ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងរៀបចំគម្រោងបង្កើតប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយស្វ័យប្រវត្តិ និងមានភាពឆ្លាតវៃ ដើម្បីទប់ស្កាត់ការខូចខាតផ្លូវ។
ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃអង្គារនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នេះ គឺជាប្រព័ន្ធស្វ័យប្រវត្តិកម្ម មានប្រសិទ្ធភាព និងមានភាពឆ្លាតវៃ ជាមួយនឹងការបំពាក់ប្រព័ន្ធអ៊ីនធើណិត ប្រព័ន្ធកាម៉េរ៉ា CCTV ប្រព័ន្ធកាម៉េរ៉ា AI និងការលើកកម្រិតប្រព័ន្ធជញ្ជីងបច្ចុប្បន្នទៅជាប្រព័ន្ធជញ្ជីងស្វ័យប្រវត្តិថ្លឹងក្នុងល្បឿនយឺត។
លោកបន្តថា ការធ្វើបែបនេះ គឺ “ដើម្បីចូលរួមថែរក្សាការពារសមិទ្ធផលជាតិ ជាពិសេសហេដ្ឋារចានាសម្ព័ន្ធផ្លូវនៅទូទាំងប្រទេស ”។
ផ្លូវជាតិលេខ៧ គិតចាប់ពីចំណុចរង្វល់មូលស្គន់រហូតដល់រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាមមានប្រវែង៤៥,៥ គីឡូម៉ែត្រ មាន៤គន្លង និងសួនច្បារកណ្តាលទ្រូងផ្លូវទំហំ១,៥ ម៉ែត្រ។ ផ្លូវនេះសាងសង់អស់ថវិកាសរុបប្រមាណ ១១៧លានដុល្លាអាមេរិក ដែលជាទឹកប្រាក់បានមកពីឥណទានសម្បទានរបស់ប្រទេសចិន និងមួយផ្នែកទៀតជាថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងនៅឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានក្រើនរំឭកឱ្យពង្រឹងប្រសិទ្ធភាពរបស់ស្ថានីយ៍ជញ្ជីងថ្លឹង និងប្រកបដោយតម្លាភាព ដើម្បីជំរុញការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ចំពោះយានយន្តដឹកជញ្ជូនលើសកម្រិត។
លោកមានប្រសាសន៍ថា៖ ” ក្រុមហ៊ុនដឹកជញ្ជូនចង់ចំណេញ តែមិនគួរមានស្តង់ដារបូក១០ ដោយតំឡើងលើសការកំណត់នោះឡើយ ព្រោះបច្ចុបន្នក្រសួងបានគិតគូររួចហើយ ដោយតំឡើងពី៤០តោន មក៥០តោន។ ដូច្នេះ ត្រូវចូលរួមថែរក្សាផ្លូវ ដោយខិតខំទាំងអស់គ្នា និងប្រើប្រាស់ដោយចីរភាព និងយូរអង្វែង “៕
អត្ថបទដោយ៖ គាម សោភ័ណ

