អង្គការ​សមាគមជិត​​៣០​ព្រួយបារម្ភ ចំពោះដំណើរ​ការ​ធ្វើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​​ស្តី​​ពី​​សញ្ជាតិ

ដោយៈ

Press Start Avatar

អង្គការ​សមាគម​ជិត​៣០​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះដំណើរ​ការ​ធ្វើ​សេចក្តីព្រាង​វិ​សោធន​កម្ម ​នៃច្បាប់ស្តីពីសញ្ជាតិ​ ព្រោះការ​ចែង​មិន​ច្បាស់​លាស់​ណាមួយ​នោះ​ អាច​ធ្វើ​ឱ្យ​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​នៃការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​។​

នៅ​ក្នុង​លិខិត​ចំហ​មួយ​ចុះថ្ងៃទី​២៤ ខែ​សីហា​ ឆ្នាំ​២០២៥​ អង្គការ​សមាគម​ទាំង​នេះ​បាន​លើក​​ឡើង​ថា សេចក្តីព្រាង​វិសោធ​នកម្មនៃច្បាប់ស្តីពី​សញ្ជាតិ​​នេះ គឺផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ អនុសញ្ញាអន្តរជាតិ​និង​រដ្ឋ​ធម្មនុញ្ញ​ពាក់​ព័ន្ធនឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន។​

អង្គការ​ទាំង​នេះ​បន្តថា ពលរដ្ឋ​ខ្មែរ ​គឺជា​ផ្នែក​មួយ​នៃប្រទេសជាតិ​ ដែល​មិន​អាចកាត់​ផ្តាច់បាន​ ហើយ​ពួកគេ​មាន​គ្រប់និន្នាការ​នយោបាយ​ សុទ្ធតែ​ធ្លាប់បាន​ហែល​ឆ្លងនូវ​ឧបសគ្គ​និង​​ការ​ឈឺចាប់រាប់មិន​អស់​ ហើយ​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ប្រឈម​មុខនឹង​ការ​ជាប់ពន្ធ​នា​គារ​ ដោយសារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ការរិះគន់​រាជរដ្ឋាភិបាល​ ការ​ការពារបរិ​ស្ថា​ន​និងធន​ធាន​ធម្មជាតិ​។

លិខិត​នេះ​សរសេរ​ថា “​ហានិភ័យ​ខាងលើនេះ ក៏ត្រូវ​បាន​សាធារណជន​ដឹង​ឮជា​ទូទៅ​ថា អាច​នឹងកើត​មាន​ចំពោះ​សកម្មជន​សិទ្ធិ​មនុស្ស​ អ្នក​នយោបាយ​ យុវជន​ និង​អ្នក​រិះគន់​រាជរដ្ឋាភិបាល​គ្រប់ពេលវេលា”​​។​

អង្គការ​សមាគម​ទាំង​នេះ​បាន​បញ្ជាក់បន្ថែមថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទាំង​អស់​ អាចនឹង​ត្រូវ​បាត់​បង់​​អត្ត​សញ្ញាណ​របស់ខ្លួន​ជា “ខ្មែរ” ប្រសិនបើ​អ្នក​ទាំងនោះ​ធ្វើ​សកម្មភាព​ណាមួយ​ ដែល​រិះគន់​រាជរដ្ឋាភិ​បាល​ ហើយ​ប្រសិនបើ​ត្រូវ​រដ្ឋាភិបាល​ដក​ហូត​សញ្ជាតិ​ នោះ​ពលរដ្ឋ​ទាំងនោះ​ នឹង​បាត់បង់​សិទ្ធិ​សេរីភាព​ជាមូល​ដ្ឋាន​ក្នុង​ប្រទេសកំណើត​ បាត់បង់​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដីធ្លី​ សិទ្ធិ​ទទួល​បាន​សេវាសុខាភិបាល​ ការ​អប់រំ​ ការ​រៀប​អាពាហ៍​ពិពាហ៍​ស្រប​ច្បាប់​ សិទ្ធិ​​ធ្វើ​​ការ​​ងារ​​ស្រប​​ច្បាប់​ និង​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ​។​

ក្រុមអង្គការ​សមាគម​ទាំង​នេះ​ក៏បាន​សំណូម​ពរ​ដល់​រដ្ឋ​សភា​និងព្រឹទ្ថ​សភា​ឱ្យ​ពិចារណា​កុំ​​អនុម័ត​លើ​សេចក្តី​ព្រាងវិសោធ​នកម្មច្បាប់ស្តីពី​សញ្ជាតិនេះ​ ដើម្បីជៀស​វាង​ការ​បន្ត​ឱ្យ​មាន​ភាព​ឈឺចាប់​ក្នុង​ប្រទេស៕​

ដោយ​អត្ថបទ​ ស៊ន សោភា​

អត្ថបទគួរឱ្យចាប់អារម្មណ៍