អ្នក​ឃ្លាំមើលសង្គម​​​ទទូច​ឱ្យ​​រក​អ្នក​ពាក់​ព័ន្ធករណីរត់ការ​ដោះ​លែង​ជនសង្ស័យ​​ក្នុងករណីឆបោក​តាមអនឡាញ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) បាន​ប្រកាស​ឱ្យ​ដឹង​​កាល​ពីសប្តាហ៍​មុន​​អំពី​ការ​ឃាត់​ខ្លួន​មន្ត្រី​​នគរបាល​​មួយរូប​នៅ​ខេត្ត​បាត់ដំបងនិង​អ្នក​ពាក់​ព័ន្ធ​​ ដែល​តាម​ចោទថា បាន​ទទួល​សំណូក​ជិត​៨០​​ម៉ឺន​​​ដុល្លារ​ជា​ថ្នូរ​នឹង​ការរត់​ការ​​ដោះ​លែងជនសង្ស័យ​​ជនជាតិ​ថៃជាង​៤០​​នាក់​ ដែល​ពាក់ព័ន្ធនឹង​​សកម្មភាព​ឆបោក​អនឡាញ។​​ ព័ត៌មាន​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​នៅក្នុង​ចំណោម​សា​ធា​រណជននិង​អ្នក​ឃ្លាំមើល​សង្គម​​។​​

ខណៈ​​សង្គម​ស៊ីវិល​និងអ្នក​ឃ្លាំមើល​សង្គម​​មួយ​ចំនួន​​បានសាទរចំពោះ​​​ចំណាត់​ការ​របស់​អង្គភាព​​​ប្រ​ឆាំង​អំពើ​ពុករលួយ​ ពួកគេ​បន្ត​ជំរុញ​ឱ្យ​វែកមុខ​អ្នក​ពាក់​ព័ន្ធបន្ថែម​ទៀត​ ដោយ​​អះអាង​ថា ករណីនេះអាច​ជា​ផ្នែក​មួយ​នៃ​បណ្តាញ​អំពើ​ពុករលួយ​ធំជាងនេះ ដែល​ពាក់​ព័ន្ធនឹងបទ​ល្មើស​បច្ចេក​វិទ្យា ​ដែល​កំពុង​រីករាល​ដាល​។​​

យោង​តាម​របាយការណ៍​ដែល​ចេញផ្សាយ​នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពប្រ​ឆាំងអំពើពុករលួយ(ACU) បានបញ្ជាក់ថា ឈ្មោះ វ៉ន វាសនា អធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង គឺ​​ជាអ្នករត់ការ​ដោយ​ទទួលសំណូក​ពី​ថៅកែ​ជន​ជាតិថៃម្នាក់​ឈ្មោះ OVARARINT RAWI តាមរយៈជនជាតិ​ថៃ​មួយ​រូបទៀតឈ្មោះ SRIPHAN SUPARP ដើម្បីដោះលែងក្រុមកូនចៅរបស់ខ្លួន​ចំនួន៤៣នាក់ ដែលត្រូវបានឃាត់ខ្លួន​។ តាម​ចោទ​ថា លោក វាសនា​ ទទួល​បាន​ប្រាក់​១៨.០០០​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​ ដែល​សរុប​ទាំង​អស់​៧៧៤.០០០​ដុល្លារ​ ដើម្បី​រត់ការ​ដោះ​លែង​​ជន​សង្ស័យ​ទាំង​នេះ។​  

យោងតាម​ ACU បាន​ឱ្យ​ដឹង​ថា នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២៥ ឈ្មោះ វ៉ន វាសនា បានប្រ​គល់ប្រាក់ ២៨៤ ០០០ ដុល្លារ ឱ្យឈ្មោះ ហេង សុខណា នៅខេត្តកំពត ដើម្បីរត់ការសូកប៉ាន់ និងមាន​​ឈ្មោះ មុនី សុខដារ៉ូ ជា​អ្នកឃុបឃិត និងជួយលាក់បាំងការផ្ទេរប្រាក់ ប៉ុន្តែ​ការរត់ការនេះមិន​បានសម្រេច​។ នៅក្នុង​ករណីនេះ​  ACU រក​ឃើញ​អ្នក​ពាក់​ព័ន្ធចំនួន​៦​រូប​ មាន​ឈ្មោះ​ វ៉ន វាសនា ជា​អធិការរងស្រុកបវេល​ ឈ្មោះ តាំង សំណាង ជា​មន្ត្រីយោធា​ ឈ្មោះ ហេង សុខណា និង​ឈ្មោះ មុនី សុខដារ៉ូ ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន ACU ឃាត់ខ្លួន​នៅថ្ងៃ​​ទិ​១៨​កញ្ញា ឆ្នាំ​២០២៥​ ដោយ​ជាប់ចោទពីបទ​ប៉ុនប៉ង​សូកប៉ាន់​ ខណៈ​ជន​សង្ស័យ​ជនជាតិ​ថៃពីរនាក់ទៀត​គេចខ្លួន​។​  

ជុំវិញករណីនេះ លោក មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម គាំទ្រចំណាត់ការរបស់​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​លើ​មន្ត្រី​ដែល​សង្ស័យ​ថា ​បាន​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ក្រុម​ឆបោក​តាម​​អនឡាញ​​ជនជាតិថៃ ប៉ុន្តែ​លោក​ទទូច​​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ស៊ីជម្រៅបន្ថែមទៀត ​​ ព្រោះ​ការ​រកឃើញនេះ គ្រាន់តែ​ជា​ករណីមួយក្នុងចំណោម​ករណីច្រើន​ទៀត​​។​

លោកមាន​ប្រសាសន៍​ថា៖ « ​ខ្ញុំ​ចង់​ឃើញ​ ACU បំពេញតួនាទីឱ្យកាន់តែសកម្ម ហើយរុកទៅរកសំបុកដើមនៃអំពើឧក្រិដ្ឋកម្ម Scam online ហ្នឹង»។

លោកបន្ថែមថា ករណីអំពើពុករលួយនេះត្រូវការការស៊ើបអង្កេតបន្ថែមទៀត ព្រោះថា អាចមាន​អ្នក​​ពាក់ព័ន្ធច្រើននាក់ទៀតក្នុងរឿងនេះ។

លោកមាន​ប្រសាសន៍​ថា៖ «បើនិយាយអំពីអំពើពុករលួយវិញ អ្វីដែលយើងត្រូវការស៊ើបអង្កេតបន្តទៀត ព្រោះ​អី​ជា​ប្រពៃណី​​ការ​អំពើ​ពុករលួយបែបហ្នឹង គឺមិនសូវកើតសម្រាប់តែបុគ្គលម្នាក់ៗទេ ច្រើនតែយកមកចែកគ្នារស់។ បានន័យថា ខាងក្រោមចិញ្ចឹមថ្នាក់លើ ថ្នាក់លើចិញ្ចឹមថ្នាក់លើទៀត ខ្មែរយើងប្រពៃណីបែបហ្នឹងហើយ។ អ៊ីចឹង​ការស្រាវជ្រាវស៊ើបអង្កេតបន្តទៅលើអ្នកដែលឃុប​ខិតទៀត អាហ្នឹងសុទ្ធតែជារឿងដែល​យើង​អាច​បង្ហាញ​ទៅ​ដល់​មន្ត្រីដទៃទៀត»។

ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​ចំពេល​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​អំពី​ការ​ជាប់ពាក់ព័ន្ធ​របស់​មន្ត្រី​​នៅ​ក្នុង​ប្រតិបត្តិការ​ឆបោក​អនឡាញ​ដែល​បាន​រីករាល​ដាលនៅក្នុង​ប្រទេសកម្ពុជា។​ ចំណាត់ការ​​នេះ មិនមែនជា​លើក​ដំបូង​​ទេ កាល​ពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងយុត្តិធម៌បានសម្រេច​ផ្អាកមុខងារលោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍​សាត់​ជាបណ្តោះអាសន្ន ជុំវិញ​ការសម្រេច​ដោះលែងជនសង្ស័យពាក់ព័ន្ធ​ក្នុងបទល្មើសឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា។ ការសម្រេចផ្អាកមុខងារព្រះរាជអាជ្ញារងរូបនេះ គឺធ្វើ​តាមបញ្ជារបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

លោក រ៉ុង ឈុន ជា​ទីប្រឹក្សាគណបក្សកម្លាំងជាតិមាន​ប្រសាសន៍​ថា ទំហំ​ទឹក​ប្រាក់​នៃការ​ប្រព្រឹត្តនេះ គឺច្រើន ហើយ​​អាចមាន​ខ្សែបណ្តាញ​និង​អ្នក​ពាក់ព័ន្ធច្រើន​ ដោយ​​លោក​ស្នើ​សុំ​ឱ្យ​មាន​ការ​ស្រាវ​ជ្រាវ​និង​អនុវត្ត​ច្បាប់​លើ​មន្ត្រីទាំងនោះ ដោយ​គ្មានការ​លើកលែង​ ប្រសិនបើ​រកឃើញថា ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​មែន។​

លោកមាន​ប្រសាសន៍ថា៖ «ការបោសសម្អាតអំពើពុករលួយវាត្រូវបោសសម្អាតពីលើមកក្រោម។ បើយើងគ្រាន់តែ​បោសសម្អាតថ្នាក់ក្រោម ថ្នាក់លើដែលប្រព្រឹត្តយើងមិនមានវិធានការចាត់ការតាមផ្លូវច្បាប់ អាហ្នឹងក៏វា​នៅតែបោស​បានបន្តិចទៅ វាអាចកើតមកវិញ​បន្តបន្ទាប់ទៀត»។

លោក រ៉ុង ឈុន សម្តែង​ការ​ព្រួយបារម្ភ​​ថា កាលណាអំពើពុករលួយកើតឡើងក្នុងសង្គមនោះ វាអាចបង្កឱ្យមានអយុត្តិធម៌សង្គមកើត​ឡើង បញ្ហាភាពក្រីក្រ និង​មិន​អាច​ធ្វើឱ្យសង្គមរីកចម្រើន​បានទេ​​។

ជុំវិញករណីនេះដែរ​ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការ​ទូទៅនៃអង្គការលីកាដូ ចាត់ទុកករ​ណីអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបងទទួលសំណូកជាថ្នូរនឹងការដោះលែងក្រុមឆបោកតាមអនឡាញជនជាតិថៃនេះថា ជារឿងប៉ះ​ពាល់​មុខមាត់​​មន្ត្រីអនុវត្តច្បាប់​។

លោកថា៖ «វាជារឿងគូរឱ្យអាម៉ាស់មួយដែលមន្ត្រីនគរបាលម្នាក់មានឋាន:ជាអធិការងស្រុកបវេល ខេត្តបាត់ដំបងប្រព្រឹត្តនូវអំពើពុករលួយក្នុងបទឧក្រិដ្ឋកម្មឆរបោកតាមប្រព័ន្ធអនឡាញ ដោយទទួលសំណូកក្នុងការដោះលែងឧក្រិដ្ឋជន»។

លោក អំ សំអាត ​បន្ថែមថា បញ្ហា​ឆបោក​អនឡាញ​បាន​ក្លាយ​ជា​បញ្ហា​ក្តៅគគុក​ក្នុង​ពិភព​លោក​ជា​ពិសេស​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ទាម​ទារ​ឱ្យមានការ​អនុវត្ត​ច្បាប់​លើ​​​អ្នក​ពាក់​ព័ន្ធ​​។ ដោយ​លោក​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ​​បញ្ហាឆបោកតាមអន​ឡាញនេះប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម​​ជាតិដូច​ជាប៉ះពាល់ដល់វិស័យទេសចរណ៍អន្តរជាតិ ការវិនិយោគ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងសង្គម។

ទោះបីជា​យ៉ាងណា​លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានប្រាប់ Press Start Cambodia នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា អង្គភាពប្រឆាំងអំពើពុករលួយប្ដេជ្ញាបន្ត​អនុវត្តតួនាទីរបស់ខ្លួនឱ្យបានហ្មត់ចត់ ដើម្បីធានាថា ប្រទេសមានភាពស្របច្បាប់ និងសុចរិត​។ លោក​ក៏បាន​អំពាវនាវឱ្យសាធារណជនចូលរួមទាំងអស់គ្នាក្នុងការប្រយុទ្ធប្រឆាំងអំ​ពើ​ពុ​​ករលួយ ដើម្បីឱ្យស្ថាប័នរដ្ឋមានភាពស្អាតស្អំ និងប្រទេសជាតិរឹងមាំជាបន្ត​។

លោកមាន​ប្រសាសន៍​ថា ៖ « អង្គភាព [ប្រឆាំង​អំពើ​ពុក​រលួយ​] នៅតែធ្វើការបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាសេនាធិការរបស់រដ្ឋាភិបាលក្នុងការដឹកនាំក្នុងការប្រឆាំងអំពើពុករលួយប្រ​កបដោយការទទួលខុសត្រូវ ចឹងបានន័យថា ការងាររបស់យើង យើងធ្វើការដោយទទួលខុសត្រូវ ហើយមានចំណាត់ការណាមួយដែលច្បាស់លាស់ ម៉តចត់”។

ការលាត​ត្រដាង​ករណីសូកប៉ាន់​ដ៏ធំមួយ​នេះ ដែល​ពាក់ព័ន្ធនឹង​បទល្មើស​ឆបោក​អនឡាញ កើត​មាន​ ស្រប​​ពេលក្រសួង​ការបរទេស​អាមេរិក​ចេញ​របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ​២០២៥ (TIP) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយ​បន្តដាក់កម្ពុជានៅក្នុងចំណាត់ថ្នាក់កម្រិតទី៣ ដដែលជាប្រទេសមានបញ្ហាអំពើជួញដូរមនុស្សធ្ងន់ធ្ងរ។

របាយការណ៍បានបញ្ជាក់ថា៖ «រដ្ឋាភិបាលកម្ពុជាមិនបានបំពេញតាមស្តង់ដារអប្បបរមានៃការ​លុបបំបាត់អំពើជួញដូរមនុស្ស និង​មិនបានខិតខំប្រឹងប្រែងគ្រប់​គ្រាន់ ដើម្បីលុប​បំបាត់​បញ្ហានេះទេ​»​។

ការរិះគន់របស់សហរដ្ឋអាមេរិក ផ្តោតសំខាន់លើការដែលកម្ពុជាបានផ្តល់ជម្រកដល់ឧស្សាហកម្មឆបោកតាមអនឡាញ និងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ដែលអ្នកស្រាវជ្រាវ និងអ្នកស៊ើបអង្កេតបានបានរាយការណ៍ថា មានការគប់គិតពីមន្ត្រីជាន់ខ្ពស់។

ក្រសួងការបរទេសអាមេរិកលើកឡើងក្នុងរបាយការណ៍ថា៖ «មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ បានបំ​ភិត​បំភ័យជនរងគ្រោះ និងសាក្សីដែល​បាន​ដឹងពី​ការប្រើ​កម្លាំង​ពលកម្ម​ដោយបង្ខំនៅក្នុងប្រតិបត្តិការឆបោកតាមអនឡាញ ក៏ដូចជាសកម្មជនសង្គមស៊ីវិល ដែលកំពុងធ្វើការ ដើម្បីលាត​ត្រ​ដាងអំពើ​ជួញដូរមនុស្ស ដែលទាក់ទងនឹងអំពើ​ឆបោក​អនឡាញ​ និងបានរារាំងដល់​ការស៊ើបអង្កេត លើអំពើ​ជួញដូរមនុស្សនៅតាម​ទីតាំង​ឆបោក​តាមអនឡាញ»។

ក្រសួងការបរទេសអាមេរិកបានអំពាវនាវឱ្យកម្ពុជា ផ្តន្ទា​ទោសអ្នកជួញដូរមនុស្សរួម​ទាំងមន្ត្រី និងពង្រឹង​ការអនុវត្តច្បាប់ ព្រមទាំងពង្រីកការពារ និងសេវាកម្មសម្រាប់ជនរងគ្រោះ និងអនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិលនិងអ្នកសារព័ត៌មានប្រតិបត្តិការដោយសេរី។

យោង​តាមរបាយការណ៍ឆ្នាំ​២០២៤ ​នៃ​គម្រោងប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (Cambodia Counter Trafficking in Persons Project – CTIP) របស់អង្គការ Winrock International បានប៉ាន់ប្រ​មាណ​ថា មានកន្លែង​ឆបោកតាម​​អនឡាញ​យ៉ាងហោចណាស់៣៥០ ទីតាំង​កំពុងដំ​ណើរ​​ការនៅ​ទូទាំងប្រទេសកម្ពុជា ដែលមាន​ពលករបរទេសប្រមាណ ១៥ម៉ឺននាក់​ ដោយ​គិត​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​២០២១​មក​។ ពលករបរទេស​​ទាំង​នោះ​ត្រូវ​បាន​​បង្ខំឱ្យ​ធ្វើ​សកម្មភាព​ឆបោក​អនឡាញ​ក្រោម​​ការ​ឃ្លាំមើល​និង​គំរាម​កំហែង​។​

ស្រដៀងគ្នានេះដែរ កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ចសហរដ្ឋអាមេរិកចាត់វិធានការ​លើទីតាំងឆបោកអនឡាញនៅអាស៊ីអាគ្នេយ៍រួម​ទាំង​ទីតាំងឆបោក​អនឡាញ​ ១០ កន្លែង​នៅ​ក្នុងប្រទេសកម្ពុជា ដែលភាគច្រើនស្ថិតនៅក្នុងកាស៊ីណូ ដែលកាន់កាប់ដោយជនជាតិចិន។ បើតាម​ក្រសួងសេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ថា ជនជាតិអាមេរិកបានបាត់បង់ប្រាក់ជាង ១០ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយសារបណ្តាញឆបោក ដែលមានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍ ហើយទីតាំង​កាស៊ីណូទាំងនេះ ត្រូវបានប្រើប្រាស់សម្រាប់ការឆបោកវិនិយោគរូបិយប័ណ្ណឌីជីថល។

ជា​ការ​ឆ្លើយ​តប ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​តែង​តែ​អះអាងថា កម្ពុជាមិន​ដែល​ព្រងើយ​កន្តើយ​ចំពោះបទល្មើស​ជួញដូរ​មនុស្សនិង​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​អនឡាញ​​ឡើយ​។​ តាមរយៈរបាយការ​ណ៍ក្រសួងព័ត៌មាន បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបសកម្មភាពឆ​បោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០​២៥ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៣០៧៥ នាក់ ដែលមានស្ត្រី​ចំនួន ៦០៦ នាក់។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនជាតិចិនចំនួន ១០២៨ នាក់ មានស្ត្រីចំនួន ៨៩នាក់។  

ជុំវិញករណី​មន្ត្រីនគរបាល​ស្រុក​បវេលទទួល​សំណូក​ ដើម្បីរត់​ការ​ដោះ​លែង​ជន​សង្ស័យជនជាតិ​ថៃ​ជាង​៤០​នាក់ ​ក្នុង​ករណី​ឆបោក​តាម​អនឡាញនេះដែរ ​លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបាន​ការ​ពារ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​អះអាងថា តាម​រយៈ​ការ​ចាប់​ខ្លួន​​នេះបាន​បង្ហាញថា អាជ្ញាធរ​កំពុង​តែ​ស៊ើប​អង្កេត​យ៉ាង​​សកម្ម​និង​មាន​ប្រសិទ្ធភាព​ ហើយថា គួរ​តែមាន​ការ​លើក​ទឹកចិត្ត​ជាជាង​រង់ចាំ​តែ​រិះគន់​។​

លោកមាន​ប្រសាសន៍​ថា៖ «ដោយសារមានការស៊ើបអង្កេតយ៉ាងសកម្មបែបនេះហើយទើបអាចចាប់បានជនល្មើស។ គេខំធ្វើការគួរតែចេះលើកទឹកចិត្តគេខ្លះផង កុំចាំតែតិះគន់។ អ្នកណាប្រព្រឹត្តល្មើសច្បាប់ អ្នកនោះត្រូវតែទទួលទោសតាមផ្លូវច្បាប់ដោយគ្មានការលើកលែង និងអនុគ្រោះឡើយ”។

លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេដមិន​ធ្វើ​អត្ថាធិប្បាយ​ ដោយបង្វែរ​​សំ​ណួរ​​​ទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ​។​ ចំណែកលោក ឆាយ គឹមឃឿន​ អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិ មិនអាចសុំការអត្ថាធិប្បាយ​បាន​ទេ។

ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញនេះដែរ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលថ្ងៃ​ទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានចេញបញ្ជាទៅកាន់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធរួមមានមន្ត្រីយោធា នគរបាលជាតិ ឆ្មាំព្រំដែន និយ័តករល្បែងស៊ីសង និងភ្នាក់ងារផ្សេងៗទៀត ដាក់គោល​ដៅបង្ក្រាបទីតាំងប្រតិបត្តិការឆបោក និងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដូចជាការជួញដូរមនុស្សជាដើម​​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍