ក្រសួង​​​គ្រោងប្រែ​ក្លាយ​​ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខ​​គេ​នៅ​អាស៊ី​អាគ្នេយ៍

ដោយៈ

Press Start Cambodia Avatar

ក្រសួងទេសចរណ៍ គ្រោងប្រែ​ក្លាយ​តំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេស​ចរណ៍វប្បធម៌ឈានមុខគេនៅ​អាស៊ី​អាគ្នេយ៍ ក្នុងគោលបំណងលើកកម្ពស់សកម្ម​ភាព​ទេសចរណ៍ឱ្យសម្បូរបែប និងមានភាពទាក់​ទាញ​សម្រាប់​​ភ្ញៀវជាតិ និងអន្តរជាតិ សំ​ដៅ​បង្កើនចំណូលដល់ប្រជាសហគមន៍ដោយផ្ទាល់។

ការ​ប្រកាស​នេះ ធ្វើ​ឡើង​​បន្ទាប់ពី​លោក ហួត ហាក់ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​​ដឹក​នាំ​ក្រុម​ការ​ងារ​ចុះ​ពិនិត្យ​​​ស្ថាន​​ភាព​ជាក់ស្តែង​នៅតាម​ទីតាំង​សំខាន់ៗ​​ក្នុង​ឧទ្យានជាតិ​ព្រះជ័យ​វរ្ម័ន​នរោត្តម​ “ភ្នំគូលែន” និង​បាន​ដឹកនាំកិច្ច​ប្រជុំ​ពិគ្រោះយោ​បល់​​​លើ​​សេចក្តី​ព្រាង​វិធាន​ការ​គន្លឹះ សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ទេសចរណ៍​ឧទ្យាន​ជាតិ​​​ព្រះជ័យ​វរ្ម័ន​នរោត្តម​ “ភ្នំគូលែន” ឆ្នាំ​២០២៦-២០២៨។ នេះបើ​តាម​សេចក្តី​រាយ​ការណ៍នៅលើ​ហ្វេក​ប៊ុក​ផេក​​​របស់​ក្រសួង​ទេសចរណ៍ ​កាល​ពី​ថ្ងៃទី​៤ ខែ​កក្កដា​​។​

លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ «យើងត្រូវរួមគ្នា​​ប្រែក្លាយតំបន់ឧទ្យានជាតិ​ភ្នំ​គូលែន ជាគោលដៅទេសចរណ៍វប្បធម៌ ជំនឿ និង​​ធម្មជាតិ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ប្រកប​ដោយគុណភាព ចីរភាព និងបរិយាបន្ន និងប្រកួតប្រជែងនៅក្នុងតំបន់ បន្ទាប់ពីប្រាសាទអង្គរវត្ត»។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ ដែល​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង​ ស្ថានប័នពាក់ព័ន្ធ​ វិស័យ​ឯក​​ជន​ ដៃគូអភិវឌ្ឍ និង​សង្គម​ស៊ីវិល​សរុប​ប្រមាណ​ ១៣០​នាក់កាល​ពី​ថ្ងៃទី​៣ ខែ​កក្កដា​ ​លោក ហួត ហាក់ បាន​លើកឡើង​ពីការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ទេសចរណ៍​នៅខេត្ត​សៀម​រាប​ ដោយ​បាន​ដាក់​ចេញនូវ​គោល​​នយោ​បាយ​ ផែន​ការ​យុទ្ធសាស្ត្រ​ ផែនការមេអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀម​រាប​​ឆ្នាំ​២០២១ -២០៣៥ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍវិស័យ​ទេសចរណ៍​នៅខេត្ត​សៀម​រាប ដើម្បី​ធ្វើ​ឱ្យ​គោលដៅ​ទេស​ចរណ៍​សម្បូរ​​បែប​និង​មាន​ភាព​ទាក់ទាញ​ សំដៅ​បង្កើន​ចំណូល​សហគមន៍​។​​

លោក​រដ្ឋ​មន្ត្រី​ បាន​បន្ថែមទៀត​ថា ការ​រៀប​ចំសេចក្តី​ព្រាង​វិធាន​ការ​គន្លឹះ​សម្រាប់ជំរុញ​ការ​អភិវឌ្ឍ​ទេស​ចរណ៍​​​ឧទ្យា​ន​​​ជាតិ​​ព្រះ​ជ័យ​វរ្ម័ន​នរោត្តម​ “ភ្នំគូលែន” ឆ្នាំ​២០​២៦​-២០២៨ នឹង​ក្លាយ​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​ដ៏សំខាន់​ សម្រាប់​ពង្រឹង​ភាព​ទាក់​ទាញ​ ​នៃគោលដៅ​ទេសចរណ៍​ ក៏ដូចជា​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរជាតិ​ និង​អន្តរ​ជាតិ​​​​ធ្វើ​​ដំ​ណើរ​ទៅទស្សនា​តំបន់​ទេសចរណ៍​ផ្សេងទៀត​ឱ្យ​បាន​ច្រើន​ក្រៅពី​រមណី​យ​ដ្ឋាន​អង្គរ៕

អត្ថបទដោយ​៖ ជា ចិន​

អត្ថបទគួរឱ្យចាប់អារម្មណ៍