សាលា​​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​​ចោទ​ប្រកាន់អតីត​​​ព្រះភិក្ខុ ជា វុទ្ធី ​ពី​បទ «ញុះ​ញង់»

ដោយៈ

សុត បាន Avatar

សាលា​ដំបូង​រាជធានីភ្នំពេញុ នៅថ្ងៃទី​២ខែមេសា​នេះ ​បាន​សម្រេច​ចោទ​ប្រកាន់អតីត​​ព្រះ​ភិក្ខុ ជា វុទ្ធី ពី​បទ​ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ក្រោយ​សមត្ថ​កិច្ច​ខេត្ត​បាត់​​ដំបង​ចាប់​ផ្សឹក​ព្រះ​អង្គ​ដោយ​បង្ខំ កាល​ពី​​ថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៦។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ប្រាប់ Press Start Cambodia យ៉ាង​ខ្លី​​ថា ក្រោយពីបានធ្វើការ​សាកសួររួច ចៅក្រមស៊ើបសួរ បាន​សម្រេច​ចោទប្រកាន់ ​ឈ្មោះ ជា វុទ្ធី ភេទ​ប្រុស កើ​តថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៨ ពី​បទ «ញុះញ​ង់​បង្ក​ឱ្យមា​ន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០២៥ តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៦ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

លោកបញ្ជាក់ថា៖ «ឈ្មោះថា ជា វុទ្ធី ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ(PJ) ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី»។

អនុប្រធាន​សមាគម​​ការ​ពារ​សិទ្ធិមនុស្ស​អាដ​ហុក លោក យិន ម៉េងលី ដែលឃ្លាំ​​មើលករណីនេះ យល់ថា ជា​​រឿង​អយុត្តិ​ធម៌​ និង​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការ​ចោទ​ប្រកាន់​បែបនេះទៅលើ​អតីតព្រះភិក្ខុ ជា វុទ្ធី។

លោកសំអាងថា​ ព្រះតេជ​​គុណ ជា វុទ្ធី គ្រាន់​តែ​បញ្ចេញ​មតិ រិះ​គន់​ដើម្បី​កែ​លម្អ​សង្គម គ្មានចេត​នា​ញុះ​ញង់​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​សង្គម​នោះ​ទេ ខណៈ​សេរីភាព​បញ្ចេញ​មតិ ក៏​មានចែ​ង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​៤១​ផង​ដែរ។

លោកថា៖ «យើងមានការសោកស្តាយខ្លាំងមែនទែន​ ចំពោះបទចោទដ៏ធ្ងន់ធ្ងរមួយនេះ​ (បទញុះ​ញង់) បើ​តាមខ្ញុំ​ដឹង ភាគច្រើន​ព្រះអង្គ ជា វុទ្ធី សកម្មណាស់រឿងសង្គមជាតិ បូណភាពទឹកដីនេះ គឺព្រះអង្គខ្វាយខ្វល់​ជាតិណាស់ ដូច្នេះការចោទប្រកាន់បែបនេះ ហាក់ឆ្លុះបញ្ចាំងពីការរឹត​ត្បិត​សិទ្ធិ​សេរីភាពបញ្ចេញមតិ មិនអាចទទួលយកបានទេ ក្នុងនាមយើងសង្គមស៊ីវិលធ្វើការលើក​កម្ពស់សិទ្ធិមនុស្ស»។

សម្រាប់ លោក យិន ម៉េងលី នៅតែ​ទ​ទូច​​ឱ្យ​តុលាការ និង​រដ្ឋាភិ​បាល មេត្តា​ទម្លាក់​បទ​ចោទ​ប្រកាន់​ដ៏​ធ្ងន់​ធ្ងរ​មួយ​នេះ ហើយ​​ដោះ​លែង​ព្រះ​តេជ​​គុណ ជា វុទ្ធី ឱ្យ​មាន​សេរីភាព​ឡើង​វិញ ​​ដើម្បីឱ្យ​ព្រះ​អង្គ​អាច​បន្តកា​រ​ងារ​សង្គម។

លោកអះអាងទៀតថា  ការបញ្ចេញមតិរបស់ពលរដ្ឋ រួមទាំងព្រះសង្ឃចំពោះបញ្ហាសង្គមជាតិ សុទ្ធ​តែមានការធានា និងការពារដោ​យ​រដ្ឋធម្មនុញ្ញ ដូច្នេះការបន្តចាប់ខ្លួន ឬឃុំខ្លួនពលរដ្ឋនិងសង្ឃ ជា​រំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ចំណែក ប្អូនស្រីបង្កើតព្រះតេជគុណ ជា វុទ្ធី គឺកញ្ញា ជា ស៊ីតូ បង្ហាញការឈឺចាប់ និងសោកស្តាយ​ជាខ្លាំង​ ដែល​សាលាដំបូងរាជធានីភ្នំពេញ សម្រេច​ចោទប្រកាន់បងប្រុសរបស់កញ្ញា​​ ពី​បទ​ «ញុះ​ញង់» បែប​នេះ។

កញ្ញាអះអាងថា បង​ប្រុស​កញ្ញា ជាព្រះសង្ឃ​ស្នេហាជាតិ មាតុភូមិ និង​តែងតែចូលរួមចំណែកជួយ​សង្គម​ជាតិ ខ្វាយខ្វល់រឿងបូរណភាពទឹកដី និងតែងតែយកឧស្សាហ៍ជួយរ៉ៃអង្គាល់ថវិកាជូន​ជនភៀសសឹកខ្មែរ ក្រោយសង្គ្រាម​ថៃឈ្លានពានដីខ្មែរកន្លងមកនេះ។

កញ្ញាថា៖ «លោកបងខ្ញុំ ជា​ព្រះសង្ឃស្នេហាជាតិ មាតុភូមិណាស់ សកម្មភាពរបស់ព្រះអង្គលើបណ្តាញ​សង្គម​ក្តី ចុះជាក់ស្តែងក្តី សុទ្ធតែព្រះអង្គធ្វើដើម្បីជាតិ មាតុភូមិខ្មែរ ខ្ញុំធ្លាប់ដើរការងារសង្គម​ខ្លះជាមួយលោកបងខ្ញុំ គឺលោកគិតរឿងជាតិ មាតុភូមិ និងប្រជារាស្រ្តណាស់  ពេលខ្លះសុខចិត្តអត់ខ្លួន​ព្រះអង្គ ឱ្យតែបានជួយជាតិ​។ អ្នកណារិះគន់ ហាមមិនធ្វើការងារ​សង្គមក្តី ព្រះអង្គ​អត់ស្តាប់​ទេ គឺព្រះអង្គតបវិញថា ជីវិតនេះ ត្រូវចេះស្រឡាញ់ជាតិឱ្យខ្លាំង»។

ការណ៍នេះ កញ្ញា ជា ស៊ីតូ អំពាវនាវ​ដល់​តុលាការរាជធានីភ្នំពេញ និងស្នើដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តា​អនុគ្រោះទម្លាក់បទចោទលើបងប្រុស​កញ្ញា និង​ដោះលែងព្រះអង្គ​ឱ្យមានសេរីភាពឡើង​វិញ ដើម្បីឱ្យព្រះអង្គអាចជួបជុំគ្រួសារ និងបន្តសាងព្រះផ្នួស​បួសជាបុព្វជិក ដើម្បីជួយព្រះពុទ្ធ​សាសនាបន្តទៀត។

កាលពីថ្ងៃទី​១ ខែមេសា ឆ្នាំ២០២៦នេះ សមត្ថកិច្ចខេត្ត​បាត់ដំបង បានចាប់ផ្សឹកព្រះ​តេជ​គុណ ជា វុទ្ធី គង់​នៅវត្តធម្មនិមិត្ត​រាជបុប្ផារាម ហៅ​វត្ដប៉ាឆា ក្នុងក្រុងបាត់ដំបង ដោយមិនបានបញ្ជាក់ពីមូល​ហេតុ ខណៈ​ព្រះ​អង្គតែងសកម្មបញ្ចេញមតិតាមបណ្តាញសង្គម រិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល រួមទាំងបញ្ហាព្រំដែន។

រដ្ឋធម្មនុញ្ញបញ្ញត្តិមាត្រា៤១​ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​​​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ប្រជុំ។ ជន​ណា​​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ ​ដោយ​រំលោភ​​នាំ​​​ឱ្យ​​ប៉ះ​ពាល់​​ដល់​​កិត្តិ​យស​​របស់​​អ្នក​​ដទៃ​ ដល់​​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​​ដល់​សន្តិសុខ​ជាតិ​​បាន​​ឡើយ។

លើសពីនេះ រដ្ឋធម្មនុញ្ញ មាត្រា៣៥​ ក៏បានកំណត់ដែរថាប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ចូល​រួម​​យ៉ាង​​​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​ វប្បធម៌​របស់​ប្រទេស​ជាតិ។សេចក្ដី​ស្នើ​ទាំ​ង​ឡាយ​​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​ និង​ដោះស្រាយ​យ៉ាង​ហ្មត់​ចត់​ពី​អង្គការ​រដ្ឋ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍