ក្រសួងពាណិជ្ជកម្មបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនដែលខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗសម្រាប់រយៈពេល៦ខែបន្ថែមទៀត ដោយសារមានសំណូមពរ និងសង្កេតឃើញភាពចាំបាច់របស់ក្រុមហ៊ុនដែលមានបំណងបំពេញកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១០ ខែកក្កដា បានឱ្យដឹងថា ម្ចាស់ក្រុមហ៊ុន និងអ្នកគ្រប់គ្រងក្រុមហ៊ុនទាំងអស់ត្រូវបំពេញលក្ខខណ្ឌដូចជាបង់ប្រាក់ពិន័យមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំសម្រាប់រយៈពេល ១ឆ្នាំចុងក្រោយ និងបង់កម្រៃសេវាតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមចំនួនឆ្នាំ ដែលមិនបានបង់ជាក់ស្តែង ក្នុងអំឡុងពេល៦ខែចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។
សេចក្តីជូនដំណឹងដដែលនេះបញ្ជាក់ទៀតថា ម្ចាស់ក្រុមហ៊ុន និងអ្នកគ្រប់គ្រងត្រូវចូលរួមក្នុងការត្រួតពិនិត្យសាវតារូបវន្តបុគ្គលរបស់ម្ចាស់ហ៊ុន ដើម្បីរួមចំណែកក្នុងការពង្រឹងការងារប្រយុទ្ធប្រឆាំងការលាងសម្អាតប្រាក់។
បើតាមសេចក្តីជូនដំណឹងនេះ ក្រសួងពាណិជ្ជកម្មក៏បានព្រមានថា ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ខាងលើ នឹងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្ម ដែលអាចប៉ះពាល់ដល់សិទ្ធិ និងស្ថានភាពរបស់ក្រុមហ៊ុនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានបញ្ហាបច្ចេកទេសក្នុងការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំក្នុងប្រព័ន្ធចុះបញ្ជី។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ កន្លងទៅ ក្រសួងពាណិជ្ជកម្មបានជូនដំណឹងអំពីការលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមរយៈការពិន័យត្រឹម ១ឆ្នាំចុងក្រោយ៕
អត្ថបទដោយ៖ ឈួន ឡាំងស៊ីន

