ព្យុះទី៩ បន្តមានឥទ្ធិពលនៅកម្ពុជា បង្កឱ្យមានភ្លៀង និងខ្យល់កន្ត្រាក់​រហូតដល់ថ្ងៃទី០៩ ខែកក្កដា​

ដោយៈ

Press Start Cambodia Avatar

កម្ពុជា​បន្ត​រង​ឥទ្ធិ​ពល​ពី​ព្យុះទី៩ ដែលបានវិវត្តទៅជាព្យុះសង្ឃរា ដោយធ្វើឱ្យតំបន់វាលទំនាប តំបន់​ខ្ពង់រាប និងតំបន់មាត់សមុទ្រ បន្តមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ ចាប់​ពី​ថ្ងៃ​ទី​០៧ ដល់​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២៦។
 
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​ឱ្យដឹ​ង​ថា ព្យុះ​ទី៩ ឈ្មោះ បាវី នៅ​តែ​បន្ត​មាន​ឥទ្ធិ​ពល​លើ​របប​ខ្យល់​មូសុង​និរតី ដែល​បក់​លើ​ឈូង​សមុ​ទ្រ​បេង​ហ្គោល សមុទ្រ​អាន់​ដា​ម៉ាន់ សមុទ្រ​ចិន​ខាង​ត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។
 
ក្រសួងបានបញ្ជាក់​ថា ទោះបីកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះក៏ដោយ ក៏ឥទ្ធិពល​របស់វានឹងបង្កឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះនៅតាមតំបន់វាល​ទំនាប តំបន់​ខ្ពស់រាប និង​តំបន់មាត់សមុទ្រ​ ក្នុងអំឡុងថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ខណៈសីតុណ្ហភាពអាចមានចន្លោះពី ២៤អង្សាសេ ដល់​ ៣៦អង្សាសេ។
 
បើតាម​ក្រសួង សម្រាប់តំបន់វាលទំនាប រួមមាន រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់​ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ និងកណ្ដាល អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃដី ខណៈសីតុណ្ហភាពអាចមាន​ចន្លោះពី​ ២៥អង្សាសេ ដល់ ៣៦អង្សាសេ​។
 
ចំណែក តំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌល​គិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ រួម​នឹង​​​តំបន់មាត់សមុទ្រ រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ប្រមាណ ៦០% នៃផ្ទៃ​ដី​ផង​​​ដែរ ហើយ​សីហតុណ្ហភាព អាច​មាន​ចន្លោះ​ពី​២៤អង្សាសេ ដល់ ៣៥អង្សាសេ។  រីឯ រលក​សមុទ្រ មានកម្ពស់​​ចន្លោះពី ០,៥ម៉ែត្រ ដល់ ១​,៥០ម៉ែត្រ។

គួរបញ្ជាក់ថា គិត​ចាប់តាំងពីដើមខែកក្កដានេះ​ កម្ពុជា​បាន​ទទួល​រង​ឥទ្ធិពល​ខ្យល់ព្យុះចំនួន ២ រួមមាន ខ្យល់ព្យុះ​ទី​៩ ឈ្មោះ បាវី​ នេះ​និង​ខ្យល់ព្យុះទី​១០ ឈ្មោះ មៃសាក់។ នេះ​បើតាមសេចក្តីជូន​ដំណឹង​របស់ក្រសួង​ធន​ធាន​ទឹក​ និង​​ឧតុនិយម ចេញផ្សាយ​កាលពីថ្ងៃទី​០៣ កក្កដា ឆ្នាំ​២០២៦។ យ៉ាងណា​ ក្រសួង​ថា សម្រាប់ព្យុះទី​១០ ឈ្មោះ មៃសាក់ បានចុះ​ខ្សោយឥទ្ធិពល និង​​​រលាយ​បាត់ទៅវិញ កាលពីថ្ងៃ​ទី៦ ខែកក្កដា ឆ្នាំ២០២៦៕
 
អត្ថបទដោយ៖ គង់ ច័ន្ទពេជ្ររ៉ា

អត្ថបទគួរឱ្យចាប់អារម្មណ៍