ក្រុមការងារអន្តរក្រសួង បានប្រកាសបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈ ឱ្យប្រជាពលរដ្ឋចូលទស្សនាកម្សាន្ត ដោយឥតគិតថ្លៃ ក្នុងរយៈពេល ៩ថ្ងៃ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
តាមសេចក្តីជូនដំណឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារអន្តរក្រសួងបានឲ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់និងអគារជាច្រើន ក្នុងនោះមានអគារផ្លិត ប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ តំបន់ជុំវិញបរិវេណអគារចេញចូលអ្នកដំណើរវីអាយភី (VIP) ចំណតយន្តហោះស៊ីវិល និងតំបន់ផ្លូវរត់របស់យន្តហោះជាដើម។
លើសពីនេះទៀត ប្រជាពលរដ្ឋអាចកម្សាន្ត ហាត់ប្រាណ និងលេងកីឡា នៅក្នុងបរិវេណព្រលានយន្តហោះចាស់នេះ បានរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥ ព្រឹក ដល់ម៉ោង ៩ យប់។
ប៉ុន្តែពលរដ្ឋក៏ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនផងដែរដូចជារក្សាអនាម័យ សណ្តាប់ធ្នាប់ និងគោរពតាមការណែនាំផ្សេងៗ ពោលមិនត្រូវលក់ដូរ យកគ្រឿងស្រវឹង ឬគ្រឿងផ្ទុះចូលបរិវេណដាច់ខាត។ ចំពោះការផ្ញើយានយន្ត អជ្ញាធរកំណត់ឲ្យបង់កម្រៃ ១០០០ រៀលសម្រាប់ម៉ូតូ ២០០០ រៀលសម្រាប់រថយន្ត ខណៈកង់មិនគិតថ្លៃ។
គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានបិទដំណើរការចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបម្រើសេវាកម្មអស់រយៈពេលជិត ៧០ឆ្នាំ។ ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ទីតាំងនេះ នឹងត្រូវរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ ដែលមានតម្លៃប្រវត្តិសាស្ត្រ៕

