ធនាគារ​ជាតិ​​ជូន​ដំ​ណឹង​​ដល់​​អតិ​ថិ​ជន​​រៀប​ចំ​ឯក​សារ​ស្នើ​​សុំ​​ដក​​ប្រាក់ បន្ទាប់​ពី​ដាក់​ឱ្យ​​ជម្រះបញ្ជី​​ធនា​គារ​​ចំនួន​​បី​​

ដោយៈ

Press Start Cambodia Avatar

ធនាគារជាតិ នៃកម្ពុជា​​ជូន​ដំណឹង​ដល់​អតិថិជន​​ ដែល​មាន​ប្រាក់​បញ្ញើ​នៅ​ធនាគារ​ចំនួន​បី​ ​​ឱ្យ​​រៀប​​ចំ​ឯកសារ ដើម្បីស្នើ​សុំដក​ប្រាក់​​ បន្ទាប់ពី​សម្រេចដកហូតអាជ្ញាបណ្ណនិងដាក់ឱ្យជម្រះ​បញ្ជី។

តាមសេចក្តីជូនដំណឹងចុះ​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុម​​ហ៊ុនចំនួនពីរជាអ្នកជម្រះបញ្ជីផ្លូវការ ដោយក្នុងនោះ ក្រុមហ៊ុន រិចឆ៍ & ផាតនើរ ទទួលបន្ទុក​ជម្រះបញ្ជីធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក និងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា​) ឯ.ក ជា​អ្នក​ទទួលបន្ទុកជម្រះបញ្ជីធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និងធនាគារ អេច​​អេច (ខេមបូឌា) ម.ក បន្ទាប់ពីសម្រេច​ដក​ហូត​អាជ្ញា​បណ្ណ​ធនាគារ​ទាំងបី​នេះ។​

សេចក្តីជូនដំណឹងដដែលនេះ ក៏​បាន​ណែនាំដល់អតិថិជនដែលមានប្រាក់បញ្ញើ ត្រូវរៀបចំឯក​សារពាក់ព័ន្ធ ដើម្បីស្នើសុំដកប្រាក់បញ្ញើ ដែលនឹងត្រូវទូទាត់ជូនតាមលំដាប់អាទិភាពដែលកំណត់ដោយច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ដោយឡែក ចំពោះអ្នក​ខ្ចីប្រាក់វិញ គឺត្រូវបន្តបំពេញកាតព្វកិច្ចសងប្រាក់តាមកិច្ចសន្យាជាប្រក្រតី។

សេចក្តីជូនដំណឹងបន្ថែមទៀត​ថា ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុតលើការអនុវត្តការជម្រះបញ្ជីនេះ ដើម្បីការពារផលប្រ​យោជន៍របស់អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជនធនាគារផងដែរ។​

គួរបញ្ជាក់ថា កាល​ពីដើម​ឆ្នាំ​២០២៦​នេះ ធនាគារជាតិនៃកម្ពុជាក៏​បានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ (Morisonkak MKA) ជាអ្នកជម្រះ​បញ្ជីធនាគារព្រីនស៍​ ក្រោយពី​លោក ចេន ហ្ស៊ី ជាស្ថាបនិក ត្រូវ​បានចាប់ខ្លួនបញ្ជូនទៅប្រទេសចិនពាក់​ព័ន្ធនឹង​សកម្មភាព​ឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា និង​បាន​សម្រេច​ដក​ហូត​អាជ្ញាបណ្ណ​​ធនាគារ​ផេនដា​ និងដាក់​ឱ្យស្ថិតក្រោមការ​ជម្រះបញ្ជី​ដោយ​ក្រុមហ៊ុនម៉ូរីសុនកាក់នេះដូចគ្នា ដោយ​អះអាង​​ថា ស្ថានភាពហិរញ្ញវត្ថុនៃធនា​គារនេះបានធ្លាក់ចុះជាបន្ដបន្ទាប់ ដែលឈានទៅរកការមិនអាចឆ្លើយតបនឹងការបម្រើសេវា​ធនាគារបានទៀត៕

អត្ថបទ​ដោយ៖ តែម ស្រីណុច​

អត្ថបទគួរឱ្យចាប់អារម្មណ៍