ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងមួយ អំពីការជ្រើសរើសជនទេសន្ដរប្រវេសន៍ចំនួន២០០០នាក់ ទៅធ្វើការក្នុងវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារចុះថ្ងៃទី១០ ខែកក្កដា បេក្ខជនដែលចាប់អារម្មណ៍ការងារនេះ ត្រូវមានអាយុចន្លោះពី២៣ ដល់៣៩ឆ្នាំ (គិតត្រឹមកាលបរិច្ឆេទដាក់ពេក្យ) មានចំណេះដឹងភាសាអង់គ្លេសកម្រិតមូលដ្ឋាន បេក្ខជន ដែលចេះភាសាហេព្រើរត្រូវបានផ្តល់អាទិភាព។
បើតាមលក្ខខណ្ឌជ្រើសរើសក៏ត្រូវការបទពិសោធន៍ការងារកសិកម្ម បទពិសោធន៍ការងារកសិកម្មស្របច្បាប់នៅសាធារណរដ្ឋកូរ៉េ ឬប្រទេសជប៉ុនត្រូវបានផ្តល់អាទិភាព កាយសម្បទារឹងមាំ ស្មារតីល្អ អាចបំពេញការងារក្រោមបរិយាកាសក្តៅ និងត្រជាក់ខ្លាំង និងនៅទីវាលហើយបេក្ខជនមិនមានសាច់ញាតិកម្រិតទី១ កំពុងរស់នៅឬធ្វើការក្នុងរដ្ឋអ៊ីស្រាអែល មិនធ្លាប់ទៅធ្វើការនៅរដ្ឋអ៊ីស្រាអែលពីមុន។
ជាងនេះទៅទៀត បេក្ខជនមិនមានជំងឺឆ្លង មិនមានជំងឺបេះដូង ជំងឺងងឹតពណ៌ភ្នែក និងមិនមានពិការភាពផ្នែកអវយវៈ មិនធ្លាប់ប្រើប្រាស់គ្រឿងញៀន ឬញៀនគ្រឿងស្រវឹង គ្មានប្រវត្តិប្រព្រឹត្តបទល្មើស ឬជាប់ពន្ធនាគារឬទោសឧក្រិដ្ឋ។
សេចក្តីជូនដំណឹងនេះ បន្ថែមទៀតថា និយោជកអ៊ីស្រាអែល គឺជាអ្នកជួលបេក្ខជនឱ្យធ្វើការ ហើយទទួលខុសត្រូវចំពោះប្រាក់ឈ្នួល និងលក្ខខណ្ឌការងារផ្សេងៗរបស់បេក្ខជន ដោយប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅរដ្ឋអ៊ីស្រាអែល គឺប្រមាណ ២១០០ដុល្លារអាមេរិក និងតម្រូវឱ្យមានការកាត់ប្រាក់ឈ្នួលជាកាតព្វកិច្ចតាមច្បាប់ដូចជាថ្លៃធានារ៉ាប់រងសុខភាព កន្លែងស្នាក់នៅ ថ្លៃទឹកភ្លើងនិងពន្ធលើប្រាក់ចំណូល និងធានារ៉ាប់រងផ្សេងៗ៕
អត្ថបទដោយ៖ ហ៊ឺ ចាន្ធី

