ភរិយាបុរសដែលអាជ្ញាធរចាប់ខ្លួនក្នុងវិវាទជាមួយក្រុមហ៊ុនហួយវ័នស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល

ភរិយារបស់បុរសម្នាក់ដែលត្រូវអាជ្ញាធរចាប់ខ្លួនក្នុងពេលតវ៉ាទាមទារលុយពីក្រុមហ៊ុនហួយវ័នផេ បានចេញមុខអំពាវនាវរកការអន្តររាគមន៍ពីលោកនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជួយអន្តរាគមន៍ដោះលែងស្វាមីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ ដោយអះអាងថាប្តីអ្នកស្រីមិនបានដឹកនាំបាតុកម្មខុសច្បាប់ដូចការចោទប្រកាន់ទេ។

ការអំពាវនាវនេះក្រោយស្នងការដ្ឋានរាជធានីភ្នំពេញបានឃាត់ខ្លួនបុរស២នាក់ ដោយចោទថា បានដឹកនាំប្រ​មូលកៀរគរជនជាតិខ្មែរ និងបរទេសធ្វើបាតុកម្មតវ៉ាបិទផ្លូវខុសច្បាប់ និងឈានដល់ប្រើហិង្សា នៅខាងមុខធនាគារជាតិក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី២៧ ខែមេសា។

តាមទំព័រហ្វេសបុករបស់ស្នងការដ្ឋានរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមេសា បញ្ជាក់ថា បុរសទាំងពីរនាក់នោះ មានឈ្មោះ សួន សុវណ្ណថៃ មុខរបរ ម៉ៅការសំណង់ និងម្នាក់ទៀតឈ្មោះ វ៉ាត់ មករា ជាកម្មករសំណង់។ 

អ្នកស្រី ជា ពិសី ដែលអះអាងថាជាប្រពន្ធរបស់លោក សួន សុវណ្ណថៃ នៅថ្ងៃទី២៩ ខែមេសា  បានបង្ហោះវីឌីអូជាង៣នាទីលើបណ្តាញសង្គម ដោយអំពាវនាវ ឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធ​ស​ភា លោក ហ៊ុន សែន ជួយផ្ដល់ភាពស្អាតស្អំដល់ប្ដីរបស់ខ្លួន។

អ្នកស្រីរៀបរាប់ទាំងទឹកភ្នែកក្នុងវីឌីអូនោះថា ប្តីរបស់គាត់គឺជាអ្នកម៉ៅការសំណង់ពិតប្រាកដមែន និងមិនមានចេតនាដឹកនាំបាតុកម្មបង្កចលាចលក្នុងសង្គមដូចការចោទប្រកាន់ទេ។

អ្នកស្រីនិយាយថា៖«កូនចៅសុំអង្វរលោក ឱពុកទាំងពីរ ជួយដោះលែង ប្តឹកូនចៅព្រោះគាត់គ្រាន់តែទៅទាមទារលុយកាក់ យកលុយមកបើកឱ្យកម្មករ។ព្រោះកូនចៅ គ្មានលុយ គ្មានលទ្ធភាពបើកលុយឱ្យកម្មករ ក៏ឈានដល់ថ្នាក់ធ្វើបាបបែបហ្នឹង។ សូមសម្តេចពុក សម្តេច លើកលែងឱ្យប្តីកូនចៅផង»

ដោយឡែក កម្មករសំណង់ម្នាក់ និងជាអតិថិជនរបស់ ក្រុមហ៊ុន ហួយ វ័ន ផេ បានប្រាប់គេហទំព័រ Press Start Cam​bo​d​i​a ក្នុងលក្ខខណ្ឌសុំមិនបញ្ជេញឈ្មោះ ដោយបារម្ភពី សុវត្ថិភាពថា លោក សួន សុវណ្ណថៃ គឺជាអតិថិជនរងគ្រោះពិតប្រាកដនៅក្រុមហ៊ុនហួយ វ័ន។

ប្រភពបន្តថា ការចូលរួមធ្វើបាតុកម្មទាមទារលុយពីក្រុមហួយវ័ន កាលពីថ្ងៃទី ២៧ ខែមេសា គឺលោកចូលរួមដោយស្ម័គ្រចិត្ត ហើយលោក សួន សុវណ្ណថៃ មិនមែនជាអ្នកញុះញង់ឱ្យពួកគាត់ធ្វើបាតុកម្មខុសច្បាប់អ្វីដែរ។

លោកបន្តថា៖« ខ្ញុំសុំអំពាវនាវឱ្យដោះលែង លោក សួន សុវណ្ណថៃ ព្រោះគាត់ជាជនរងគ្រោះដូចពួកខ្ញុំដែរ ។ គាត់មិនបាន ញុះញង់ ឬបំផុសឱ្យមានបាតុកម្មខុសច្បាប់អ្វីទេ»

គេហទំព័រ Press Start Cambodia បានទាក់ទង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សំ វិច្ឆិកា តែលោកអះអាងថា រវល់ប្រជុំ រួចក៏ចុចផ្តាច់ទូរសព្ទទៅវិញ ខណៈដែលអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនទទួលទូរសព្ទនៅថ្ងៃទី២៩ ខែមេសានេះ។

ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ(Licadho) លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរដោះស្រាយករណីនេះដោយសន្តិវិធី ដើម្បីផ្តល់យុត្តិធម៌ពិតដល់ជនរងគ្រោះ ជៀសវាងបង្កើតទៅជាអំពើហិង្សា ឬការចាប់ខ្លួន ដែលលោកថា ជារូបភាពមិនល្អក្នុងសង្គមប្រជាធិបតេយ្យ។

លោកបន្តថា៖«មិនគួរណាបង្កើតទៅជាអំពើហិង្សា និងការចាប់ខ្លួនទេ វាគួរណាមានយន្តការដោះស្រាយ ដោ​​​យសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយមួយ ដោយសន្តិវីធី។ដំណោះស្រាយនៃការប្រើប្រាស់អំពើហិ​ង្សា និងការចាប់ខ្លួនវាមិនអាចបញ្ចប់ នៅបញ្ហាហ្នឹងបានទេ។អ្វីដែលសំខាន់គឺការដោះស្រាយ  ស្វែងរកឬសគល់នៃបញ្ហាក៏ដូចជា ស្វែងរកដំណោះស្រាយពីភាគីពាក់ព័ន្ធ ទាំងអស់ដើម្បីដោះស្រាយនៃបញ្ហានេះដោយសន្តិវិធីណាមួយទើបអាចបញ្ចប់បាន»

កាលពីព្រឹក​​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ អតិថិនជនដាក់ប្រាក់នៅ​​ក្រុមហ៊ុន ហួយវ័ន ផេ ជាច្រើន​នាក់ ដែល​មានទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន បាននាំគ្នា​​តវ៉ា​ នៅមុខ​ធនាគារជាតិ​​ បានអំពាវនាវសុំឱ្យរដ្ឋាភិបាល ចាត់វិធានការដោះស្រាយលើការបាត់បង់ប្រាក់របស់ពួកគេ ក្រោយពេលក្រុមហ៊ុននេះត្រូវបានបិទ ។

ក្រុមហ៊ុន ហួយវ័ន ផេ បានប្រកាសបិទប្រតិបត្តិការ និងការិយាល័យទាំងអស់ ចាប់តាំងពីដើមខែធ្នូ ឆ្នាំ២០​២៥ ក្រោយពីរងការចោទថា ក្រុមហ៊ុនជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋលាងលុយកខ្វក់។ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ដោយបញ្ជាក់ថាកាលពីថ្ងៃទី០១ខែឧសភាឆ្នាំ​២០២៥ និង២០​២​៦ បានរកឃើញថា ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) ដែលមានមូលដ្ឋាននៅកម្ពុជា និងជាក្រុមហ៊ុនមេរបស់ ហួយវ័ន ផេ (Huione Pay) គឺជាបណ្តាញលាងលុយកខ្វក់ដ៏ធំមួយសម្រាប់ក្រុមឧក្រិដ្ឋជន៕

អត្ថបទគួរឱ្យចាប់អារម្មណ៍