សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី៣១ ឬហៅថា COP31 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីក្រុងអង់តាល្យា (Antalya) ប្រទេសតួកគី។
ឆ្លៀតក្នុងឱកាសនេះ តំណាងអង្គការសង្គមស៊ីវិលជាង៣០០ស្ថាប័ន និងសហគមន៍មូលដ្ឋានមួយចំនួននៅប្រទេសកម្ពុជា បានអះអាងថាខ្លួននឹងលើកយកបញ្ហាអាទិភាពរបស់កម្ពុជាចំនួន៦ ទៅលើកឡើងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី៣១ ឬហៅថា COP31។
ការអះអាងនេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ដីពីការអំពាវនាវរបស់អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានទៅកាន់ COP31 នៅការិយាល័យរបស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) នៅរាជធានីភ្នំពេញ មុនពេលពួកគេចូលរួមសន្និសីទនេះនៅប្រទេសតួកគី។
លោក សឿង សារឿន នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum) ថ្លែងក្នុងសន្និសីទសារព័ត៌មានថា លោកនឹងចូលរួមសន្និសីទក្នុងនាមជាអ្នកអង្កេត(observer) ដោយនឹងនាំយកនូវបញ្ហាអាទិភាព ៦ ដើម្បីឱ្យថ្នាក់ដឹកនាំពិភពលោក និងភាគីពាក់ព័ន្ធជួយដោះស្រាយ។
បញ្ហាធំទាំង៦រួមមានទី១ ជំរុញថ្នាក់ដឹកនាំពិភពលោកធានាឱ្យហិរញ្ញបទានអាកាសធាតុ មានសមធម៌ និងអាចឱ្យមនុស្សគ្រប់ប្រភេទទួលបាន។ ទី២ ធ្វើឱ្យសើរឡើងនៅក្នុងយន្តការនៃការពង្រឹងការបន្សាំទៅលើការប្រែប្រួលអាកាសធាតុ និងធានាឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធជាពិសេសសហគមន៍ជនជាតិដើមភាគតិច និងសហគមន៍ងាយរងគ្រោះ។ ទី៣ ជំរុញឱ្យមានបដិវត្តកម្មពីថាមពលមិនស្អាតទៅថាមពលស្អាត។
បញ្ហាអាទិភាពទី៤គឺលោកចង់ឱ្យពិភពលោករួមគ្នាការពារធនធានធម្មជាតិជាពិសេសព្រៃឈើ ជីវចម្រុះ និងដីជនជាតិដើមភាគតិច។ ទី៥ឱ្យពិភពលោកយកចិត្តទុកដាក់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ដល់សេវាសាធារណៈ សុខភាពសាធារណៈ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងបញ្ហាទី៦គឺជំរុញធានាឱ្យមានអភិបាលកម្មមានបរិយាបន្ន ជំរុញឱ្យយុត្តិធម៌យេនឌ័រ និងសិទ្ធិមនុស្សពេញលេញ។
លោក សឿង សារឿន មានប្រសាសន៍ថា៖ «ហើយក្នុងទាំង៦(ប្រធានបទ)ហ្នឹង យើងមាន៧សំណើដែលជាអាទិភាព ហើយនិងមាន៣២សំណើជាសំណើជាក់លាក់ទៅកាន់ថ្នាក់ដឹកនាំពិភពលោក នៅក្រោមប្រធានបទទាំង៦ ដែលពួកយើងប្រមូលផ្ដុំនេះ»។
នាយកប្រតិបត្តិ NGO Forum រូបនេះឱ្យដឹងថា មុននឹងបានប្រធានបទ ឬបញ្ហាអាទិភាពទាំង៦នេះ ស្ថាប័នលោកបានពិភាក្សាជាមួយអង្គការស្ថាប័នក្រៅរដ្ឋាភិបាលចំនួនជាង ៣០០ស្ថាប័ន សហគមន៍មូលដ្ឋាន យុវជន និងក្រុមងាយរងគ្រោះសរុបប្រហែល២៥០០នាក់ ដោយចំណាយពេលប្រមាណ៩ខែមកហើយ។
លោក វ៉ាន់ ឧទ័យ ជនមានពិការភាពភ្នែក និងជើងទាំងសងខាង ដែលចូលរួមក្នុងសន្និសីទកាសែតបាននិយាយថា លោកសង្កេតឃើញនៅកម្ពុជានៅមិនទាន់មានផាសុខវត្ថុ ឬវត្ថុដែលបង្កភាពងាយស្រួលដល់ជនមានពិការភាពពេញលេញនៅឡើយទាំងផ្នែកសាធារណៈ និងផ្នែកឌីជីថល និងប្រព័ន្ធជូនដំណឹងឱ្យជម្លៀសខ្លួនមុនគ្រោះធម្មជាតិ(Early warning system)។
ផ្អែកលើចំណុចខ្វះខាតខាងលើ លោកថានឹងពាំនាំយកនូវការលំបាកនេះទៅសន្និសីទ COP31 ឱ្យពិភពលោកជួយចែករំលែកបច្ចេកវិទ្យាបរិយាបន្នឱ្យកម្ពុជា ដើម្បីឱ្យជនមានពិការភាពទាំងអស់អាចជម្លៀសខ្លួនទាន់ពេលករណីមានគ្រោះមហន្តរាយកើតឡើង។ បន្ថែមពីនេះ លោកចង់ឱ្យពិភពលោកនិងកម្ពុជាផងផ្ដល់ឱកាសដល់ជនមានពិការភាពអាចរួមចំណែកក្នុងគោលនយោបាយនានា រួមទាំងគោលនយោបាយបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីអាចឆ្លើយបញ្ហាពួកគេបានប្រសើរ។ លោក ឧទ័យ ក៏ចង់ឱ្យមានជំនួយជាថវិកានានាទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ បានមកដល់ជនមានពិការភាពដោយផ្ទាល់ផងដែរ។
លោក វ៉ាន់ ឧទ័យ ថា៖ «ខ្ញុំរំពឹងថា១០ឆ្នាំទៀត សេវាសាធារណៈទាំងអស់ និងគ្រប់យន្តការ Climate Change(បម្រែបម្រួលអាកាសធាតុ) ជួយសម្របសម្រួលជនងាយរងគ្រោះ និងជនគ្រប់រូបក្នុងប្រទេសកម្ពុជាបាន[…]ខ្ញុំបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងខ្ពស់បំផុត ធ្វើយ៉ាងណាសិក្សាពីប្រទេសគេឱ្យបាន និងធ្វើយ៉ាងណាជជែកជាមួយរាជរដ្ឋាភិបាលយើងដើម្បីឱ្យគាត់ជួយក្នុងការសម្របសម្រួល»។
ចំណកឯលោក រម៉ាម ប្លេន ជាជនជាតិដើមភាគតិចចារ៉ាយ មកពីខេត្តរតនគិរី ថ្លែងក្នុងសន្និសីទកាសែតថា លោកនឹងលើកឡើងពីចំណេះដឹង ឬបទពិសោធន៍របស់ជនជាតិដើមភាគតិចការពារធនធានធម្មជាតិទៅចែករំលែកក្នុងសន្និសីទ COP31 ដើម្បីឱ្យពួកគេបានដឹង ហើយលោកក៏លើកយកទាំងបញ្ហាប្រឈម និងចំណុចវិជ្ជមានដែលរដ្ឋាភិបាលការពារធនធានធម្មជាតិផង។ បន្ថែមពីនេះ លោក ប្លេន ចង់ឱ្យមានជំនួយថវិកានានាដល់សហគមន៍ជនជាតិដើមភាគតិចផ្ទាល់ដែរ។
លោក រម៉ាម ប្លេន លើកឡើងថា៖ «បណ្ដាភាគីផ្សេងៗសន្យានឹងឱ្យថវិកាទៅដល់សហគមន៍នៅតំបន់ដែលមានជនជាតិដើមភាគតិច។ អ៊ីចឹងខ្ញុំអត់ទាន់ឃើញមានទិន្នន័យក្នុងកម្រិតណាដែលជនជាតិដើមភាគតិចទទួលបានDirect fund(ជំនួយជាថវិកាទៅពួកគេផ្ទាល់) ខ្ញុំត្រូវតែពាំនាំសំឡេងហ្នឹងទៅថ្នាក់ដឹកនាំ»។
រីឯកញ្ញា ឈាន លីហ្សា ជានិស្សិតនៅភ្នំពេញ និងជាតំណាងយុវជនបានប្រាប់ក្រុមអ្នកសារព័ត៌មាន និអ្នកចូលរួមសន្និសីទកាសែតថា កញ្ញានឹងលើកពីបញ្ហាថាមពល ដោយសារសង្កេតឃើញបច្ចុប្បន្ននេះនៅតែមានការប្រើប្រេឥន្ធនៈច្រើនដែលមិនល្អសម្រាប់បរិស្ថាន ដូច្នេះលីហ្សាចង់ឱ្យពលរដ្ឋងាកមកប្រើថាមពលកកតើតឡើងវិញ តួយ៉ាងដូចជាប្រព័ន្ធថាមពលសូឡាជាដើម ដែលល្អសម្រាប់បរិស្ថាន។
កញ្ញា ឈាន លីហ្សា លើកឡើងថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចលើកយក Key prioritize (ចំណុចគន្លឹះអាទិភាព) ទៅជជែក។ មុនដំបូងខ្ញុំនឹងយកទៅជជែកជាមួយភាគីពាក់ព័ន្ធនៅក្នុង COP31 ហ្នឹង បន្ទាប់មកនៅពេលដែលខ្ញុំត្រឡប់មកវិញ ខ្ញុំទទួលបានចំណេះដឹង និងបទពិសោធន៍ដែលពួកគាត់ចែករំលែកហើយនិងខ្ញុំបាន Observe (សង្កេត) ហ្នឹងខ្ញុំនឹងយកមកចែករំលែកបន្ត ឬក៏សហការជាមួយនិងភាគីពាក់ព័ន្ធដូចជារដ្ឋាភិបាល ឬក៏អង្គការសង្គមស៊ីវិលអីមួយ»។
គួរជម្រាបជូនថា សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅអំឡុងខែវិច្ឆិកា នៃឆ្នាំនីមួយៗ នៅប្រទេសខុសៗគ្នា។ តួយ៉ាងសន្និសីទនេះធ្លាប់រៀបចំឡើងនៅប្រទេសប្រេស៊ីល ប្រទេសអាស៊ែបៃហ្សង់ និងប្រទេសអារ៉ាប់រួមជាដើម៕
អត្ថបទដោយ៖ ហុង សេរីហ្វុង

