អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​​ចង់​ឃើញ​បរិយាកាសនយោបាយ​កាន់តែ​បើក​​ទូលាយ

ដោយៈ

Press Start Cambodia Avatar

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចង់​ឃើញ​បរិយាកាសនយោបាយកាន់តែបើកទូលាយ ស្របពេលកម្ពុជា​គ្រោងរៀបចំការ​​បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំបន្ទាប់​។

នៅក្នុងសេចក្តី​ប្រកាសព័ត៌មាន​បិទបញ្ចប់បេសកកម្ម ចេញផ្សាយ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក Thomas Andrews បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជាមាន​ឱកាស​ក្នុង​ការ​បង្កើត​បរិយាកាស​នយោបាយ​ឱ្យ​កាន់​តែ​បើក​ទូលាយ​ ហើយ​កត្តាសំខាន់​ក្នុង​​ការ​ក្តោត​ក្តាប់ឱកាស​នេះ គឺការ​គោរព​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ ការ​ជួបជុំ និង​ការ​បង្កើត​សមាគម។​​

លោកលោក​បន្ត​ថា លោក​បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយមួយ​ចំនួន​ ដែលបានលើកឡើងពីការប្រឈមក្នុងការចូលរួមសកម្មភាពនយោបាយ ​ការយាយី ​ការ​រារាំង​ផ្នែក​នយោបាយ​ដូចជា​ការ​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​គណបក្ស និង​សមាជិក​គណបក្ស​ និង​ការ​រឹតត្បិតសកម្មភាព​នយោបាយ​។

លោក​បន្ថែម​​ទៀត​ថា អ្នកគាំទ្រគណបក្សជំទាស់ប្រឈមការលំបាកក្នុងការទទួលបានសេវាសាធារណៈពីរដ្ឋបាល​មូលដ្ឋាននិង​ការ​ឧត្តម​ពីកម្មវិធី​ប័ណ្ណក្រីក្រ​របស់​រដ្ឋ ហើយ​អ្នកសារព័ត៌មានមួយចំនួនបាន​រឹតត្បិតការបញ្ចេញមតិរបស់​ខ្លួន​ ជុំវិញ​បញ្ហា​រសើប​ ដើម្បីជៀសវាងការប្រឈមនឹងវិធានការផ្លូវច្បាប់។

លោក​ថា៖ ‘‘ខ្ញុំបានឮម្តងហើយម្តងទៀត ប្រជាពលរដ្ឋត្រូវបានបដិសេធក្នុងការទទួលបានការឧបត្ថម្ភពីកម្មវិធី ប័ណ្ណក្រីក្ររបស់រាជរដ្ឋាភិបាល ប្រសិនបើពួកគេគាំទ្រគណបក្សជំទាស់ […] អ្នកសារព័ត៌មានបានប្រាប់ខ្ញុំថា ពួកគេត្រូវកែសម្រួល ការរាយការណ៍ព័ត៌មានរបស់ខ្លួនលើបញ្ហានយោបាយ ដើម្បីជៀសវាងកុំឱ្យក្លាយជាជនមុខសញ្ញា”។

ក្រៅពីនេះ លោក Andrews ក៏បានលើកឡើង​​ពីការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ដែលនៅមានកម្រិតទាប។ លោកបានកត់សម្គាល់ថា ស្ត្រីមានត្រឹមប្រមាណ ១៩% ប៉ុណ្ណោះក្នុងព្រឹទ្ធសភា និង ១៤% ក្នុងរដ្ឋសភា ហើយស្ត្រីក៏មានវត្តមានតិចតួចនៅក្នុងជំនួបដែលលោកបានធ្វើជាមួយមន្ត្រីរាជរដ្ឋាភិបាល និងគណបក្សនយោបាយ ដោយ​លោក​អំពាវនាវឱ្យបង្កើនការចូលរួមរបស់ស្ត្រីក្នុងដំណើរការនយោបាយ ដើម្បីលើកកម្ពស់ការតំណាងប្រកបដោយបរិយាបន្ន និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

អត្ថបទដោយ៖ ផាត់ ស័ក្កស៊ីន

អត្ថបទគួរឱ្យចាប់អារម្មណ៍