ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន​ ផ្ញើសាររំលែកទុក្ខជូនគ្រួសារលោក កឹម សុខា

ដោយៈ

Press Start Cambodia Avatar

ប្រធានព្រឹទ្ធ​សភា លោក ហ៊ុន សែន បានផ្ញើលិខិតរំលែកទុក្ខដល់គ្រួសារលោក កឹម សុខា បន្ទាប់ពី​ទទួល​ដំណឹងពីមរណ​ភាពរបស់​ឧបាសិកា​ សៅ ង៉ែត ដែលជា​​ម្ដាយ​បង្កើត​​របស់ លោក កឹម សុខា។

ក្នុងសារលិខិត​រំលែកមរណទុក្ខ​របស់​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន ចុះ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ​២០២៦ បាន​​លើក​​ឡើង​ថា លោក​ និង​ភរិយា មានសេចក្តីក្តុកក្តួល និង​សោកស្តាយ​ជា​ពន់ពេក បន្ទាប់​ពី​បាន​ទទួលដំណឹង​​ពីមរណភាព​របស់​ឧបាសិកា សៅ ង៉ែត កាលពីវេលា​​ម៉ោង​១១យប់ ​ថ្ងៃទី​០៨ ខែ​កក្កដា ឆ្នាំ​២០២៦ ក្នុង​ជន្មាយុ ១០១ឆ្នាំ ដោយ​ជរាពាធ។

លោក​បានគូសបញ្ជាក់​ក្នុង​​លិខិត​​ថា៖ «ខ្ញុំ និង​ភរិយា សូម​ចូល​រួម​រំលែក​ទុក្ខ ​និង​សោក​ស្ដាយ​ស្រណោះ ​អាឡោះ​​​អាល័យ​ជា​អនេក​ជាមួយ លោក និង​លោកស្រី ព្រម​ទាំង​គ្រួសារ​ចំពោះ​ការបាត់​បង់​នូវ​ម្ដាយ​បង្កើត ម្ដាយ​ក្មេក ជីដូន ជីទួត ជាទី​គោរ​ព​ស្រឡាញ់​បំផុត ​ដែល​មិន​អាច​កាត់​ថ្លៃបា​ន​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌ និង​សង្គហធម៌​គំរូ​មួយ​រូប​របស់​កូន កូន​ប្រសារ ចៅ​ប្រុស​ចៅ​ស្រី»។

ជាង​​នេះទៅទៀត លោក​ថា មរណភាព​ឧបាសិកា សៅ ង៉ែត គឺជា​ការ​បាត់​បង់​នូវ​ពុទ្ធសាសនិក​មួយ​រូប ដែល​មាន​សទ្ធាជ្រះថ្លាក្រៃ​លែង ដែលបានបូជា​អស់កម្លាំង​កាយ​ចិត្ត ពេល​វេលា និង​ថវិកា ចូលរួមចំណែក​ក្នុងការ​ទ្រទ្រង់​ និង​លើក​ស្ទួយវិស័យព្រះពុទ្ធ​​សាសនានៅកម្ពុជា។

Press Start Cambodia មិនអាចសុំការ​អត្ថាប្បាយ​បន្ថែមជុំវិញរឿងនេះ ពីលោក ជា ធីរិទ្ធ អ្នកនាំ​ពាក្យ​របស់​លោក ហ៊ុន សែន បាន​ទេ ដោយទូរសព្ទ​ចូលមិនមានអ្នកឆ្លើយតប។

នៅថ្ងៃនេះដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, គណបក្ស​នយោបាយ​មួយចំនួន រួមទាំង​អ្នកនយោបាយ និង​សកម្មជន​គណបក្ស​ក្រៅរដ្ឋាភិបាល ក៏បាន​ផ្ញើលិខិត និង​​សារចូលរួមរំលែក​មរណៈ​ទុក្ខសព​ម្តាយ​របស់​លោក កឹម សុខា​ ផង​ដែរ។​​

សហមេធាវីការ​ពារ​ក្តីឱ្យ លោក កឹម សុខា គឺ​លោក ផែង ហេង បាន​បង្ហោះសារ​នៅលើបណ្តាញ​​សង្គម​របស់​លោក​​ថា ឧបសិកា​ សៅ ង៉ែត ដែល​ជា​ម្តាយ​បង្កើត​របស់​លោក កឹម សុខា បាន​ទទួល​មរណភាព​នៅយប់ថ្ងៃ​ទី០៨ ខែ​កក្កដា។

ការ​​បង្ហោះសាររបស់​លោគ ផែង ហេង ដោយមានភ្ជាប់ជាមួយ​នូវ​ដំណឹង​មរណភាពផង​នោះ ពិធីបុណ្យសព​ឧបសិកា សៅ ង៉ែត បាន​ប្រារព្ធ​ធ្វើឡើងនៅ​បុរីភ្នំពេញ​ថ្មី Elite Park សង្កាត់ក្រាំង​ធ្នុង ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ហើយ​នៅថ្ងៃអាទិត្យ ទី​១៣ ខែកក្កដា នឹង​ដង្ហែសព​ទៅ​បញ្ចុះ​នៅស្រុក​កំណើត ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ៕

អត្ថបទដោយ៖ ធួន ស្រីពៅ

អត្ថបទគួរឱ្យចាប់អារម្មណ៍