បទយកការណ៍​៖ការនិមន្តបិណ្ឌបាតរបស់ព្រះសង្ឃក្នុងពុទ្ធសាសនាគឺជាពុទ្ធកិច្ចដែលត្រូវប្រតិបត្តិ

ដោយៈ

Press Start Cambodia Avatar

នៅលើដងវិថីនៅក្នុងរាជធានីភ្នំពេញ ឡានម៉ូតូ បន្លឺសំឡេងលាន់សូរមិនដាច់មិនថាសៅអាទិត្យ ឬចន្ទអង្គារឡើ​យ​​​។រីឯអ្នកធ្វើការ មិនថារដ្ឋ ឬក្រុមហ៊ុនឯកជនទេ ម្នាក់ៗបានជ្រើសរើសមធ្យោបាយ នៃការធ្វើដំណើររ​ប​​ស់​ពួកគេ ដោយត្រីចក្រយានយន្ត និងទោចក្រយានយន្ត។ហើយខ្លះទៀត បានជ្រើសរើសការធ្វើដំ​ណើរ​​ដោយសេវាកម្មឯកជនក៏មានដែរ។មានភាគតិចណាស់ ដែលពួកគេប្រើប្រាស់មធ្យោបាយ ក្នុងការធ្វើដំ​ណើរ​ដោយថ្មើជើង។ខុសគ្នាស្រឡះពីទិដ្ឋភាពទាំងនេះ ព្រះសង្ឃដែលគេចាត់ទុកថាជាឧត្តមភេទ លោកតែងនិ​ម​ន្តគ្រប់ច្រកល្ហក មិនគិតពីក្តៅរងា ដោយព្រះបាទទាំងគូរបស់លោក។

ព្រះតេជព្រះគុណ វ៉ា វ៉ាន់ថា ដែលជាសមណនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងភ្នំ​ពេញ ព្រះអង្គមានថេរដីកា ឲ្យដឹងថាការនិមន្តបិណ្ឌបាតរបស់ព្រះសង្ឃក្នុងទីក្រុង វានឹងមិនដូចគ្នាទៅតាមសហគមន៍ទេ។ព្រះអង្គបន្តថា របៀបនៃការរៀបចំចង្ហាន់នៅទីក្រុង អាចនឹងមានរបៀបខុសពីនៅតាមជ​នបទ​សហគមន៍ ដោយសារពុទ្ធបរិស័ទមិនសូវមមាញឹកច្រើន ដូចនៅទីក្រុង។ហេតុនេះ ការអាស្រ័យចង្ហាន់រប​ស់​ព្រះសង្ឃ នៅទីប្រជុំជន​ក៏មានរបៀបមិនដូចគ្នាដែរ។មិនតែប៉ុណ្ណោះ ព្រះសង្ឃដែលស្នាក់អាស្រ័យ​នៅទីក្រុង ពេលនិមន្តបិណ្ឌ​បា​ត គឺធ្វើយ៉ាងណាដើម្បីបានទេយ្យទានផ្តោតលើការសិក្សាជាគោល។ម្យ៉ាង នេះក៏ជា​​ពុទ្ធកិច្ចផង ដែលភិក្ខសាមណេរ ជ្រក់ក្រោមទង់ព្រះពុទ្ធសាសនា ត្រូវតែអនុវត្តតាមពុទ្ធានុញ្ញាតនេះ មិនឲ្យ​គន្លងឡើយ។

ប្រភពបន្តថា៖«ការធ្វើចង្ហាន់វាអាស្រ័យទៅលើស្ថានភាពជាក់ស្តែងព្រះសង្ឃដែលរស់នៅទីក្រុងភ្នំពេញមិ​ន​អាចដូចជាព្រះសង្ឃនៅតាមជនបទបានទេ ព្រោះព្រះសង្ឃគ្រប់អង្គនិមន្តមកភ្នំពេញ គោលដៅគឺដើម្បីបន្តការសិក្សា »។

មិនមែនមានតែព្រះថេរព្រះនាម វ៉ា វ៉ាន់ថា ទេដែលយល់ឃើញថា ការបិណ្ឌបាតគឺជាពុទ្ធកិច្ច ដែលព្រះសង្ឃគ្រប់អង្គត្រូវតែបំពេញ។ព្រះតេជគុណព្រះគុណ សរ សុជុំ បន្តថា ក្រៅពីតួនាទីក្នុងនាមជាព្រះសង្ឃ ត្រូវអនុវត្តតាមគោលការណ៍ នៃពុទ្ធឱវាទហើយ កត្តាមួយទៀតគឺព្រះសង្ឃដែលស្នាក់អាស្រ័យនៅតាមវត្តនានា ក្នុ​ង​​ទីក្រុងភាគច្រើនលោកខ្វះមុខខ្វះក្រោយ។អាស្រ័យនេះ មានតែពឹងផ្អែកលើការបិណ្ឌបាតនេះទេ ទើបអា​ច​ទប់​ទល់​នឹងការចំណាយផ្សេងៗបាន ក្នុងនោះរួមទាំងថ្លៃសិក្សាផង។

ប្រភភពបន្តថា៖ «សម្រាប់កូណា និងសមណៈសិស្សដែលនិមន្តមកពីបណ្តាខេត្តនានា ភាគច្រើនគឺលោកតែងតែមានការខ្វះខាតទៅលើបច្ច័យសម្រាប់ការសិក្សា ដូច្នេះហើយនៅពេលដែលលោកនិមន្តមកបន្តការសិក្សានៅភ្នំពេញ គឺមានតែពឹងទៅលើការបិណ្ឌបាតដើម្បីបានបច្ច័យបង់ថ្លៃការសិក្សា និងចំណាយទៅលើតម្រូវការផ្សេងៗទៀត »។

ជាទូទៅគេសង្កេតឃើញ ព្រះសង្ឃនិមិត្តបិណ្ឌបាតសម្រាប់នៅក្នុងទីក្រុងភ្នំពេញ ឬទីប្រជុំជនផ្សេងទៀត លោ​កតែងនិមន្តចាប់ពីម៉ោង៧ ឬលើសនេះឡើងទៅ។ការត្រាចរដូចនេះ រហូតដល់ម៉ោងជិតដល់ចង្ហាន់ថ្ងៃត្រង់ ពោលនៅមុនម៉ោង១២។ក៏ប៉ុន្តែបើតាមសហគមន៍ជនបទវិញ ព្រះសង្ឃនិមន្តបិណ្ឌបាត តែងធ្វើឡើងនៅចន្លោះម៉ោង៨ ឬម៉ោង៩ រហូតដល់ម៉ោងជិតចង្ហាន់ថ្ងៃត្រង់ដែរ។

មានពេលខ្លះ លោកអាចនិមន្តត្រឡប់មកកាន់ទីវត្តអារាមវិញ អាចលឿនជាងនេះ អាស្រ័យទៅតាមទីតាំងជិត ឬឆ្ងាយដែលព្រះសង្ឃលោកនិមនត្ត​ទៅបិណ្ឌបាត។ទាំងព្រះតេជព្រះគុណ វ៉ា វ៉ាន់ថា និងព្រះ​តេជព្រះគុណ សរ សុជុំ យល់ស្របក្នុងសំឡេងតែមួយថា ការនិមន្តបិណ្ឌបាតរបស់ព្រះសង្ឃនេះ មិនមែនគ្រាន់តែជាការស្វែងរកអាហារមួយមុខទេ នេះគឺជាជាកាតព្វកិច្ច និងជា «ពុទ្ធនិយម» ដែលព្រះពុទ្ធគ្រប់ព្រះអង្គទ្រង់បញ្ញត្តិមក ហៅថា «និស្ស័យបួន» របស់អ្នកបួស មានដូចជាការឆាន់ចង្ហាន់បានមកពីការដើរបិណ្ឌបាត ប្រើចីវរប៉ង្សុកូល គង់នៅរុក្ខមូល និងឆាន់ថ្នាំធ្វើពីទឹកមូត្រជាដើម។

គេសង្កេតឃើញមិនថានៅតាមចិញ្ចើមផ្លូវ និងច្រកឌឿងហែម ឬមហាវិថីទេ សម្រាប់ទីក្រុងភ្នំពេញ រាល់ពេ​ល​​ធ្វើដំណើរចេញក្រៅ យូរៗម្តងនៅពេលដែលគេមើលពីចម្ងាយាទៅនឹងឃើញស្បង់ចីវរពណ៌លឿងទុំពីច្រ​ក​មួយទៅច្រកមួយទៀត មិនដាច់។​តាមពិតទៅនោះ គឺជាព្រះសង្ឃដែលលោកតែងនិមន្តបិណ្ឌបាតរាល់ព្រឹក ដែលជាពុទ្ធកិច្ចសម្រាប់កិច្ចប្រតិបត្តិរបស់ភិក្ខុសង្ឃ នៅក្នុងព្រះពុទ្ធសាសនា។

ថ្វីបើការបិណ្ឌបាតនេះ គឺជាពុទ្ធកិច្ច ដែលព្រះសមណគោតម ព្រះអង្គពុទ្ធានុញ្ញាតក្តី។ហើយគ្រប់ព្រះពុទ្ធតែងមានពុទ្ធានុញ្ញាតតាមលំនាំតែមួយយ៉ាងណាក៏ដោយចុះ ដោយឡែកនៅក្នុង​គម្ពី​​រ​វិន័យ​បិដកសម្រាប់​ព្រះ​ពុទ្ធសាសនា ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ពុទ្ធប្បត្តិដែរ ចំពោះភិក្ខុសាមណេរមិនអាចត្រាចចរនិមន្តបិណ្ឌ​បាត ទៅកាន់តំបន់​​អគោចរទាំងនោះបានឡើយ ដូចជា៖​កន្លែង​អាស្រ័យ​នៅ​របស់​ស្ត្រី​ពេស្យា ឬ​ស្ត្រី​ផ្កាមាស ដែល​ចិញ្ចឹមជីវិត​អាស្រ័យ​សម្រស់ ជាទី​ដែល​ភិក្ខុសង្ឃ​អ្នក​បិណ្ឌបាត​មិន​គួរ​និមន្ត​ទៅ​ឡើយ ​ផ្ទះ​ស្ត្រី​មេម៉ាយ ​លំនៅ​ឋាន​ស្ត្រី​ក្រមុំចាស់ កន្លែង​ស្នាក់​អាស្រ័យ​របស់​បណ្ឌក(​ខ្ទើយ​)ក៏​ភិក្ខុសង្ឃ​មិន​គួរ​និមន្ត​ទៅ​ដែរ ព្រោះ​មើលទៅ​មនុស្ស​នោះ​ដូច​តែ​ស្ត្រី​យ៉ាងដូច្នោះ​ដែរ និងកន្លែង​ភិក្ខុនី គឺ​ភិក្ខុ​ស្ត្រី ដែល​សម័យ​ពុទ្ធកាល​មាន តែ​បច្ចុប្បន្ន​មិន​មាន​ទេ។ហើយចុងក្រោយ គឺ​រោង​សុរា ភិក្ខុសង្ឃ​អ្នក​បិណ្ឌបាត​មិន​គួរ​និមន្ត​ទៅ​ឡើយ ។

បើទោះជាតំបន់អគោចរ ​ជា​កន្លែង​ដែល​អ្នកបួស​មិន​គួរ​ទៅ ប៉ុន្តែ​បើសិន​លោក​និមន្ត​បិណ្ឌបាត​នៅ​តាម​ផ្លូវ​កាត់​ទីតាំង​ទាំងនោះ គឺ​មិនជា​បញ្ហា​អី្វ​ទេ ព្រោះ​នេះ​វា​មិនមែន​ជា​អាកា​រៈ​ដែល​ភិក្ខុសង្ឃ​ត្រូវ​មាន​ថេរ​ដីកា ឬ​ក៏​ស្ត្រី​ជា​បរិស័ទ​មាន​ពាក្យ​សម្ដី​អី្វ​មក​សាសង​ឡើយ។

ជាអ្នកលក់បបរនៅចិញ្ចើមផ្លូវម្នាក់ អ្នកស្រី គឹម យ៉ាន ឲ្យដឹងថាបើទោះជាអ្នកស្រីរវល់នឹងអាជីវកម្មបែបណា​​ក៏ដោយ គឺមិនភ្លេចនឹងការបំពេញទានឡើយ។ប្រភពបន្តថា ការបានប្រគេនចង្ហាន់ចំពោះព្រះសង្ឃអំឡុងពេលលោកបិណ្ឌបាតនេះ អ្នកស្រីជឿថាទទួលបានអានិសង្ឃច្រើន ហើយក៏មានមោកភាពណាស់ដែរនឹងការបំពេញបុណ្យនេះ។

ប្រភពបន្តថា៖ «ម៉ោង៧ហ្នឹងម៉ូយមកហូបបបរច្រើនផង អញ្ចឹងរវល់ណាស់ តែឲ្យតែឃើញលោកនិមន្តកាត់ ខ្ញុំត្រូវតែឆ្លៀតដួសបបរដាក់បាតលោកភ្លាម។ ការបានធ្វើទាននៅពេលព្រឹកដ៏មមាញឹកបែបនេះ ធ្វើឱ្យខ្ញុំមា​ន​អារម្មណ៍ថាជ្រះថ្លា និងមានកម្លាំងចិត្តប្រកបរបររកស៊ីពេញមួយថ្ងៃ »។

នៅក្នុងវិនយបិដក ត្រង់មហាវគ្គ បានលើកឡើងពីអានិសង្ឃឲ្យទាន ឬអ្នកដែលបានប្រគេនទេយ្យទានចំ​ពោះ​ភិក្ខុសង្ឃ គឺនឹងទទួលបានអានិសង្ឃ១០យ៉ាង តាមរយៈការផ្តល់នូវកម្លាំង ពណ៌សម្បុរ សេចក្តីសុខ ប្រា​​ជ្ញា និងឲ្យអាយុវែងជាដើម។ហើយចំពោះភិក្ខុសាមណេរ លោកក៏ទទួលបានអានិសង្ឃនេះដូចគ្នាដែរ គឺញ៉ាំ​ងឥរិយាបថទាំង៤ ឱ្យប្រព្រឹត្តទៅដោយរលូន និងមិនមានទោស ជាដើម។

ត្រឡប់មក ព្រះតេជព្រះគុណ វ៉ា វ៉ាន់ថា វិញម្តង។ព្រះអង្គមានថេរដីកាថា ថ្វីបើការបិណ្ឌបាតនេះ គឺជាពុទ្ធកិច្ច ដែលភិក្ខុសាមណេរ នៅក្នុងព្រះពុទ្ធសាសនា ត្រូវតែគោរពប្រតិបត្តិជាកិច្ចវត្តក្តី ក៏សកម្មភាពរបស់ព្រះសង្ឃតាមរយៈការនិមន្តបិណ្ឌបាតនេះ ចៀ​ស​មិនផុតពីការនិន្ទាពីមជ្ឈដ្ឋានខាងក្រៅប៉ុន្មាននោះឡើយ។មា​ន​ពាក្យពេចន៍ក្នុងរូបភាពផ្សេងៗ ដែលតែងចោទប្រកាន់ខុសៗគ្នាថា ការបិណ្ឌបាតនេះ គឺជាការគេចវេសពីភាពខ្ជិលច្រអូសរបស់ភិក្ខុសង្ឃ។ប៉ុន្តែការទិតៀននេះ ក្នុងន័យព្រះពុទ្ធសាសនានឹងនាំឲ្យមានអំពើបាបកើ​ត​ឡើង ចំពោះអ្នកប្រ​ព្រឹ​ត្ត​ដែលត្មិះតិះដៀលភិក្ខុសាមណេរទៅវិញ។

 ប្រភពបន្តថា៖​«ការនិមន្តបិណ្ឌបាតនៅទីក្រុងភ្នំពេញមានការលំបាកកាលៈទេសៈខ្លះញាតិញោមមាសទ្ធា និងខ្លះទៀតមិនមានសទ្ធា។ចំពោះញាតិញោមដែលមិនមានសទ្ធាពួកគាត់តែងតែនិយាយថា ព្រះសង្ឃនិ​មន្ត​បិណ្ឌបាតរាល់ថ្ងៃគឺដើម្បីសន្សំទ្រព្យ ញាតិញោមខ្លះទៀតពួកគាត់មិនប្រកាន់ព្រះសង្ឃឡើយ ដោ​​យពួកគាត់យល់ថាជីវិតរបស់ព្រះសង្ឃរស់នៅសព្វថ្ងៃអាស្រ័យលើការបិណ្ឌបាតដើម្បីបន្តជីវិតក្នុងសា​ស​នានេះ​ »៕

អត្ថបទដោយ ឆេង គឹមលាង និងព្រះតេជព្រះគុណ សុខ សារ៉េត