តុលាការកំពូលបដិសេធសំណើរសុំ​ស្រូបទោសរបស់​លោក ថាច់ សេដ្ឋា

តុលាការកំពូល នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ ​បាន​បដិសេធ​​សំណើរ​​​សុំ​​ស្រូប​ទោសក្នុងសំណុំរឿង​​របស់​អនុប្រធាន​គណបក្សភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែលការណ៍នេះ មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល បង្ហាញការសោកស្តាយ និង​យល់ថាជារឿងមិន​យុត្តិធម៌​។

កាលពី​​​ថ្ងៃ​ទី​១០ ខែតុលា​នេះ តុលាការ​កំពូល ​បាន​បើក​សវនាការ​លើសំណុំរឿង​ស្នើសុំស្រូប​ទោស​​​​របស់​​លោក ថាច់ សេដ្ឋា​ ហើយ​សាល​ដីកា​​ត្រូវប្រកាស​នៅ​​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៥នេះ។ 

សហមេធាវីការពារក្ដីរបស់លោក ថាច់ សេដ្ឋា គឺលោក ឯម ចន្ថា បានឱ្យ​ដឹង​ថា ការ​​​​​​ប្រកាស​សាលដីកា ​នា​​ព្រឹក​មិញ​នេះ​ តុលាការកំពូល បាន​បដិសេធ​​​សំណើរ​​សុំ​​​ស្រូប​​ទោស​របស់​កូន​ក្ដីលោក ហើយ​ហេតុផល​យ៉ាងណា​នោះ លោកនៅពុំទាន់ដឹងនៅឡើយ ដោយសារ​តុលាការ​មិន​បាន​ផ្តល់សំអាង​ហេតុ​ផ្ទាល់​មាត់។​

លោកថា៖ «ឥឡូវត្រូវបាន​តុលាការគាត់សម្រេចបដិសេធថា មិនអនុញ្ញាតឱ្យស្រូបទេ ហើយពាក់ព័ន្ធនឹងអ្វីដែល​យើង​ប្ដឹង​ហ្នឹង គឺ​ដោយ​សារ​យើង​មាន​មូល​ដ្ឋាន​ច្បាប់មាត្រា៥០១ នៃក្រមនីតិវិធីព្រហ្មទណ្ឌថាសមត្ថកិច្ច​ថា ថា​បានសម្រេចអំពី ការស្រូបទោស គឺចុងក្រោយតុលាការកំពូល ហើយយើងមានមាត្រា​១៣៧ ១៣៨ នៃក្រមព្រហ្មទណ្ឌហ្នឹង និយាយអំពីបែបបទនៃការស្រូបទោស យើងសំអាងលើ​​ច្បាប់អនុញ្ញាតហ្នឹង​​បាន​​យើង​​ប្ដឹង​​ចូល​ទៅតុលាការ​​»។

លោកមេធាវីថា លោក ថាច់ សេដ្ឋា មានសំណុំរឿងទាំងពីរ ដែលមេធាវីបានស្នើសុំស្រូបទោស ដើម្បីអនុវត្តទោសតាមច្បាប់។ សំណុំរឿងទីមួយទាក់ទងនឹងបទ​ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច​ជួញ​ដូរ» តុលាការកាត់ទោស ១ឆ្នាំកន្លះ និងបានអនុវត្តទោសរួច។ រីឯសំណុំរឿងទីពីរទាក់ទងនឹងបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងរើសអើង» តុលាការកាត់ទោស ៣​ឆ្នាំ ហើយមេធាវីបានស្នើសុំស្រូប​ទោសសម្រាប់សំណុំរឿងទាំងពីរ។

លោកថាបន្តថា៖ «អ្វីដែលយើងបារម្ភ ដែលយើងមិនចង់ឃើញគឺការបូក បន្តការគិតរាប់ពីថ្ងៃអនុវត្តទោសលើកទីមួយហើយបូកបន្តទៅសម្រាប់ទោសទីពីរទៀត ទោស​ទីមួយ​ហ្នឹង​គឺ​ចប់​នៅ​ថ្ងៃទី​១​៩ កក្កដា ម្ភៃបួន(ឆ្នាំ២០២៤) អ៊ីចឹងបើយើង​បូក​រាប់​បន្ត​បន្ទាប់​ពី​ថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៤ ត្រូវ​អនុវត្ត​ទោស​ ទោស​ទី២បន្ត​ទៅ​ទៀត អីចឹង​រហូត​ដល់​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០២៧ បីឆ្នាំ​ ​ដែល​​ចំណុច​នេះ គឺ​ជា​ចំណុច​ដែល​ប៉ះ​ពាល់​ដល់​កូន​ក្ដី​ខ្លាំង​ណាស់ ព្រោះកា​របូកគឺ​យូរ​ ទៅជាបួនឆ្នាំ​កន្លះ​ហើយ ​បាន​​យើង​ព្យាយាម​ស្វះ​ស្វែង​មើល​ផ្លូវ​ច្បាប់​ដើម្បី​ផល​ប្រយោជន៍​របស់​កូន​ក្ដី»។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ យល់ថា ការ​សម្រេច​របស់តុលាការ​ ជារឿង​អយុត្តិធម៌​សម្រាប់​លោក ថាច់ សេដ្ឋា ព្រោះច្បាប់អនុញ្ញាតឲ្យស្នើសុំស្រូបទោសបាន។

លោកថា៖ «ការបដិសេធរបស់តុលាការនេះ គឺវាអយុត្តិធម៌សម្រាប់លោកថាច់ សេដ្ឋា ព្រោះថាច្បាប់បានអនុញ្ញាតឲ្យស្នើទទួលការស្រូបទោស។ យើងនឹងជជែកគ្នាបន្ថែមទៀតជាមួយនឹងលោកមេធាវីការពារលោក សេដ្ឋា ដើម្បីពិនិត្យលើការឃុំខ្លួនក្នុងសំណុំរឿងទី២នេះឡើងវិញ ដើម្បីស្នើដល់តុលាការដោះលែងលោក ថាច់ សេដ្ឋា។ យើងទុកឲ្យមេធាវីទាំង២រូបពិនិត្យ និងធ្វើការនេះ»។

អ្នកនាំពាក្យតុលាការ​កំពូល លោកស្រី ម៉ៅ ធីតា ពុំទាន់អាចសុំការ​បញ្ជាក់បានទេ​ ជុំវិញករណីនេះ។​

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា ការ​សម្រេច​របស់តុលាការ​កំពូល លើសំណើរសុំស្រូបទោស​របស់​លោក ថាច់ សេដ្ឋា នេះជាឆន្ទានុសិទ្ធិ​របស់​តុលាការ។

យ៉ាងណា លោកថា ជុំវិញសំណុំរឿង​របស់​អនុប្រធានគណបក្សប្រឆាំង​រូបនេះ កន្លងមក មានកា​ររិះគន់​ពី​អង្គការសិទ្ធិមនុស្ស​ និង​សហគមន៍អន្តរជាតិ​ជា​ច្រើន ថាជារឿង​នយោបាយ ច្រើនជាងការ​អនុវត្ត​ច្បាប់ និង​ថាជាការ​រឹតត្បិតលំហរសេរីភាពនយោបាយ ដោយសារ​តែ​លោក ថាច់ សេដ្ឋា ជាអ្នកនយោបាយ​ដែល​មាន​​ភាព​សកម្ម និងមានប្រជាប្រិយភាព។

លោកបន្ថែមថា៖ «ស្ថានភាពបច្ចុប្បន្ន កម្ពុជាគួរតែមានសាមគ្គីភាព ឯកភាព​ជាតិ ពី​គ្រប់​គណបក្សនយោ​បាយ អ្នក​នយោបាយ និង​​ប្រជាពលរដ្ឋ ដូច្នេះ​គួរមានការដោះលែង​សកម្មជនគណបក្ស​នយោបាយ សកម្មជន​សហជីព សកម្មជនសិទ្ធិ​មនុស្ស និង​សកម្មជន​បរិស្ថាន​ឱ្យមានសេរីភាពឡើងវិញ»។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន និងជាប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ផង​នោះ ត្រូ​វ​បាន​​សមត្ថកិច្ច​​ចាប់​ខ្លួន​​កាលពីថ្ងៃទី១៦​ ខែ​​មករា ឆ្នាំ​២០២៣ ក្រោយ​រង​បណ្តឹង​ពី​ម្ចាស់​ហាង​បញ្ចាំ​មួយ ដែល​​ប្តឹង​រូបលោក ថាបានចេញមូលប្បទាន​ប័ត្រ​ចំនួន ៥សន្លឹក ដែលមិនមានទឹកប្រាក់ ដែលរឿងនេះបាន​កើត​ឡើងកាលពីឆ្នាំ​២០១៩។ សំណុំរឿង​នេះ សាលា​ដំបូង​រាជធានីភ្នំពេញ បានសម្រេច​ផ្តន្ទាទោស​ លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ ១៨ខែ (១ឆ្នាំកន្លះ) ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាច​ជួញ​​ដូរបាន» កាលពីថ្ងៃ​ទី២​១ ខែ​កញ្ញា ឆ្នាំ​២០២៣។

ក្រៅពីសំណុំរឿងនេះ លោក ថាច់ សេដ្ឋា ក៏ត្រូវ​បាន​សាលា​​ដំបូង​​រាជ​ធានី​​ភ្នំពេញ​ ​ផ្តន្ទា​ទោស​ពី​បទ ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ​និង​បទ «​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង» ​ដោយ​​ដាក់​​ពន្ធនាគារ ​៣​ឆ្នាំ ក្រោម​បណ្តឹងរបស់គណបក្សកាន់អំណាច ​ពាក់ព័ន្ធ​​នឹង​ការ​ថ្លែង​របស់​លោក​​នៅ​ប្រទេស​​​កូរ៉េ​​ខាង​ត្បូង ​អំពី​ប្រវត្តិ​នៃ​ការ​​កកើត​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ថ្ងៃ​៧​មករា៕

អត្ថបទគួរឱ្យចាប់អារម្មណ៍