ក្រុមហ៊ុនជម្រះ​បញ្ជី​​ថា គ្រឹះ​ស្ថាន​ ​អេច-ផេ ​សឺ​វី​ស​ មិន​មាន​សាច់គ្រប់​គ្រាន់​​​សម្រាប់​ទូ​ទាត់​​​បំណុល​

ដោយៈ

Press Start Cambodia Avatar

ក្រុមហ៊ុន​ រីចឆ៍ & ផាតនើរ ដែលត្រូវ​បាន​តែង​តាំង​​ជា​ក្រុម​ហ៊ុន​ជម្រះបញ្ជី​​ដោយ​ធនាគារ​ជាតិ​​បាន​​រកឃើញ​ថា គ្រឹះ​ស្ថាន​ផ្តល់សេវា​ទូទាត់​សងប្រាក់​ អេច-ផេ សឺវីស ម.ក​ មិន​មាន​សាច់ប្រាក់​​គ្រប់​គ្រាន់​​​សម្រាប់ទូទាត់​បំណុល​។​

យោងតាម​សេចក្តីជូនដំណឹង​កាល​ពីថ្ងៃទី៨ ខែ​កក្កដា ឆ្នាំ​២០២៦ ក្រុមហ៊ុន​ រីចឆ៍ & ផាតនើរ ឱ្យ​​​ដឹង​​​ថា គ្រឹះ​ស្ថាន​ផ្តល់​សេវាទូទាត់​សង​ប្រាក់​ អេច-ផេ សឺវីស ម.ក កំពុង​ស្ថិតក្នុង​ស្ថាន​ភាព​​​អសាធន​ (​មិន​មាន​សាច់ប្រាក់​គ្រប់គ្រាន់​សម្រាប់ទូទាត់បំណុល​) ដោយ​បញ្ជាក់​ថា ការ​ជម្រះ​​បញ្ជី​​ក្រៅ​​ផ្លូវ​​តុលាការ​អនុវត្ត​ដោយ​អ្នក​ជម្រះបញ្ជី​ក្រោម​ការ​តែង​តាំង​របស់​ធនាគារជាតិ​ នៃកម្ពុជា​ ត្រូវ​បិទ​បញ្ចប់​។​

សេចក្តីជូន​ដំណឹង​ដដែល​បន្ត​ថា សំណុំ​រឿង​ជម្រះ​បញ្ជី​តាម​ផ្លូវ​តុលាការ​ នឹង​ត្រូវ​បើក​ដំណើរ​ការ​​តាម​នីតិវិធី​ច្បាប់ជា​ធរមាន​ ដោយ​មាន​អ្នក​ជម្រះ​បញ្ជី​តាម​ផ្លូវ​តុលាការ​ដែល​តែង​តាំង​ដោយ​តុលាការ​មាន​សមត្ថកិច្ច​​។ ក្រុហ៊ុន រីចឆ៍ & ផាតនើរ បញ្ជាក់​បន្ថែមថា ខ្លួន​បាន​ដាក់​សំណើ​ជូន​ទៅស្ថាប័ន​តុលាការ​ ដើម្បីបន្ត​នីតិវិធី​តាម​ច្បាប់ជា​ធរមាន​។​

សេចក្តី​ជូន​ដំណឹង​នេះបន្ថែមទៀត​ថា​​ ក្រុហ៊ុន រីចឆ៍ & ផាតនើរ បានវាយ​តម្លៃ​បឋម ​និង​ដាក់​ការ​​សង្ស័យ​កម្រិត​​ខ្ពស់​ថា គ្រឹះ​ស្ថាន​​ផ្តល់សេវា​ទូទាត់​សងប្រាក់ អេច-ផេ សឺវីស ម.ក មាន​ការ​​ជាប់ពាក់ព័ន្ធ​​នឹង​​ការ​​ធ្វើ​ប្រតិ​បត្តិ​ការ​អាជីវកម្ម​ហួស​ដែន​កម្រិត​ នៃអាជ្ញាបណ្ណ​ ដែល​ធនា​គារ​ជាតិ​បាន​ផ្តល់​​ឱ្យ​។​

ធនាគារជាតិ ​នៃកម្ពុជាបាន​តែង​តាំង​ក្រុមហ៊ុន​ រីចឆ៍ & ផាតនើរ ជា​អ្នក​ជម្រះ​បញ្ជី​គ្រឹះ​ស្ថាន​ផ្តល់​​សេវា​ទូទាត់​សង​ប្រាក់ អេច-ផេ សឺវីស ម.ក កាល​ពីថ្ងៃទី១០​​ ខែមេសា ឆ្នាំ​២០២៦ ដោយ​​​បាន​អនុវត្ត​នីតិវិធី​ជម្រះ​បញ្ជី​ និង​បាន​ប្រកាស​ជា​សាធារណៈ​ដល់​ភាគីពាក់ព័ន្ធ​មក​ដាក់​ពាក្យ​​ស្នើ​​សុំទា​ម​ទារ​​សិទ្ធិ​​ជា​​ម្ចាស់​​បំ​ណុល​​របស់​​គ្រឹះ​​ស្ថាន​​ផ្តល់​​សេវា​ទូទាត់​សងប្រាក់​ អេច-ផេ សឺវីស ម.ក ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មេសា​ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា​ ឆ្នាំ​២០​២៦​៕​

អត្ថបទដោយ៖ ឈួន ឡាំងស៊ីន

អត្ថបទគួរឱ្យចាប់អារម្មណ៍