ក្រ​សួង​បរិ​ស្ថាន​បង្រ្កាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​សរុប​ ៩៦៧ករណី ក្នុង​ឆមាស​ទី​១​​នៃ​​ឆ្នាំ​​២០​២៦​​​

ដោយៈ

Press Start Cambodia Avatar

ក្រសួងបរិស្ថានបានបង្រ្កាបបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ករណី នៅទូទាំងប្រទេសកម្ពុជា​ក្នុង​រយៈ​ពេល​៦ខែ​ដំបូង​ នៃ​ឆ្នាំ​២០២៦ ​ហើយថា ​​​ការ​ថយចុះនេះ បង្ហាញ​ពី​ការយល់​ដឹង​កាន់តែ​ប្រសើរ​ និង​​ការចូល​រួម​ទប់​ស្កាត់​ពីភាគី​ពាក់​ព័ន្ធ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​ ចុះថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២៦​ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ មន្ត្រី​បាន​ចុះ​ល្បាត​ចំនួន ៥៩៥៣ លើក​ ដោយ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​សរុប​ចំនួន​ ៩៦៧​ករណី​ នៅទូទាំង​ប្រទេស​ ក្នុង​នោះ មាន​បទល្មើស​ព្រៃឈើ​ចំនួន​៣១៨ ករណី​ ការ​បរបាញ់​​សត្វព្រៃ​ ២៤២ករណី បទល្មើស​ធនធានរ៉ែ​ចំនួន​១២​ករណី ការ​ឈូស​រានដីព្រៃ​ ២៦២​ករណី​ និង​បទ​ល្មើស​នេសាទ​ចំនួន ១៣២ករណី។​ ចំនួន​នេះ គឺថយ​ចុះ​១៩​ករណី ​ធៀបនឹង​ឆ្នាំ​២០២៥ ដែល​មាន​​ចំនួនសរុប​ ​៩៨៦​ករណី។​

របាយ​ការណ៍​ដដែល​បន្ត​ថា មន្ត្រីបាន​ដក​ហូត​វត្ថុ​តាង​រួមមាន​គ្រឿង​ចក្រ​ អេស្កា​ចំនួន​២គ្រឿង​ ត្រាក់ទ័រចំនួន​៥គ្រឿង​ រថយន្ត​៥គ្រឿង​ រថយន្ត​កែច្នៃ​ ២គ្រឿង​ គោយន្ត​ចំនួន​ ២១គ្រឿង​ ម៉ូតូ​ចំនួន​ ៣៥គ្រឿង​ ទូក​ចំនួន​៥គ្រឿង រណាយន្ត​ចំនួន​២៤១​គ្រឿង។ ជាងនេះទៅទៀត មន្ត្រីឧទ្យានុរក្ស​បាន​ដោះអន្ទាក់​ឆក់​ចំនួន ១៣៩៥​គ្រឿង អន្ទាក់ខ្សែ​ចំនួន ១១៤២៨ខ្សែ​ អាវុធ​ចំនួន​៥ដើម​ អាវុធ​កែច្នៃ​ចំនួន​៩៤​ដើម​ និង​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ៧៤​ករណី​ និង​ឃាត់​ជនសង្ស័យ​ប្រព្រឹត្តបទល្មើស​ចំនួន​ ៤៤​នាក់​។​

របាយការណ៍​នេះសរសេរថា៖ “ការថយចុះនៃករណីបង្រ្កាបនេះ ដែលឆ្លុះបញ្ចាំងពីការយល់ដឹង កាន់តែប្រសើរ និងការចូលរួមទប់ស្កាត់បទល្មើសពីភាគីពាក់ព័ន្ធ និងជាពិសេសការចូលរួមពីប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន”។

ទោះបីជា​យ៉ាងណា លោក ស្រី ថី អ្នក​សម្របសម្រួល​បណ្ដាញសហ​គមន៍ព្រៃឡង់ខេត្ត​ព្រះវិហារ​ យល់ឃើញថា ការ​ថយ​ចុះ​នៃ​បទល្មើសព្រៃឈើ គឺនៅ​មាន​ភាគរយ​តិច​បំផុត ហើយវាក៏អាស្រ័យទៅតាមបណ្ដាខេត្តដែរ ដូចជាព្រំប្រទល់ស្ទឹងត្រែង និងកំពង់ធំ​ហាក់​មិន​មាន​សំឡេង​អារឈើ​។

លោកបាននិយាយថា៖“ នៅព្រះវិហារ តាមការសង្កេតរយៈពេលមួយខែនេះ វាអត់ឃើញការដឹក ការកាប់​ទៀតទេ” ប៉ុន្តែ​លោក​ថា ការ​ប្រើ​ប្រាស់​អាវុធកែច្នៃនិង​ការ​បរបាញ់សត្វ​នៅមាន​ច្រើន​។

លោក ម៉ើ ចាន់ដារ៉ា ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា បានប្រាប់​ Press Start Cambodia ថា បទ​ល្មើសព្រៃឈើមានការថយចុះមែន ប៉ុន្តែវាមិនមានការថយចុះច្រើនប៉ុន្មានទេ បើធៀបជាមួយករណីដែលបានកើតឡើងក្នុងឆ្នាំបន្តបន្ទាប់មកនេះ ដោយ​លោក​សង្កត់​ធ្ងន់​លើ​កត្តាធំៗពីរ​​ គឺ​អាច​បណ្តាល​មក​ពី​ចំនួន​ឈើ​ប្រណិតធំៗក្នុង​តំបន់​ការ​ពារ​លែងសូវ​​សម្បូរ​ និង​ការ​ថយចុះ​​ច្រើន​នៃព្រៃឈើ​នៅ​ក្នុង​តំបន់​ការ​​ពារ​។​​

លោកនិយាយ​ថា៖ចឹងហើយវាធ្វើឱ្យឈ្មួញដែលទិញឈើ ឬអ្នកដែលចូលទៅរុករានកាប់ឈើលក់ធ្វើអាជីវកម្ម មិនអាចមានឈើគ្រប់គ្រាន់ ឬមួយប្រភេទឈើដែលអាចយកទៅធ្វើអាជីវកម្មបានដូចមុន…​វត្តមាននៃការថយចុះបទល្មើសព្រៃឈើ នេះវាជាផ្នែកមួយបង្ហាញផងដែរ ពីការបាត់បង់ព្រៃឈើរបស់យើង”

លោកបន្ថែមថា​ ទោះបីជាមាន​ការ​ថយ​ចុះ​នៃ​ករណី​​ និងមាន​អន្តរាគមន៍បទល្មើសក្នុងតំបន់ការពារមែន ក៏គេ​សង្កេត​ឃើញបទល្មើស​កើត​ឡើង​ជាក់ស្តែង​នៅដែន​របស់គាត់​នៅតែ​មាន​ការកាប់បំផ្លាញ ដូចជា​សហគមន៍ព្រៃឡង់ផ្សេងៗទៀត​ នៅពេល​ពួកគាត់ចុះទៅល្បាតព្រៃ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​បញ្ជាក់​ទៀត​ថា ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ កងកម្លាំង​ប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍​ និង​សហគមន៍មូលដ្ឋាន ដើម្បីការពារធនធានធម្មជាតិ ទប់ស្កាត់បទល្មើសព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។​ ជាក់ស្ដែងថ្មីៗនេះ ក្រសួងបរិស្ថានរៀបចំយុទ្ធនាការ “ពន្លកបៃតង”​ដោយ​ចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម លំនៅឋាន និងដាំស្តារព្រៃនៅតាមសហគមន៍៕

អត្ថបទដោយ៖ ជា ចិន​