នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នករណីឆបោកថ្មីមួយទៀត ដោយក្រុមជនអនាមិកបានក្លែងបន្លំជាបុគ្គលិកធនាគារ រួចធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបោកប្រាក់លុយកាក់ពីជនរងគ្រោះ។
យោងតាមបណ្ដាញហ្វេសប៊ុកជាផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងថា នាយកដ្ឋាន បានសង្កេតឃើញមានករណីជនអនាមិកជាច្រើន បានបន្លំខ្លួនជាបុគ្គលិកធនាគារ បានទាក់ទងទៅជនរងគ្រោះ តាមរយៈទូរស័ព្ទ ដោយប្រាប់គណនីធនាគាររបស់ពួកគេត្រូវបានខូច ហើយតម្រូវឱ្យជនរងគ្រោះផ្ទេរប្រាក់ចេញសិន ដើម្បីជួសជុល។ ជនឆបោកទាំងនោះ ក៏បានប្រាប់ទៅជនរងគ្រោះទៀតថា នៅពេលដែលពួកគេជួសជុលរួច ពួកគេនឹងផ្ទេរប្រាក់ជូនវិញ ក្នុងថ្ងៃខែឆ្នាំដដែល។
ប្រភពដដែល បន្តទៀតថា ក្រុមជនអនាមិក ឬជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនោះ ក៏បានតម្រូវឱ្យជនរងគ្រោះភ្ជាប់លេខតេឡេក្រាម(Telegram) ដើម្បីងាយស្រួលជជែកគ្នា និងបញ្ជុះបញ្ចូលឱ្យជនរងគ្រោះផ្ទេរប្រាក់ទៅគណនីធនាគាររបស់ពួកគេ តាមរយៈ QR Code និងបន្តឱ្យជនរងគ្រោះផ្ទេរប្រាក់បន្ថែមទៀត ដោយជនអនាមិកនោះ មិនបានផ្ទេរប្រាក់ត្រឡប់មកវិញឱ្យជនរងគ្រោះឡើយ។
ដើម្បីបង្ការខ្លួនពីសកម្មភាពឆបោកតាមរូបភាពបែបនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងត្រូវពិចារណាឱ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តក្នុងការវេរលុយ ជាពិសេសត្រូវពិនិត្យថាតើគណនីធនាគាររបស់លោកអ្នក មានបញ្ហាដែរឬទេ ហើយប្រសិនបើកមានបញ្ហា ត្រូវទៅធនាគារផ្ទាល់ដើម្បីដោះស្រាយ។
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ហេង សំណាង បានលើកឡើងថា កត្តាដែលអាចបញ្ចៀសខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺផ្តើមចេញពីខ្លួនយើងម្នាក់ៗ ហើយរាល់គណនីក្នុងបណ្តាញសង្គម ដូចជា Telegram Whatapp Messanger ជាដើម គួរធ្វើការចាក់សោរសុវត្ថិភាពពីរតង់ ឬហៅថា two factors verification។
លោកបានគូសបញ្ជាក់ថា៖ «ចុងក្រោយនោះ ប្រុងប្រយ័ត្នទៅលើតំណភ្ជាប់ ពិនិត្យប្រភពឲ្យច្បាស់ តើជាក្រុមហ៊ុនច្បាស់លាស់ទេ ទៅការផ្សព្វផ្សាយផលិតផល ចៀសវាងអស់លុយហើយ មិនបានអីវ៉ាន់ ឫតំណរភ្ជាប់ឲ្យយើងបំពេញព័ត៌មានផ្ទាល់ខ្លួន ក្នុងគោលបំណងលួងលោមបញ្ឆោតយកគណនីរបស់ខ្លួន»៕
អត្ថបទដោយ៖ ធី វណ្ណា

