ក្រសួងទេសចរណ៍សម្រេចកែសម្រួលអភិក្រមថ្មីរបស់ខ្លួន ដែលប្រើប្រាស់ឃ្លាប្រៀបធៀប “ការនាំកង្កែបចេញពីអណ្តូង” មកជាឃ្លា “ជវភាព នៃប្រព័ន្ធតួអង្គតែមួយ” បន្ទាប់ពីមានការរិះគន់ជាទូទៅពីសាធារណជនតាមបណ្តាញសង្គមថា មានលក្ខណៈប្រមាថ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍បានឆ្លើយតបទៅនឹងមតិរិះគន់ទាំងនេះ និងសម្រេចកែសម្រួលអភិក្រមរបស់ខ្លួនឡើងវិញ ដោយក្រសួងលើកឡើងថា ការកែលម្អនេះ នឹងឆ្លុះបញ្ចាំងអំពីស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគគិនអន្តរជាតិមកកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។
សេចក្តីប្រកាសព័ត៌មាននេះសរសេរថា៖ “ដោយឈរលើស្មារតីបើកចំហ តម្លាភាព និងការស្តាប់មតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ក្រសួងទេសចរណ៍សូមថ្លែងអំណរគុណ និងទទួលយកនូវរាល់មតិយោបល់ស្ថាបនាទាំងនោះ ដើម្បីកែសម្រួលប្រើប្រាស់អភិក្រមខាងលើឱ្យបានកាន់តែសមស្រប និងគ្រប់ជ្រុងជ្រោយជាងមុន ”។
ការសម្រេចកែសម្រួលអភិក្រមនេះ ធ្វើឡើង ក្រោយពីអ្នកលេងបណ្តាញសង្គមជាច្រើនបានបានយកឃ្លានេះមកវែកញែកនិងរិះគន់ថា ការប្រើប្រាស់ឃ្លានេះ មានលក្ខណៈប្រមាថធ្ងន់ធ្ងរ អ្នកខ្លះចោទជាសំណួរថា នរណាគេជាកង្កែប ហើយអ្នកខ្លះស្នើឱ្យដូរពាក្យកង្កែបនេះចេះ។ ប៉ុន្ដែក្រសួងទេសចរណ៍ចាត់ទុកថា មតិទាំងនោះ គឺការបកស្រាយ និងយល់ន័យផ្សេងៗគ្នាពីគោលបំណងដើមពិតប្រាកដនៃអភិក្រមនេះ។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងពីអភិក្រមថ្មីមួយ ដោយប្រើឃ្លា “ការនាំកង្កែបចេញពីអណ្តូង” ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជាទៅកាន់ពិភពលោកឱ្យបានកាន់តែទូលំទូលាយ អំឡុងពេលលោកចូលរួមក្នុងកម្មវិធីរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ “ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ ” កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ៕
អត្ថបទដោយ៖ ធួន ស្រីពៅ

