សិស្សានុសិស្សបឋមសិក្សាចំនួន ជាងមួយពាន់នាក់មកពី២៥រាជធានី ខេត្តនឹងចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ រយៈពេល៨ថ្ងៃ លើ១២ប្រភេទកីឡា។
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ នឹងមានសមាសភាពចូលរួមសរុប២៦៨៩នាក់ ដែលក្នុងនោះមានប្រតិភូកីឡា ៦០៦នាក់ កីឡាករចំនួន១២០២នាក់ កីឡាការិនីចំនួន៨៨១នាក់ មកពី២៥រាជធានី។ នេះបើតាមព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។
ក្រសួងអប់រំយុវជនកីឡាក៏បានឱ្យដឹងផងដែរថា ការប្រកួតនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ លើ១២ប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វានដូWT ចំបាប់ និងគុនដាវ លើ ៦២វិញ្ញាសា។
ការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិ២០២៦ នេះ នឹងរៀបចំធ្វើនៅទីលានប្រកួតចំនួន ១០កន្លែង រួមមាន ពហុកីឡាដ្ឋានជាតិ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យជាស៊ីមបឹងកេងកង មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ទីលានបាល់ទះស្នងការរាជធានីភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យជា ស៊ីម ជ្រោយចង្វារ វិទ្យាល័យវត្តកោះ វិទ្យាល័យច្បារអំពៅ និងផ្សារទំនើបអូឡាំព្យា៕

