នាយករដ្ឋមន្ត្រី​ព្រមាន​ចាត់វិធានការ​លើក្រុមហ៊ុន​ និង​មន្ត្រីដែលពាក់ព័ន្ធ​ការ​លួច​នាំ​ប្រេង​ខុស​ច្បាប់ពីថៃ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី​០៣​ខែមេសា​នេះ បាន​ចេញ​បទ​បញ្ជា​ដាច់​ណាត់​ឱ្យក្រសួង និង​​​​ស្ថាប័ន​​ពាក់​​ព័ន្ធ​​ស្រាវជ្រាវជាបន្ទាន់ ជុំវិញករណីមានបណ្តាញ​​លួច​នាំ​ប្រេងខុសច្បាប់​ ពីប្រទេស​ថៃចូល​មក​កម្ពុជា ហើយ​​ត្រូ​វចាត់វិធានកា​រ​ច្បាប់​ឱ្យ​តឹង​រឹង​ចំពោះក្រុមហ៊ុន និង​មន្ត្រីរាជការ ឬកង​រាជ​​អាវុធ​ហត្ថ​​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​នេះ។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង​នៅក្នុងហ្វេសប៊ុក​របស់​លោក នាថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​​២០២៦​នេះថា លោកបានឃើញ​បណ្ដាញសា​រ​ព័ត៌​មាន​ថៃ​ ចុះ​ផ្សាយ​ព័ត៌​មាន​ពាក់ព័ន្ធ​នឹ​ង​ករណីដែ​លមា​ន​ប​ណ្ដាញ​លួច​នាំ​ប្រេង​ខុស​ច្បាប់ ​ពី​ប្រទេស​ថៃចូ​លមក​លក់​នៅ​កម្ពុជា​នៅ​ក្នុង​ពេល​នេះ។

ការណ៍នេះ លោក​បាន​បញ្ជាទៅ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក​ដ្ឋានគយ​ ឱ្យ​ស្រាវ​ជ្រាវ​​ករណីនេះ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​​ប្រ​សិន​ជា​កើ​តមាន​ពិត​មែន ​​ត្រូវ​​ស្រាវ​ជ្រាវ​​ឲ្យឃើ​ញមុ​ខ​សញ្ញាពា​ក់ព័​ន្ធទាំ​ង​អស់ និង​​​ត្រូវចាត់វិធានការ​ច្បាប់ឲ្យបានតឹងរឹងបំផុត។

លោក​បានគូសបញ្ជាក់ថា៖ «ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេង​ណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិន​ជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់​តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ»។

Press Start Cambodia មិនអាចសុំការអធិប្បាយពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ និង​​អគ្គស្នងការនគរបាលជាតិ លោក ស ថេត ព្រមទាំងអគ្គនាយកនៃ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានទេ ដោយ​ទូរស័ព្ទ​ចូលពុំមានអ្នកទទួល។

ចំណែក ប្រធានអង្គភាពរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ប្រាប់ Press Start Cambodia ថា​ បទ​បញ្ជា​របស់​​ប្រមុខ​រដ្ឋាភិបាល​ គឺធ្វើឡើង​​ក្នុងគោលបំណងស្រាវជ្រាវរកការពិត ព្រម​ទាំង​ចាត់​វិធានការ​ចំពោះ​អ្នក​ដែលប្រព្រឹត្តខុស។

លោកថា៖ «ដើម្បីស្វែងរកការពិត តើពិតជាមានបទល្មើស​នាំប្រេងចូលពីថៃដូចសារព័ត៌មានថៃបានផ្សាយ​មែនឬទេ? បើមានត្រូវចាត់វិធានការ​ច្បាប់យ៉ាងតឹង​រឹង​ ចំពោះបុគ្គល​ណាដែលប្រព្រឹត្តិល្មើលនបទបញ្ជារបស់រាជរដ្ឋាភិបាល»។

កាលពីថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៦ សារព័ត៌មានថៃ Thairath បា​ន​ដក​ស្រង់​សំដី​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ Anutin Charnvirakul មក​ចុះ​ផ្សាយ​ថា មាន​បណ្ដាញ​លួច​នាំ​ចេញ​ប្រេង​ឥន្ធនៈ​ដោយ​ខុស​ច្បាប់​ចេញ​ពី​​ប្រទេស​ថៃ​មក​កម្ពុជា។

លោក អានុទីន ត្រូវ​បានស្រង់​សម្តី​បន្ត​ថា៖ «យើងបានបង្កើតអង្គភាពមួយរួចហើយ ដើម្បីតាមដាន និងចាត់វិធានការលើអ្នកស្តុក​ទំនិញ ជាពិសេស​អ្នកដែលកំពុងឆក់ឱកាសពីស្ថានការណ៍នេះ ដោយបង្កើនតម្លៃ និងលួចដឹកប្រេងទៅលក់នៅបរទេស»។

ជុំវិញបញ្ហានេះ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានសាទរវិធាន​ការរបស់​លោកនា​យក​រដ្ឋ​មន្ត្រី ដោយសង្ឃឹមថា​ វិធានការមួយនេះ នឹងជំរុញឱ្យអនុវត្តពិតប្រាកដ ដើម្បីវែកមុខជនពាក់ព័ន្ធ និងបញ្ចប់សកម្មភាពដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។ លោកយល់​ថា ករណីនាំប្រេងខុសច្បាប់ពីប្រទេសថៃចូលកម្ពុជា ប្រសិនបើមានពិតប្រាកដ គឺ​ជាអំពើធ្ងន់ធ្ងរ ហើយ​អាចចាត់ទុកថាជាការក្បត់ជាតិ។

លោកថ្លែងថា ៖ «ខ្ញុំយល់ឃើញថា មិនមែននាំមក១កាន​ឬ២កាន់នោះទេ ច្បាស់ជានាំទាំងតោនៗ​​មកហើយ។ អ៊ីចឹងការ​ដែលអាចនាំមកបានមិនមែនជនសាមញ្ញ អ្នករត់ម៉ូតូឌុប ឬក៏អ្នកអាជីវកម្ម​​​សាំងការ៉ាស់សាំងមួយពីរ​ ឬក៏លក់សាំងដបទេ គឺជា​អ្នកដែលមានឥទ្ធិពលក្នុងសង្គមទាំង​អ្នករាជការ»

រីឯ​ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា យល់ថា ការចេញ​បទ​បញ្ជារបស់​ប្រមុខ​​​រដ្ឋាភិ​បាល ​គឺ​ជា​​រឿង​​​​​ល្អ ប៉ុន្តែចំណុចសំខាន់ គឺការអនុវត្តច្បាប់ឱ្យបានតឹងរឹង។ លោកបន្តថាប្រសិនបើនៅតែមានបក្ខពួកនិយម និងការអត់ឱន នោះ​អំពើពុករលួយនឹងនៅតែ​បន្តកើត​មាន ដែល​ធ្វើ​​ឱ្យប្រទេសជាតិ និងប្រជាពលរដ្ឋ​រង​គ្រោះ។

លោកមានប្រសាសន៍ថា៖ «សញ្ញាវិជ្ជមាននៃការកំណែទម្រង់អភិបាលកិច្ចល្អ និងរដ្ឋបាលសាធារណៈ ដើម្បី​បំបាត់អំពើពុករលួយ ទីមួយ។ ​មន្ត្រីខ្លួនឯងត្រូវតែ​គោរពច្បាប់ ហើយធ្វើខ្លួនឱ្យ​ស្អាត​​ស្អំ ស្រឡាញ់ជាតិ ជួយកសាងជាតិ»។

ចំណែក លោក អំ សំអាត នាយកទទួលបន្ទុកទូទៅនៃអង្គការលីកាដូ ក៏សាទរ​ចំពោះ​ការ​ចេញ​​បទ​បញ្ជា​​​ពី​សំណាក់​នាយក​រដ្ឋ​មន្ត្រី​ដែរ ដោយ​ចាត់​ទុក​ថា​នេះ​ជា​សញ្ញាណ​ល្អ​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ។

លោកថា៖ «នេះជាសញ្ញាណលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការតម្រង់ទិសក្នុងការបំពេញ​តួនាទី និង​ភារកិច្ចរបស់មន្ត្រី ក៏ដូចជាការចូលរួមលុបបំបាត់អំពើពុករលួយ ឆ្ពោះទៅរកអភិបាលកិច្ចល្អ។ ប៉ុន្តែបន្ថែម​ពីលើការដកក្របខណ្ឌពីមន្រ្តី គឺត្រូវចាត់វិធានការផ្លូវច្បាប់ប្រសិន​បើ​មន្ត្រីទាំងនោះជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងភាពមិនប្រក្រតីក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ដោយយកតួនាទីរបស់ខ្លួនទៅកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន»។

ជាមួយគ្នានេះ លោក អំ សំអាត ក៏បានជំរុញ​ដល់​​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ​បង្ហាញ​ព័ត៌​មានពីលទ្ធ​​ផល​នៃ​ការស៊ើបអង្កេតផង​ដែរ​ ព្រមទាំងចំណាត់ការផ្លូវច្បាប់ ឱ្យ​សាធារណ​ជន​ដឹង​លឺ ដើម្បី​តម្លា​ភាព។

គួរបញ្ជាក់ថា ក្រោយពីមានបញ្ហាជម្លោះព្រំដែន​រវាង​កម្ពុជា និងថៃ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានប្រកាស​​ផ្អាក​នាំ​ចូល​ប្រេង​ឥន្ធនៈ និង​ឧស្ម័ន​​គ្រប់ប្រភេទ​ពី​ប្រទេស​ថៃ ដោយ​​លោក​បញ្ជាក់ថា ​មិន​មាន​ការ​ចាំបាច់​ ខណៈ​​កម្ពុជា​​មាន​ប្រភព​​ប្រេង​​​​​​​ពី​​ប្រទេស​ផ្សេងៗ​គ្រប់​គ្រាន់​ហើយ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍