ប្រធានព្រឹទ្ធសភា លោក​​ ហ៊ុន សែន ​ទៅចូលរួម​ពិធី​បុណ្យសព​ម្តាយ​លោក​កឹម សុខា

ដោយៈ

Press Start Cambodia Avatar

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៦ បានអញ្ជើញ​ទៅ​ចូលរួម​​​​គោរពវិញ្ញាណក្ខន្ធសពលោក​យាយ​​ឧបាសិកា សៅ ង៉ែត ត្រូវជាម្តាយបង្កើតរបស់លោក កឹម សុខា នៅ​ទីតាំង​ពិធី​បុណ្យ​ក្នុង​​សង្កាត់ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

យោងតាមទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ឱ្យ​ដឹងថា កា​រអញ្ជើញទៅ​អុជ​ធូប​​គោរព​​វិញ្ញាណក្ខន្ធ​សព​ម្តាយ​​ លោក​ កឹម សុខា​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ គឺធ្វើឡើង​បន្ទាប់​ពីលោកបាន​បញ្ចប់​​បេសកកម្ម​ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុមប្រឹក្សា​ និង​ថ្នាក់ដឹកនាំ​មន្ទីរ-អង្គភាពនានា នៅ​ខេត្ត​ព្រះវិហារ។

ប្រភពដដែល បន្តថា ការ​គោរពវិញ្ញាណក្ខន្ធ​ម្តាយ​បង្កើត​របស់​លោក កឹម សុខា នា​ពេល​នេះ គឺ​ជា​ការ​បង្ហាញ​នូវ​​កា​រយក​ចិត្ត​ទុក​ដាក់​ខ្ពស់ និង​មនោសញ្ចេតនា​ដ៏ជ្រាលជ្រៅ​បំផុតរបស់​ លោក ហ៊ុន សែន ចំពោះ​គ្រួសារ​លោក កឹម សុខា ក្នុងគ្រា​ដ៏ក្រៀមក្រំនេះ។

កាលពីថ្ងៃទី​០៩ ខែកក្កដា ម្សិលមិញ លោក​ ហ៊ុន សែន​ ក៏បានផ្ញើ​សារ​​លិខិត​រំលែក​មរណទុក្ខ​​ជូន​ចំពោះក្រុម​គ្រួសារ​​លោក កឹម សុខា​ ​​ផងដែរ ដោយ​ក្នុង​លិខិត​នោះ លោក​បាន​​សម្តែង​នូវ​ការ​សោក​ស្តាយ​ជា​ពន់​ពេក និង​បាន​ចាត់​ទុក​មរណភាព​របស់​លោក​យាយ​ឧបាសិកា សៅ ង៉ែត គឺ​ជា​ការ​បាត់​បង់​នូវ​មាតា ជីដូន ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌ ហើយ​ក៏​ជា​ការ​បាត់​បង់​នូវ​ពុទ្ធ​សាស​និក​មួយ​រូប ដែល​មាន​សទ្ធា​ជ្រះ​ថ្លា​ក្រៃលែង ក្នុង​ការ​បូជា​អស់​កម្លាំង​កាយ​ចិត្ត ពេលវេ​លា និង​ថវិកា ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​វិស័​យព្រះ​ពុ​ទ្ធ​សាសនា​នៅ​កម្ពុជា នា​ពេល​​កន្លង​មក​ផង​ដែរ។

គួរបញ្ជាក់ថា ​​លោកយាយឧបាសិកា សៅ ង៉ែត ម្តាយ​បង្កើត​របស់​​លោក កឹម សុខា អតីត​ប្រធាន​​គណបក្ស​សង្គ្រោះជាតិដែល​តុលាការ​បាន​រំលាយ បានទ​ទួល​មរណ​ភាព​កាល​ពី​វេលា​ម៉ោង ១១​យប់ ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២៦ ដោយជ​រា​ពាធ ក្នុង​ជន្មាយុ ១០១​ឆ្នាំ។

នៅ​ថ្ងៃនេះដែរ គេ​សង្កេត​ឃើញ​ថ្នាក់ដឹកនាំគណបក្ស​នយោបាយ​ក្រៅរដ្ឋាភិបាល​ និង​សមាជិក​គណបក្ស​​មួយចំនួន ក៏បាន​អញ្ជើញទៅចូលរួម​ពិធីបុណ្យសពម្តាយ​លោក​ កឹម សុខា ផងដែរ ក្នុង​នោះ​មាន​ដូចជា ព្រះអង្គម្ចាស់​ នរោត្តម ចក្រាវុធ ព្រះប្រធាន​គណបក្ស​​ហ៊្វុន​ស៊ិន​ប៉ិច​​, លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់​ថ្មី, ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈខ្មែរជា​ដើម។

បើតាមកម្មវិធីបុណ្យ ពិធី​ដង្ហែ​សព​លោក​យាយ​​ឧបាសិកា សៅ ង៉ែត នឹង​ត្រូវ​ហែ​ទៅ​បញ្ចុះ​សព​នៅ​ស្រុក​កំណើត ក្នុ​ងស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ នៅថ្ងៃ​​ទី​១២ ខែកក្កដា ខាង​មុខ​នេះ៕

អត្ថបទ​ដោយ៖ ស៊ន មេសា