ក្រ​សួង​ការ​បរ​ទេស​បញ្ជាក់​ជំហរ​ដោះ​ស្រា​យ​បញ្ហា​ព្រំ​ដែន​តាម​ច្បាប់​អន្តរ​ជាតិ​និង​​​ដោយ​​សន្តិ​វិធី​

ក្រសួង​​ការ​​បរទេស​ និង​សហប្រតិបត្តិការ​អន្ត​រ​ជាតិលើកឡើង​ពីសារៈ​សំខាន់​នៃ​​​វត្តមាន​ និង​បេសកកម្មរបស់ក្រុម​សង្កេតការណ៍​អាស៊ាន​ (AOT) ខណៈ​បញ្ជាក់​​ជា​​ថ្មី​ពី​ការ​បន្ត​គោរព​តាម​ច្បាប់​​អន្តរជាតិ និង​ការដោះ​ស្រាយ​ដោយ​សន្តិវិ​ធី​ ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ។​​

ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦  អ្នកនាំពាក្យក្រ​សួងការបរទេស បានលើកឡើងថា កម្ពុជាស្វាគមន៍ការលើកឡើងរបស់មជ្ឈ​​មណ្ឌលព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដែលកម្ពុជាបានអនុវត្តជាបន្តបន្ទាប់។

សេចក្តី​ថ្លែងការណ៍​ដដែលនេះក៏​បានគូសបញ្ជាក់ពីសារៈសំខាន់នៃវត្តមានក្រុម​អ្នកសង្កេតកា​រ​ណ៍អាស៊ាន AOT ក្នុងការតាមដាន និងធានាការអនុវត្តកិច្ចព្រម​ព្រៀងពាក់ព័ន្ធហើយ​ថា​ កម្ពុជានៅតែបុរេសកម្ម ក្នុង​ការ​ពង្រឹង​បណ្តាញ​ទំ​នា​ក់​​ទំនង​ដោយ​ផ្ទាល់​ ដើម្បី​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ។​

ក្រសួងក៏បានសង្កត់ធ្ងន់ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការបច្ចេកទេសសំខាន់សម្រាប់កំណត់ខណ្ឌសីមាព្រំដែនរវាងប្រ​ទេស​​ទាំងពីរ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចាប់ផ្តើមការងារវាស់វែង​ ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រ និងផែនទីដែលមានការព្រមព្រៀងរួចមកហើយ​។

ជាមួយគ្នានេះ កម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការបន្តការពិភាក្សា​តាមយន្តការ ដែលមានស្រាប់ រួមមាន JBC គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយ​សន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាក៏បានអំពាវនាវឱ្យមានការវិវត្ត​ពីកិច្ច​សន្ទនា​ការទូត​ទៅជា​ការ​​អនុវត្តជាក់ស្តែង ដើម្បីធានាសន្តិភាពយូរអង្វែង​នៅតាមព្រំដែន។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយ​ក្នុង​ពេលដែលមានការចាប់អារ​ម្មណ៍ពីសាធារណជន និងសារព័ត៌មាន ចំពោះការវិវត្តថ្មីៗជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។ រដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ជំហរថា ការដោះស្រាយជម្លោះត្រូវអនុវត្តតាមយន្តការដែ​លមាន​ស្រាប់​ និងច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាព និង​ស្ថិរភាព​នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍