ក្រសួងសង្គមកិច្ចដាក់ចេញគោលការណ៍ណែនាំមួយចំនួន ដើម្បីការពារសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់កុមារ បន្ទាប់ពីសង្កេតឃើញអ្នកផលិតមាតិការមួយចំនួនបានយកកុមារទៅបង្កើតមាតិកាតាមបណ្តាញសង្គម ដើម្បីទាក់ទាញការចាប់អារម្មណ៍ ការកម្សាន្ត ឬរកប្រាក់ចំណូល។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសង្កេតឃើញថា មានអ្នកបង្កើតមាតិកាជាបុគ្គលល្បីៗមួយចំនួនបានយកកុមារមកសម្តែងឬថតជាវីដេអូ ដើម្បីទាក់ទាញការចាប់អារម្មណ៍ ការកម្សាន្តឬរកប្រាក់ចំណូល ដោយប្រើពាក្យពេចន៍ កាយវិការ ឬសកម្មភាពមិនសមរម្យ ដែលសកម្មភាពទាំងនេះ គឺជាការរំលោភសិទ្ធិ សេចក្តីថ្លៃថ្នូរឬគោលការណ៍សុវត្ថិភាពកិច្ចការពារកុមារ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសង្គមកិច្ច ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
ក្រសួងសង្គមកិច្ចបន្តថា សកម្មភាពទាំងនេះ គឺផ្ទុយនឹងមាត្រា១៦ ១៩ ៣២ ៣៤ និងមាត្រា៣៦ នៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ មាត្រា៤៨ នៃរដ្ឋធម្មនុញ្ញស្តីពីការការពារសិទ្ធិកុមារ មាត្រា១០ នៃក្រមរដ្ឋប្បវេណីស្តីពីសិទ្ធិបុគ្គល និងមាត្រា៤០ និង៤១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស ។
ជាងនេះទៅទៀត សកម្មភាពទាំងនេះ ក៏ផ្ទុយនឹងគោលនយោបាយជាតិស្តីពីប្រព័ន្ធការពារកុមារឆ្នាំ ២០១៩-២០២៩ ប្រកាសស្តីពីក្រមសីលធម៌សម្រាប់កិច្ចការពារកុមាររបស់ក្រសួងសង្គមកិច្ច និងគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
តាមរយៈសេចក្តីណែនាំនេះ ក្រសួងសង្គមកិច្ចបានណែនាំដល់អ្នកបង្កើតមាតិកា វិស័យឯកជននិងសាធារណជនដែលយកកុមារទៅថតរូប ឬវីដេអូ ត្រូវមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីកុមារផ្ទាល់ ឬឱពុកម្តាយឬអាណាព្យាបាលរបស់កុមារ ធានាថា គ្រប់រូបថត វីដេអូ ឬរូបភាពដទៃទៀតរបស់កុមារ ត្រូវបង្ហាញភាពស្មោះត្រង់ពីបរិបទ មានការគោរព និងរក្សាបាននូវភាពថ្លៃថ្នូរ។
សេចក្តីណែនាំក៏បានហាមឃាត់ការផលិតមាតិកដែលបង្ហាញកុមារក្នុងលក្ខណៈផ្លូវភេទ ស្ថានភាពទុក្ខព្រួយ អាម៉ាស់ឬគ្រោះថ្នាក់ និងជៀសវាងការបង្ហាញព័ត៌មានអត្តសញ្ញាណរបស់កុមារដូចជា សាលារៀន ទីលំនៅជាដើម ហើយគ្រប់វិស័យឯកជនដែលផ្តល់សេវាអ៊ីនធើណិត ត្រូវចូលរួមទប់ស្កាត់ការបង្ហោះរូបភាព ឬវីដេអូមិនសមរម្យរបស់កុមារ គ្រប់បណ្តាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមត្រូវទប់ស្កាត់ឬដកហូតរាល់គេហទំព័រ ឬគណនី ដែលបង្កផលប៉ះពាល់សិទ្ធិនិងឧត្តមប្រយោជន៍របស់កុមារ។
សេចក្តីណែនាំនេះសរសេរថា៖ “សូមស្នើដល់មាតាបិតា អាណាព្យាបាល សាធារណៈជន និងវិស័យឯកជន ត្រូវចូលរួមទប់ស្កាត់ និងរាយការណ៍រាល់សកម្មភាពនៃការបង្ហោះរូបភាព ឬវីដេអូ ដែលមានលក្ខណៈកេងប្រវ័ញ្ចឬធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ សីលធម៌សង្គម និងក្រមសីលធម៌ ឬគោលការណ៍សុវត្ថិភាពកិច្ចការពារកុមារ ដល់អាជ្ញាធរមានសមត្ថកិច្ច ”៕
អត្ថបទដោយ៖ ផាត់ ស័ក្កស៊ីន

