សាលា​រាជ​ធា​នី​ភ្នំ​ពេញ​នឹង​​រៀប​ចំ​ព្រឹត្តិការណ៍​ “នគរសង្ក្រាន្ត” រយៈពេល​ ៦ថ្ងៃ ដើ​ម្បី​អប​​អរ​​ឆ្នាំ​​​ថ្មី​

រដ្ឋ​បាលរាជធានី​ភ្នំ​ពេញ​ប្រ​កាស​រៀប​ចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈ​ពេល​ ៦​​ថ្ងៃ​​ជាប់​​គ្នា ដើ​ម្បី​​ចូល​​រួម​អប​អរ​​ពិ​ធី​បុណ្យ​​ចូល​​ឆ្នាំ​​ថ្មី​​ប្រ​ពៃ​ណី​​ជាតិ​​ ថែ​រក្សា​​​ការ​​​ពារ​​​ទំ​​នៀម​​​ទម្លាប់​​ប្រ​​ពៃ​​ណី និង​​បង្ហាញ​​ការ​​ដឹង​គុណ​​​​ចំ​ពោះ​​វីរ​កង​ទ័ព​ជួរ​មុខ​​​។​​

យោង​តាម​​សេចក្តី​​ជូន​​ដំ​ណឹង​​របស់​​រដ្ឋ​​បាល​​រាជ​ធានី​ភ្នំ​ពេញ​​ចុះ​ថ្ងៃ​ទី​​០១​ ខែ​មេ​សា ឆ្នាំ​​២០​២៦ ព្រឹត្តិការណ៍នេះ នឹង​ប្រារព្ធធ្វើ​ចាប់ពី​ថ្ងៃទី​១៤ ខែ​មេសា ដល់​ថ្ងៃទី​១៩ ខែ​​មេ​សា នៅ​ទី​តាំង​​មួយ​ចំ​នួន​​ដូច​ជា​​រម​ណីយ​ដ្ឋាន​​វប្ប​ធម៌​ប្រ​វត្តិ​សា​ស្ត្រ​​វត្ត​ភ្នំ ​តំ​បន់​​ជុំ​វិញ​​វត្ត​​ភ្នំ​ បរិ​វេណ​​សួន​ច្បារវឌ្ឍនៈ សួនច្បារអតីត​ទីលាន​ប្រជា​ធិបតេយ្យ​ ស្ពាន​នាគភ្លោះរមណីយដ្ឋាន​វត្ត​ភ្នំ រហូត​ដល់​ផ្សារ​រាត្រី ផ្លូវ​ថ្នើរជើង​ចតុមុខ​រាជធានីភ្នំពេញ បរិវេណ​បាសាក់លែន និង​បរិវេណផ្សារទួល​ទំពូល។​

សេចក្តីជូន​ដំណឹង​ដដែលនេះបន្ត​ថា ព្រឹត្តិការណ៍​ “នគរសង្ក្រាន​” នឹង​មាន​រៀប​ចំ​កម្ម​វិធី​ប្រពៃណីសាសនា និង​កម្មវិធី​ទទួល​ទេវតាឆ្នាំថ្មី ដង្ហែក្បួន​នគរសង្ក្រាន្ត​ ដង្ហែព្រះពុទ្ធរូប ពូន​ភ្នំខ្សាច់ ស្រង់ព្រះ សម្តែង​សិល្បៈវប្បធម៌ច្រើន​ទម្រង់​ ល្បែងប្រជា​ប្រិយ​​ជាតិ ​និង​ការ​តាំងពិព័រណ៌ផលិត​ផល​ក្នុង​ស្រុក​ ហើយ​ការ​រៀបចំ​ព្រឹត្តិការណ៍នេះ ក៏ដើម្បី​បង្ហាញ​ពីការ​ដឹងគុណ និងផ្សារភ្ជាប់​ពិធីបុណ្យ​ចូល​ឆ្នាំ​ជាមួយ​វីរកងកម្លាំ​ង​​ជួរមុខ​ និង​បងប្អូន​ភៀសសឹក​។​

សេចក្តី​ជូន​ដំណឹង​នេះ​បញ្ជាក់​បន្ថែមទៀត​ថា ផ្លូវ​ថ្មើរ​ជើង​ចតុ​មុខ​នឹង​ត្រូវ​បើក​ដំ​ណើរ​​ការ​​រយៈពេល​៦​ថ្ងៃ ចាប់ពីថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៩ ខែមេសា​។​

សេចក្តីជូនដំណឹង​នេះសរសេរថា៖ “រដ្ឋ​បាល​រាជធានីភ្នំពេញ សូម​អំពាវនាវ​ដល់​បង​ប្អូនប្រជា​ពលរដ្ឋ​ពីគ្រប់មជ្ឈដ្ឋាន​ សូម​អញ្ជើញ​មកចូលរួម​ទស្សនាកម្សាន្ត​ក្នុង​ព្រឹត្តិ​ការណ៍​ “នគរសង្ក្រាន្ត​” នៅតាមទីតាំង​ខាងលើ​ ឱ្យ​បាន​ច្រើន​កុះករ ក្រោម​ម្លប់​សន្តិភាព​ដ៏ត្រជាក់​ត្រជំ និង​ក្រោម​ស្មារតី​សាមគ្គីភាព​ ឯកភាព និង​ភាព​ធន់”។

សេចក្តីជូន​ដំណឹង​នេះ​បាន​បញ្ជាក់​ទៀតថា អាជ្ញាធរមាន​សមត្ថកិច្ច​ នឹងរៀបចំ​ចំ​ណត​​យាន​យន្ត​សម្រាប់​ប្រជាពលរដ្ឋ​ ដែល​ចូលរួម​កម្សាន្ត​ ដើម្បី​ឱ្យ​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ប្រព្រឹត្តទៅដោយ​រលូន មាន​សុវត្ថិភាព សណ្តាប់ធ្នាប់​និង​របៀបរៀប​រយ​​សាធារណៈ​ល្អប្រសើរ​ ព្រមទាំង​បញ្ចៀស​បាន​នូវការ​កកស្ទះ​ចរាចរណ៍​នៅ​ជុំវិញ​​ទីតាំងរៀប​ចំព្រឹត្តិការណ៍​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍