ពិធីជួបជុំរវាងនាយករដ្ឋមន្ត្រីជាមួយនឹងអ្នកសារព័ត៌មានត្រូវបានផ្អាកសម្រាប់ឆ្នាំ២០២៦ ប៉ុន្តែនឹងរៀបចំពិធីរំលឹកគុណូបការៈ និងវីរភាពរបស់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតក្នុងការបំពេញវិជ្ជាជីវៈសារព័ត៌មាន អំឡុងពេលសង្គ្រាមនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
ទោះបីជាយ៉ាងណា ក្រសួងព័ត៌មានមិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកពិធីជួបជុំរវាងនាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មានសម្រាប់ឆ្នាំ២០២៦នេះទេ។
ជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកដែលប្រកបអាជីវកម្មក្នុងវិស័យព័ត៌មានអាចជួបជុំគ្នាមួយឆ្នាំម្តងជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកនាំពាក្យតាមក្រសួងស្ថាប័ន ដើម្បីស្តាប់និងផ្តល់ដំណោះស្រាយចំពោះសំណូមពររបស់អ្នកសារព័ត៌មាន។
គិតចាប់ពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៥ ពិធីជួបជុំរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មានត្រូវបានរៀបចំធ្វើឡើងចំនួន៧ដងរួចមកហើយ លើកលែងតែឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារមានការរីករាលដាល់ជំងឺកូវីដ-១៩ ដោយជំនួបលើកចុងក្រោយធ្វើឡើងកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ (OCIC)។
ជារៀងរាល់ឆ្នាំ ទិវាសេរីភាពសារព័ត៌មានពិភពលោកត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី៣ ខែឧសភា ក្នុងគោលបំណងលើកកម្ពស់ និងការពារសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក៕

