លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅប្រទេសចិនរយៈពេលបីថ្ងៃ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិនពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧។
ក្រសួងការបរទេសបានឱ្យដឹងទៀតថា អមដំណើរទស្សនកិច្ចនេះ មានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងរដ្ឋមន្ត្រី និងតំណាងធុរជនកម្ពុជាផងដែរ។
ក្រសួងការបរទេសបន្ថែមថា នៅក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ “ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់” នៅទីក្រុងសៀងហៃនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ផងដែរ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីក៏នឹងជួបសម្តែងការគួរសមចំពោះលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ព្រមទាំងជួបតំណាងក្រុមហ៊ុន និងវិនិយោគិនចិនសំខាន់ៗ ផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមទៀតថា ទស្សនកិច្ចការងារនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរវាងកម្ពុជានិងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
សេចក្តីប្រកាសព័ត៌មាននេះសរសេរថា៖ “ទស្សនកិច្ចនេះ ក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ”។
គួររំលឹកផងដែរថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរយៈពេលបីថ្ងៃកាលពីចុងខែមិថុនាកន្លងទៅនេះ៕
អត្ថបទដោយ៖ ផាត់ ស័ក្កស៊ីន

