ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលមានរយៈពេល២ថ្ងៃ នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ បានដំណើរការដោយរលូន និងបញ្ចប់ជាស្ថាពរ ក្នុងនោះ ក្រសួងអប់រំ បានរកឃើញករណីល្មើសបទប្បញ្ញត្តិជិត ២០ករណី ខណៈបេក្ខជនអវត្តមានមានជាង ១៣០០នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែសីហា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ មានបេក្ខជនដែលបានចូលរួមប្រឡងសរុបចំនួន ១៥១ ២៣៨នាក់ ក្នុងនោះមានបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៣៧ ៤៤៥នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ១១៣ ៧៩៣នាក់ នៅមណ្ឌលប្រឡងទូទាំងប្រទេសចំនួន ២៤៤មណ្ឌល។
ប្រភពដដែលបន្តថា ក្នុងចំណោមបេក្ខជនប្រឡងសរុប ១៥១ ២៣៨នាក់ មានបេក្ខជនចំនួន ១ ៣៥២នាក់ ស្មើនឹង ០,៨៩ ភាគរយ បានអវត្តមាន។ បេក្ខជនមានបញ្ហាសុខភាព ២៦៧នាក់ ក្នុងនោះបោះបង់ការប្រឡង ១៨នាក់ បេក្ខជនមានជំងឺគ្រុនឈាម ៦៦នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ១០នាក់។
ជាមួយគ្នានោះ ក្រសួងអប់រំ ក៏បានរកឃើញករណីល្មើសបទបញ្ញាត្តិនៃការប្រឡងចំនួន ១៩ករណីផងដែរ រួមមាន ការដកហូតឧបករណ៍អេឡិចត្រូនិចហាមឃាត់ចំនួន ១២ ករណី ដែលបេក្ខជនមានវ៉ែនតាឆ្លាតវៃភ្ជាប់ទូរសព្ទដៃ ទូរសព្ទវៃឆ្លាត និងនាឡិកាឆ្លាតវៃ ខណៈគណៈកម្មការមានចំនួន ៧ ករណី ក្នុងនោះ មានទូរសព្ទឆ្លាតវៃ និងនាឡិកាឆ្លាតវៃ។ ពាក់ព័ន្ធទៅនឹងករណីនាំយកឧបករណ៍អេឡិចត្រូនិកចូលមណ្ឌលប្រឡងនេះ ក្រសួងនឹងចាត់វិធានការតាមគោលការណ៍ជាធរមាន។
ទោះជាយ៉ាងណា ក្រសួងបានគូសបញ្ជាក់ថា ដំណើរការសំណេរបានប្រព្រឹត្តទៅដោយរលូន សភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ។
ក្រសួងថា៖ «ជារួម ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០២៦ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ អ្នកចេះគឺជាប់»។
មុនការប្រឡង ពោលគឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ក្រសួងអប់រំ បានអំពាវនាវរួចហើយដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញត្តិនៃការប្រឡងឱ្យបានម៉ឹងម៉ាត់ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវទូរស័ព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡងឬបន្ទប់ប្រឡងជាដាច់ខាត។
សម្រាប់លទ្ធផលនៃការប្រឡង ក្រសួងអប់រំ គ្រោងនឹងប្រកាសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦៕
អត្ថបទដោយ៖ គង់ សុខណា

