា​យភា​គច្រើន គេតែងតែថា ក្រោយមកទៀតថា ត្រូវណាស់»។

ម្យ៉ាងវិញទៀត ការចាប់យកអាជីពជាគ្រូទាយនេះ គឺកើតចេញពីការយល់សប្ដិ និងការចាត់តាំងពី “អ្នកសច្ចំបង់បត់ទាំងនោះ” ដើម្បីឱ្យគាត់មកជួយរំលែកទុក្ខសត្វលោក។ កាលនៅពីក្មេង ខ្លួនហាក់មានភាពអៀនខ្មាស និងរត់គេចជាច្រើនដង ប៉ុន្តែដោយសារមិនអាចបំពានលើគ្រូ និងដើម្បីរំដោះកម្មពៀរ ហេតុនេះក៏បានបន្តធ្វើជាគ្រូទាយរហូតមកដល់សព្វថ្ងៃនេះ។

គេសង្កេតឃើញថា អ្នកដែលមករកសេវាទស្សន៍ទាយនេះ មានគ្រប់វ័យទាំងក្មេ​ង និងចាស់ ជាពិសេសថែមទាំងមានប្រ​ពន្ធរបស់មន្រ្តីដែលមានបុណ្យស័ក្តិស្តុកស្តម្ភជាដើម។ហើយកម្មវត្ថុដែលពួកគេ មករក​កា​​រទស្សន៍ទាយ ភា​គ​​ច្រើនផ្តោតលើដៃគូស្នេហា ខ្សែជីវិត ការងារ និងអាជីវកម្ម។

បុរសម្នាក់ដែលអះអាងត្រឹមតែថាឈ្មោះ ប្រុសលី ប្រឹងស្កាត់តែពីច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ខេ​ត្ត​បាត់ដំបង មកដល់រាជធានីភ្នំពេញ ព្រោះតែដើម្បីបានការប្រឹក្សាយោបល់តាមការទស្សន៍ទាយ។ កំពុ​ង​អង្គុយស្មិ​ងស្មាធិ៍ដោយយកចិត្តទុកស្តាប់ ការទស្សន៍ទា​ញ ពីខ្សែជីវិតរបស់ខ្លួន ប្រុសលី និយាយថានេះពុំមែនជាលើកទី១ទេ ស​ម្រា​ប់រូបគេ ដែលតែងពឹងលើការគោសវាស ពីជោ​គ​ជីតារាសីរបស់ខ្លួន ដោ​យ​គ្រូទាយបែបនេះ។ពីមុនក្នុ​ង​ពេលរូបគេជួបវិបត្តិគ្មានការងារធ្វើ ហើយក៏រកការងារបានធ្វើ ចំពេលវេ​លា​ដូចអ្វីដែលគ្រូទាញបានប្រា​ប់​ពិតប្រាកដមែន។ហេតុនេះ លោកអះអាងថា តាមរយៈការគូសវាសដោ​​យសន្លឹកបៀរនេះ ឈ​រ​លើការពិតជិតនឹង១០០ភាគរយទៅហើយ។

លោកបន្តថា«ពេលខ្លះតែចំណុចដែលយើងគិតថាវាដូចមែន។ខ្លះនិយាយទៅខុសទៅយើងដឹងតែយើងអត់មាត់។ គាត់ទាយមក គាត់មិនមែននិយាយត្រូវទាំងអស់ទេ គឺថាបាន ៧០% ឬ ៥០% អញ្ចឹង យើងយកសំយោគអីដែលល្អៗយកមកគិត»។

រឿងរ៉ាវរបស់បងប្រុសលី បានឆ្លុះបញ្ចាំងឱ្យឃើញថា សម្រាប់មនុស្សជាច្រើនដែលកំពុងជួបប្រទះវិបត្តិក្នុងជីវិត តុទាយក្បែរមាត់ទន្លេមិនត្រឹមតែជាកន្លែងទស្សន៍ទាយជោគវាសនានោះទេ ប៉ុន្តែគឺជា «កន្លែងប្រឹក្សាផ្លូវចិត្ត» ដ៏សំខាន់មួយដែលជួយសម្រាលទុក្ខ បំភ្លឺផ្លូវ និងផ្ដល់កម្លាំងចិត្តឱ្យពួកគេបន្តដំណើរទៅមុខទៀតដោយភាពជឿជាក់។

គេហទំព័រ Observatoire de Paris ឲ្យដឹងថា ហោរាសាស្ត្រ​នេះ មាន​ប្រភព​ដើម​ដំបូង​បង្អស់​ពី​តំបន់​មេសូប៉ូតាមីន (Mesopotamia) និង​ក្រុង​បាប៊ីឡូន (Babylon) ក្នុង​សម័យ​បុរាណ​ជាង ២០០០ ឆ្នាំ​មុន​នៃគ.ស។ផ្ទុយពីនេះទៅវិញ តាមរយៈការផ្សាយអក្សសាស្រ្តខ្មែរនៅតាមវិទ្យុជាតិ កាលពីសម័យសង្គ​មរា​ស្រ្ត​​និយម សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គធ្លាប់លើកឡើងថា តាមពិតទៅវិជ្ជាហោរាសាស្រ្តនេះ រកថ្ងៃខែឆ្នាំនៃកំណើតថាកើតពីពេលណានោះ គឺមិនប្រាកដនោះឡើយ។ប៉ុ​ន្តែ​មាននិយាយនៅក្នុងពុទ្ធប្រវត្តិ ដែលគម្ពីរខ្លះលើកឡើងដោយសង្ខេបថាប្រហែល១សែនឆ្នាំមុន រីឯគម្ពីខ្លះទៀតថា១ពាន់ឆ្នាំមុន នៃការត្រាស់ដឹងរបស់ព្រះ​ពុទ្ធ គឺមានព្រហ្មដែលស្ថិតនៅឯឋានព្រហ្មលោក បាននិមិត្តខ្លួនមកធ្វើជាហោ ដើម្បីមកបង្រៀនវិជ្ជាសាស្រ្តនេះ។ប៉ុន្តែការបង្រៀននេះ គឺបង្ហាត់បង្ហាញតែត្រង់«បុរិសក្ខណៈ ឬ មហាបុរិសលក្ខណៈ » ដែលជាលក្ខណៈសម្បត្តិ ឬសញ្ញាពិសេសចំនួន ៣២ ប្រការ របស់មហាបុរស ព្រមទាំងអនុព្យញ្ជនៈ ៨០ ប្រការ តាមជំនឿព្រះពុទ្ធសាសនាទេ។ក្រៅពីនេះ ពុំមានទេ។ព្រោះហេតុដូច្នេះហើយ បានជាព្រាហ្មសម័យកាលនោះ ស្ទាត់ជំនាញ ក្នុងការទស្សន៍ទាញដ៏ពិតប្រាកដ។

ទាក់ទិនរឿងនេះ ព្រះតេជព្រះគុណ អ៊ុន ចាន់នឿន គង់នៅវត្តចាក់អង្រែក្រោម រាជធានីភ្នំពេញ ព្រះអង្គមានថេរដីកាថា នៅក្នុងព្រះពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធទ្រង់មិនបានសម្តែងឱ្យសាវ័ក ឬពុទ្ធបរិស័ទជឿ​លើជោគជតារាសីដែលកំណត់ដោយផ្កាយ ឬការទស្សន៍ទាយនោះឡើយ។ផ្ទុយពីនេះទៅវិញ ព្រះពុទ្ធទ្រង់សម្តែងតែអំពី ច្បាប់កម្មផលគឺការធ្វើសកម្មភាពដោយខ្លួនឯង ជាពិសេ​ស នៅក្នុងមង្គលសូត្រ  និងសមណសូត្រ ព្រះអង្គទ្រង់ទូន្មានថា មនុស្សជាម្ចាស់នៃកម្មរបស់ខ្លួន។ ពេលវេលាណាដែលមនុស្សប្រព្រឹត្តល្អដោយ កាយ វាចា និង​ចិត្ត ពេលវេលានោះហើយជា «វេលាល្អ រាសីល្អ និងជាជោគជ័យ» ពិតប្រាកដ ដោយមិនចាំបាច់អាស្រ័យលើការមើលរាសីពីគ្រូទាយណាឡើយ។

ព្រះតេជព្រះគុណមានថេរដីការបន្តថា ទីតាំងមុខព្រះបរមរាជវាំង និងមាត់ទន្លេ ជាបេះដូងនៃវប្បធម៌ និ​ង​ជាមុខមាត់ជាតិ។ការដែលមានអាជីវកម្មមើលរាសីនៅទីនោះ មានជ្រុងពីរដែលនឹងកើតឡើង ដូចជាជ្រុងគាំទ្រ សំដៅលើផ្នែកចិត្តសាស្រ្ត។ក្នុងន័យនេះ វាអាចជាកន្លែងបន្ធូរអារម្មណ៍មួយពេលសម្រាប់អ្នកមានទុក្ខដែលត្រូវការតោងទាមបង្អែកផ្លូវចិត្តជាបណ្ដោះ​​អាសន្ន។

ដោយឡែក ជ្រុងប៉ះពាល់វិញ ប្រ​សិនបើមានការបោកប្រាស់ ជំរិតយកប្រាក់ ឬការបំភិតបំភ័យថាមា​ន​គ្រោះធ្ងន់ធ្ងរដើម្បីទារលុយធ្វើពិធី វានឹងធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម បាត់បង់ស​ណ្ដា​ប់ធ្នាប់សាធារណៈ និងអាចធ្វើឱ្យទេសចរ ឬសា​ធារណ​ជនយល់ច្រឡំថា ពុទ្ធសាសនាខ្មែរផ្អែកលើ​អបិយជំនឿទៅវិញ។ដោយឡែក នៅពេលគ្រូទាយនិយាយថា “រាសីស្រុត” មនុស្សភាគច្រើនកើត ឧបា​ទា​ន (ការប្រ​កាន់ និងការភ័យខ្លាច) ដែលធ្វើឱ្យផ្លូវចិត្តធ្លាក់ចុះ។ តាមផ្លូវព្រះពុទ្ធសាសនា ការដោះស្រាយផ្លូវចិត្ត និងកា​រ “លើករាសី” ដែលត្រឹមត្រូវបំផុត គឺការប្រតិបត្តិ “បុញ្ញកិរិយាវត្ថុ” មានដូចជា ការឲ្យទាន ការរក្សាសី​ល និងការភាវនា សំដៅដល់ការអប់រំចិត្តតាមរយៈការតាំងស្មារតី៕

អត្ថបទដោយ៖ស៊ន មេសា និងគឹម សុខលាភ