ធនា​គារ​​ជាតិ​​​​កំ​​ណត់​​៩០​​ថ្ងៃ​​ឱ្យ​​ម្ចាស់​​អា​​ជីវ​​កម្ម​​ដែល​​ចេញ​​គណ​នី​​អ៊ី​​វ៉ា​​ឡេត​​ ជូន​​ដំ​​ណឹង​​ជា​​លាយ​​លក្ខ​ណ៍​​អក្សរ​​

ដោយៈ

Press Start Cambodia Avatar

ធនាគារជាតិ​នៃកម្ពុជាទុក​ពេល​៩០​ថ្ងៃ​ ​ឱ្យ​ម្ចាស់​អាជីវកម្ម​ ដែលបានចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក ឬគណនីអ៊ីវ៉ាឡេត សម្រាប់ប្រើប្រាស់ទូទាត់ផលិតផល ឬសេវា​របស់អាជីវកម្មរបស់​ខ្លួន ដើម្បី​ជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារជាតិ នៃកម្ពុជា គិតចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

តាមរយៈ​សេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នមានអាជីវកម្មមួយចំនួនដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន មជ្ឈមណ្ឌលកម្សាន្ត និងស្ថានីយប្រេងឥន្ធនៈ បានផ្តល់គណនីអ៊ីវ៉ាឡេតតាមកម្មវិធីទូរសព្ទចល័ត​ ឬបណ្ណសមាជិករបស់​អាជីវកម្ម​ ដើម្បីឱ្យអតិថិជនបញ្ចូលប្រាក់ និងប្រើសម្រាប់ទូទាត់ទំនិញ ឬសេវារបស់អាជីវកម្មទាំង​​នោះតែប៉ុណ្ណោះ។

សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ថា យោងតាមប្រកាសស្តីពី “​ការគ្រប់​គ្រង​គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់” ឆ្នាំ២០១៧ ចែង​ថា នីតិបុគ្គលក្រៅពីគ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ មិនអាចចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិកបានឡើយ លើកលែងតែករណីដែលបំពេញតាម​លក្ខខណ្ឌដែលបានកំណត់ និងជូនដំណឹងជាមុនទៅធនាគារជាតិនៃកម្ពុជា​។

ក្នុងករណីដែលស្ថិតក្នុងលក្ខខណ្ឌលើកលែងការស្នើសុំអាជ្ញាបណ្ណ សមតុល្យអតិបរមានៃគណនីនីមួយៗមិនត្រូវលើសពី ២០០.០០០រៀល ខណៈសមតុល្យគណនី​សរុបមិនត្រូវលើសពី ៨០០.០០០.០០០រៀល។ រូបិយវត្ថុអេឡិចត្រូនិកនេះ ក៏ត្រូវប្រើប្រាស់សម្រាប់ទូទាត់លើផលិតផល ឬសេវាដែលផ្តល់ដោយរូប​វន្ត​បុគ្គល​តែមួយ និងត្រូវគោរពតាមលក្ខខណ្ឌផ្សេងទៀតដែលកំណត់ដោយធនា​គារ​​ជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជាណែនាំអតិថិជនឱ្យប្រុងប្រយ័ត្នខ្ពស់​ក្នុងការប្រើប្រាស់គណ​នី​អ៊ីវ៉ាឡេត ព្រោះគណនីនេះ មិនមែនជាគណនីសន្សំប្រាក់ និងមិនផ្តល់ការប្រាក់លើសមតុល្យ​ទឹកប្រាក់​ដែល​រក្សា​ទុក​​ក្នុង​គណនី​អ៊ីវ៉ា​ឡេត​​ឡើយ។ អតិថិជនក៏មិនគួរ​រក្សាសមតុល្យលើសកម្រិតកំណត់ខាងលើ​ផងដែរ។ប្រសិនបើម្ចាស់អា​ជីវកម្ម​មិន​បាន​បំ​ពេញកាតព្វកិច្ចជូនដំណឹងតាមពេលកំណត់ ធនាគារជាតិ នៃកម្ពុជា​នឹង​ចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទដោយ៖ ផាត់ ស័ក្កស៊ីន

អត្ថបទគួរឱ្យចាប់អារម្មណ៍