លោកនាយករដ្ឋមន្រ្តីចេញបញ្ជាឱ្យស្វែងរកចាប់ខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់៦នាក់
លោកនាយរដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិ ស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកបើកររថយន្តបុកមនុស្ស៦នាក់ស្លាប់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។
គេសង្កេតឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាឧបសគ្គ និងគ្មានដំណោះស្រាយសម្រាប់ពលរដ្ឋរងគ្រោះ។យ៉ាងណា អ្នកឃ្លាំមើល បន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ចំពោះជនល្មើសដែលបានបើកបរហើយបុកមនុស្សស្លាប់ ដើម្បីបង្ហាញពីតម្លាភាព យុត្តិធម៌ជូនពលរដ្ឋរងគ្រោះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយនិយាយថា លោកបានឃើញការបញ្ចេញមតិជាច្រើនពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្តាឱ្យមានមនុស្សចំនួន ៦នាក់ រួមទាំងទារកនៅក្នុងផ្ទៃម្តាយដែរ ខណៈអ្នកបើកបរថយន្តបុកគេរត់គេចខ្លួនបាត់។បញ្ហានេះ លោក ហ៊ុន ម៉ាណែត បានសម្តែងការសោកស្តាយចំពោះជនរងគ្រោះ មានបងប្អូនមួយចំនួនក៏បានបង្ហាញការព្រួយបារម្ភ អំពីការដែលអ្នកប្រព្រឹត្តអាចមិនត្រូវបានទទួលទោស ដោយសារមានគ្រួសារជាមន្ត្រី។
ករណីនេះ លោកបានបញ្ជាឱ្យលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ បើកការស្រាវជ្រាវឱ្យបានហ្មត់ចត់ និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុក ហើយបណ្តាលឲ្យមនុស្សស្លាប់ទាំង៦នាក់នេះ ជាពិសេសត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។
លោកបន្តថា៖«ចំពោះការបើកបរដោយមិនគោរពច្បាប់ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹងដែលបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែង ដូចបានអនុវត្តនៅពេលកន្លងមក »។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ គាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការស្រាវជ្រាវ ស្វែងរកចាប់ខ្លួន ជនល្មើសបើករថយន្តបុកមនុស្សស្លាប់៦នាក់នេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
យ៉ាងណា លោកថាបញ្ហាថ្នាក់មូលដ្ឋាន រឿងខ្លះមិនចាំបាច់ដល់នាយករដ្ឋមន្រ្តីចេញមុខដោះស្រាយទេ មន្រ្តីអនុវត្តច្បាប់ថ្នាក់ក្រោមជាតិ គួរចាត់វិធានការភ្លាម ចំពោះជនល្មើសបើកបុកមនុស្សស្លាប់ មិនថាអ្នកនោះជាកូនមន្រ្តី ឧកញ៉ា ឬអ្នកមានអំណានោះទេ ត្រូវតែអនុវត្តច្បាប់ជាធំ គឺឱ្យបានស្មើគ្នា និងដោយតម្លាភាព យុត្តិធម៌។លោកអះអាងថា មានតែការពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹងទេ ទើបមន្រ្តីមានអំណាច ឬកូនមន្រ្តី ឧកញ៉ា មិនហ៊ានប្រព្រឹត្តបទល្មើស និងមិនហ៊ានគេចវេសពីសំណាញ់ច្បាប់ នោះទើបពលរដ្ឋមានទំនុកចិត្ត និងកក់ក្តៅ។
លោកបន្តថា៖«យើងចង់ឃើញការអនុវត្តច្បាប់មួយ ដែលមានភាពច្បាស់លាស់ និងត្រឹមត្រូវដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយមាននិតីរដ្ឋ ពលរដ្ឋគោរពច្បាប់ ហើយអ្នកណាហ៊ានល្មើសច្បាប់មិនថាកូនអ្នកមាន មានអំណាច ឬកូនមន្រ្តី ឧកញ៉ា ទេ ឱ្យតែប្រព្រឹត្តខុសច្បាប់ត្រូវតែទទួលទោសតាមច្បាប់ គឺមិនលើកលែងទេ ច្បាប់គឺច្បាប់ »។
ជុំវិញបញ្ហានេះគេហទំព័រ Press Start Cambodia មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា ដើម្បីសុំការពន្យល់បន្ថែមជុំវិញរឿងនេះបាននៅឡើយទេ ដោយលោកមិនលើកទូរស័ទ្ទ ខណៈសំណួរតាមប្រព័ន្ធតេឡាក្រាម គាត់ក៏មិនឆ្លើយតបដែរ។
យ៉ាងនេះក្តី ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា តម្រូវឱ្យស្នងការរងខេត្តបន្ទាយមានជ័យ ដែលជាឱពុកជនសង្ស័យ ត្រូវសហការជាមួយសមត្ថកិច្ច នាំខ្លួនកូនប្រុសមកទទួលខុសត្រូវចំពោះមុខច្បាប់។ នេះបើតាមការបញ្ជាក់ពីលោក រ៉េន រតនៈ អ្នកនាំពាក្យរបស់ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា។
បើតាមលោក រ៉េន រតនៈ បាននិយាយទៀតថា លោក ស សុខា ដាក់ឈ្មោះសង្ស័យក្នុងបញ្ជីខ្មៅមិនឱ្យចាកចេញពីប្រទេស និងបានណែនាំជាថ្មីទៀតឱ្យអគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តការងារនេះឱ្យបានលឿន ដើម្បីឈានទៅឃាត់ខ្លួនជនបង្ក។
លោកនិយាយថា៖«លោកជឿច្បាស់ថាលោកស្នងការរង ក្នុងនាមជាឱពុក ប្រាកដជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណាសូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានសម្លាប់មនុស្ស៦នាក់ ទាំងទារកក្នុងផ្ទៃ»។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខាសារទចំពោះចំណាត់ការរបស់រដ្ឋាភិបាលដែលចេញបទបញ្ជាឱ្យក្រសួងពាក់ព័ន្ធចាត់វិធានការតាមស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់នេះ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះបែបនេះ។ក៏ប៉ុន្តែ លោក នី សុខា ជំរុញបន្ថែមថា រដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងការអនុវត្តច្បាប់បន្ថែម ជាពិសេស លុបបំបាក់អំពើពុករលួយ បក្ខពួកនិយម ជាដើម។
លោកពន្យល់ថា ការពង្រឹងការអនុវត្តច្បាប់ គឺមានសារៈសំខាន់សម្រាប់សង្គមជាតិ និងប្រជារាស្រ្ត ព្រោះវាអាចជួយបង្ការ និងកាត់បន្ថយអំពើនិទណ្ឌភាពផ្សេងៗ ធ្វើឲ្យពលរដ្ឋរស់នៅដោយសុខសុវត្ថិភាព និងសុភមង្គល។
លោកបន្តថា៖«ខ្ញុំគាំទ្រចំពោះចំណាត់ការរបស់នាយករដ្ឋមន្រ្តី ដែលចេញមុខជួយដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកូនអ្នកមានបើករថយន្តបុកមនុស្សស្លាប់រហូតទៅ៦នាក់នេះ។ ត្រូវតែចាប់យកមកផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែខ្ញុំថាដើម្បីឱ្យវាកាន់ល្អជាងនេះ មានប្រសិទ្ធភាពជាងនេះ ហើយមិនចាំបាច់នាយករដ្ឋមន្រ្តីចេញមុខ គឺត្រូវពង្រឹងការអនុវត្តច្បាប់តែម្តង មន្រ្តីក្រោមឱវាទ ប្រព័ន្ធតុលាការ ត្រូវចេញមុខដោះស្រាយ តាមចាប់ខ្លួនជនបង្កហេតុ មិនចាំបាច់រង់ចាំបទបញ្ជាពីរដ្ឋាភិបាលទេ នរណាធ្វើខុសច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ »។
ទាក់ទិនហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោងជាង១០យប់ថ្ងៃទី២៧ ខែមីនា នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយរថយន្តបានបុករះ លើម៉ូតូ២គ្រឿង ដែលកំពុងធ្វើដំណើរលើទិសដៅស្របគ្នា បណ្តាឱ្យមានអ្នកស្លាប់ទ៦នាក់ (រួមទាំងកូនក្នុងផ្ទៃ) ខណៈកុមារវ័យ៧ឆ្នាំម្នាក់ទៀត របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ខេត្តសៀមរាប។
ភ្លាមៗ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណម្ចាស់រថយន្តបង្កមានឈ្មោះថា ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើត នៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងមានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៧ ផ្លូវ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលគេស្គាល់ថា ត្រូវជាកូនប្រុសបង្កើតរបស់ស្នងការរងខេត្តបន្ទាយមានជ័យម្នាក់៕

