សភា​​ប្រើ​​ភា​សា​បា​រាំង​​អំ​ពាវ​នាវ​​ឱ្យ​​មាន​​ការ​​គោរព​​ចំ​ពោះ​​អធិ​ប​តេយ្យ​ភាព​​របស់​​កម្ពុ​ជា​

ដោយៈ

Press Start Cambodia Avatar

សភា​ប្រើ​ភាសា​បារាំង (APF) អំពាវនាវ​ឱ្យ​មាន​ការ​គោរព​យ៉ាង​ម៉ឹង​ម៉ាត់​ចំពោះ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ ចៀស​វាង​រាល់​សកម្មភាព​ឯក​តោ​ភាគី​ និង​អនុវត្ត​ឱ្យ​បាន​ពេញ​លេញ​នូវ​សេចក្តី​ថ្លែង​ការណ៍​រួម​ ដែល​បានធ្វើ​ឡើង​នៅ​ទីក្រុង​គូឡាឡាំ​ពួរ កាល​ពី​ថ្ងៃទី​២៦​ ខែ​តុលា ឆ្នាំ​២០​​២​៥​។​

សម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំងបាន​អនុម័តសេចក្តីសម្រេចចិត្តមួយ​​កាល​ពី​ព្រឹក​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៦​ ដែល​បញ្ជាក់​ឡើង​វិញ​អំពី​ការ​គាំទ្រចំពោះ​​បូរណភាពទឹកដី នៃព្រះរាជណាចក្រកម្ពុជា និង​ការ​ប្តេជ្ញា​ចិត្ត​របស់​សមាជិកប្រើ​ភាសា​បារាំងចំពោះ​គោលការណ៍ ​នៃសេចក្តីប្រកាស​ទីក្រុង​បាម៉ាកូ និង​ទីក្រុង​សាំង-បូនីហ្វាស ច្បាប់​អន្តរជាតិ​ និង​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ចុះ​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ និង​ថ្ងៃទី​១១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​។ នេះបើ​​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​​របស់​ព្រឹទ្ធ​សភា​កម្ពុជា ចុះ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៦។
សេចក្តីប្រកាសព័ត៍មានដដែលនេះបាន​ឱ្យ​ដឹង​ថា​ សភាប្រើភាសាបារាំង (APF) បានសម្តែង​ការ​ព្រួយបារម្ភអំ​ពីការបាត់បង់ជីវិតមនុស្ស ការផ្លាស់ប្តូរទីលំនៅរបស់ប្រជា​ពលរដ្ឋ​ និងរបា​យ​ការណ៍នានាស្តីការរំលោភឈប់បទបាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដី នៃប្រ​ទេស​កម្ពុជា រួម​ទាំង​ការ​ខូច​ខាត​ទីតាំង​វប្បធម៌​ និងសាសនា​ ស្របពេល​ដែល​ការប្រឈមមុខ​គ្នា​នៅ​បន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា-ថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥។​
សេចក្តីសម្រេច​របស់​សភា​ប្រើ​ភាសា​បារាំង​ក៏​បាន​លើក​ឡើង​អំពី​ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៍ និងជំនឿសាសនា ព្រម​ទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ​ និងបាន​​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​បេតិកភណ្ឌ​វប្បធម៌​។

តាម​រយៈ​សេចក្តីសម្រេច​ដដែលនេះ សភា​ប្រើ​ភាសាបារាំង​ក៏បាន​ទាម​ទារ​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ជា​បន្ទាន់​ ការ​បន្ត​កិច្ច​សន្យា​រវាងភាគី​នានា​ និង​ការ​ដក​កង​ទ័ព​ប្រដាប់អាវុធ​ទាំងអស់​​ចេញ​ពី​តំបន់​ជម្លោះ​ និង​គាំទ្រ​យន្ត​ការ​ទ្វេ​ភាគី​​ ដែល​មាន​ស្រាប់​ ជា​ពិសេស​​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​ (JBC) និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ស្របតាម​​ច្បាប់​អន្តរ​ជាតិ​​៕​
អត្ថបទ​ដោយ៖ តែម ស្រីណុច​

អត្ថបទគួរឱ្យចាប់អារម្មណ៍