នា​​​យក​​​​ដ្ឋាន​​​នគរ​​​បាល​​​​ចរា​​​ចរ​ណ៍​​​​ឆ្លើយ​​​​តប​​​​ការ​​​​រិះ​​​គន់​​​​ជុំវិញ​​​​​ការ​​​​​រឹត​​​​បន្តឹង​​​​​ការ​​​​អនុ​​​វត្ត​​​​​ច្បាប់​​​ច​រា​​​​ចរ​​ណ៍​​​​​

នា​យក​​ដ្ឋាន​​​នគរ​​បាល​​​ចរា​​ចរ​ណ៍​​ និង​​​សណ្តាប់​​ធ្នាប់​​​សា​​ធារ​ណៈ​​បាន​​ចេ​ញ​​សេចក្តី​បំ​​​ភ្លឺ​​មួ​យ​​ អំពី​ការ​បែងចែក​ចំណូល​ ដែលទទួលបាន​ពី​ការ​ពិន័យ​អន្តរការណ៍ និង​ចំណាត់ការ​លើ​មន្ត្រី​អសកម្ម បន្ទាប់ពី​មាន​មតិ​រិះគន់​មួយ​ចំនួន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ ជុំវិញ​ប្រតិបត្តិការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវ​គោក​នាពេលថ្មីៗ​នេះ​​។​

តាម​​រយៈ​​សេចក្តីបំភ្លឺ​កាល​ពីថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៦​ នេះ នាយកដ្ឋាននគរបា​ល​​​ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា ចំ​ណូល​ប្រមាណ ៧០% ដែលទទួលបានពីការពិន័យអន្តរការណ៍លើអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានយកទៅប្រើប្រាស់សម្រាប់គាំទ្រការងារជំនាញរបស់មន្ត្រី ដូចជា ការ​ជួសជុល និងថែទាំឧបករណ៍សម្ភារ ព្រមទាំងមធ្យោបាយដឹកជញ្ជូន ដើម្បីធា​នា​ប្រសិទ្ធភាព និងនិរន្តរភាពការងារ។

នាយកដ្ឋាន​នគរបាលចរាចរណ៍​ ក៏បានបញ្ជាក់ផងដែរថា ការ​អនុវត្តច្បាប់​របស់​សម​​ត្ថ​​កិច្ច​នគរបាលចរាចរណ៍​ផ្លូវគោក​ គឺអនុលោម​​ទៅតាម​ច្បាប់​ និង​លិខិតបទ​ដ្ឋាន​​គតិ​​​យុត្តិ​​​ពាក់​​​ព័ន្ធ​​ រួម​​ទាំង​​ច្បាប់​​ស្តីពី​​ចរាចរណ៍​ផ្លូវគោក​។

សេចក្តី​បំភ្លឺ​​របស់​នាយក​ដ្ឋាន​ចរាចរណ៍​បាន​បន្ថែមទៀត​ថា កន្លងមក មាន​ការ​ចាត់​​វិធានការយ៉ាងតឹងរឹងចំពោះមន្ត្រីអសកម្ម ឬមិនគោរពវិន័យ ដូច​ជា​ការព្រ​មាន បន្ថយឋានន្តរស័ក្តិ ប្តូរតួនាទី ឬបណ្តេញចេញពីក្របខណ្ឌ ក្នុងករណីធ្ងន់ធ្ងរ​ក៏​ដូច​ជា​​ការ​​ណែ​នាំ​ និង​ក្រើន​រំលឹក​ជា​ប្រចាំ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ក្នុង​​ក្រប​​ខណ្ឌ​ទូ​ទាំង​​ប្រទេស​អំពី​វិន័យ​ ក្រម​សីលធម៌​វិជ្ជាជីវៈ និង​ឥរិយាបថ​ទំនាក់​ទំ​នង​ជាមួយ​ប្រជា​ពលរដ្ឋ​។​

សេចក្តីបំភ្លឺ​នេះ​សរសេរ​ថា “ជា​ថ្មីម្តងទៀត​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់សាធារណៈ​ សូមបដិសេធ​នូវ​មតិរិះគន់​ទាំង​ឡាយ​ណា​ ដែល​មិន​មាន​​មូល​ដ្ឋាន​​ច្បាស់លាស់​ មកលើ​មន្ត្រីនគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដែល​បាន​និង​​កំពុង​បំពេញ​ភារកិច្ច​ ដោយ​មិន​គិត​ពេលវេលាយប់​ ឬថ្ងៃ​ក្នុង​គោលបំណង​រួម​ចំ​ណែក​ថែរក្សា​សណ្តាប់ធ្នាប់​សុវត្ថិភាព​ចរាចរណ៍​ជូន​ប្រជា​ពលរដ្ឋ​”។​​

បើ​តាមរបាយការណ៍​របស់​​ក្រសួង​មហាផ្ទៃ​នាពេលថ្មីៗនេះ​បាន​ឱ្យ​ដឹងថា គិត​ចាប់ពី​​​​ថ្ងៃទី​១ ខែ​មីនា​ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៦​នេះ មានករណីគ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ផ្លូវ​គោកសរុប​ចំនួន​ ១៨៤ករណី​ ដែល​ក្នុងនោះ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំ​នួន​ ១០៧នាក់​ និង​របួស​ធ្ងន់​ស្រាល​២៥៧​នាក់​។ ក្រសួង​មហាផ្ទៃបញ្ជាក់ទៀត​ថា តួលេខនេះ បើ​ធៀប​នឹង​ខែកុម្ភៈ​បាន​ថយ​ចុះចំនួន​១៨ករណី អ្នក​ស្លាប់​ថយចុះ៦៣នាក់​ និង​អ្នក​របួស​ថយ​ចុះ​ ១៦០​នាក់​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍