ក្រសួងការពារជាតិគ្រោងរៀបចំបើកគណនីធនាគារជូនកងទ័ពឱ្យបានរួចរាល់ជាស្ថាពរនៅត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៧ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបើកបៀវត្សតាមប្រព័ន្ធធនាគារ ដើម្បីង្កើនតម្លាភាព គណនេយ្យភាព សុវត្ថិភាព និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងជួរកងទ័ព។
សេចក្តីណែនាំរបស់ក្រសួងការពារជាតិ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លើកឡើងថា ដំណើរការរៀបចំបើកគណនីធនាគារជូនយោធិននៅតាមសាមីអង្គភាពគឺចាប់ពីថ្ងៃជូនសេចក្តីណែនាំនេះតទៅហើយនឹងត្រូវបញ្ចប់ទាំងស្រុងនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។
ដើម្បីធានាបាននូវការសម្រេចជោគជ័យតាមផែនការកំណត់ ក្រសួងការពារជាតិបានណែនាំដល់គ្រប់បណ្តាកងឯកភាពត្រូវដាក់ចេញនូវផែនការសកម្មភាពជាក់ស្តែង ដើម្បីជំរុញឱ្យមានវឌ្ឍនភាពនៃការបើកគណនីធនាគារជូនកងទ័ព កើនឡើងក្នុងកម្រិត ១០% នៃចំនួនទ័ពសរុប ជារៀងរាល់ខែ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៦ រហូតដល់សម្រេចបាន ១០០% ស្របតាមឱសានវាទ។
សេចក្តីណែនាំនេះបន្តថា គ្រប់បណ្តាកងឯកភាព ត្រូវធ្វើការជ្រើសរើសធនាគារមួយ ឬច្រើន ក្នុងចំណោមធនាគារពាណិជ្ជចំនួន៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ធនាគារទាំង៨នោះ រួមមាន ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារវឌ្ឍនៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) ធនាគារវីង ធនាគារអេប៊ីអេ ធនាគារ ជីប ម៉ុង និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។
សេចក្តីណែនាំដដែលបញ្ជាក់បន្ថែមទៀតថា នាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនីតិវិធីបើកគណនីធនាគារដល់យោធិននិងជំនាញពាក់ព័ន្ធតាមបណ្តាកងឯកភាពពាក់ព័ន្ធទាំងអស់ និងបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ តាមដាន និងសម្របសម្រួលដំណើរការនេះឱ្យមានប្រសិទ្ធភាព៕
អត្ថបទដោយ៖ គីម សុខលាភ
