គណបក្សកម្លាំងជាតិខេត្តបាត់ដំបង ចាត់ទុកថា ការដែលអាជ្ញាធរខេត្តនេះហាមគណបក្សរបស់ខ្លួនលើកស្លាកនៅតាមដងផ្លូវសាធារណៈគឺជារូបភាពរឹតត្បិតសេរីភាពនយោបាយ ដែលធ្វើឱ្យការអនុវត្តរបបប្រជាប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាកាន់តែរួមតូច។
ប្រធានប្រតិបត្តិគណបក្សកម្លាំងជាតិក្រុងបាត់ដំបងលោក ខឹម សុភ័ណ ប្រាប់គេហទំព័រ Press Start Cambodia នៅថ្ងៃទី២៣ ខែមេសា ថានេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរថ្នាក់មូលដ្ឋាននៅក្រុងបាត់ដំបងហាមគណបក្សលោកលើកស្លាកនៅតាមដងផ្លូវសាធារណៈទោះបីជាលោកបានដាក់លិខិតស្នើសុំជាមុនហើយក៏ដោយ។
លោកឱ្យដឹងថា ចាបពីខែកុម្ភៈ ឆ្នាំ២០២៦មក នេះជាករណីទី៤ ដែលរដ្ឋបាលនៅថ្នាក់ក្រោមជាតិបានបដិសេធ ក្រោមហេតុផលប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។
លោកបន្តថា៖«ខ្ញុំយល់ឃើញថា ជាការរឹតត្បឹតសេរីភាពនយោបាយ ព្រោះអីយើងដាក់ច្រើនកន្លែងដែរ ហើ យឆ្លើយតបមកអវិជ្ជមានរហូត ធ្វើឱ្យបំបាក់ទឹកចិត្ត អ្នកតស៊ូនយោបាយគណបក្សកម្លាំងជាតិ ជារូបភាពមួយគេហៅថា រឹតត្បឹត។អ៊ីចឹងការបោះឆ្នោត វាអត់រលូន ហើយយើងអ្នកនយោបាយប្រជាធិបតេយ្យ យកពលរដ្ឋជាធំ ហើយដីនេះជាទីសាធារណៈ ជាដីរួមរបស់ប្រជាពលរដ្ឋ»។
បើតាម ប្រធានប្រតិបត្តិគណបក្សកម្លាំងជាតិរូបនេះ ទីតាំងដែលលោកសុំលើកស្លាកនោះ មានស្លាកគណបក្សផ្សេងដែររួមទាំងគណបក្សកាន់អំណាច និងស្លាកពាណិជ្ជកម្មផ្សេងផង តែបែជាអាជ្ញាធរហាមឃាត់ចំពោះគណបក្សកម្លាំងជាតិទៅវិញ។
យ៉ាងនេះក្តីលោកថាក្រុមការងារលោកកំពុងរៀបចំលិខិតសុំការអន្តរាគមន៍ពីក្រុងបាត់ដំបងបន្តទៀតដើម្បីតវ៉ាករណីនេះ។
លោកបន្តថា៖«កិច្ចការងាររបស់ខ្ញុំគឺកំពុងតែរកវិធីសាស្រ្តណាមួយឬ អាចថាធ្វើលិខិត ទៅរាជធានី ឬក៏ក្រុងវិញម្តង ព្រោះរយៈកាលកន្លងមកខ្ញុំបានធ្វើលិខិតទៅរដ្ឋបាលក្រុងដែរ ការឆ្លើយតបមានខ្លឹមសារល្អដែរតែ ទៅជាពេលដែលខ្ញុំដាក់ស្នើរសុំលើកស្លាក តាមទីសាធារណៈ មិនបានដូចអ្វីដែលលិខិត ឆ្លើយតបមកខ្ញុំ »។
ជុំវិញរឿងនេះ ចៅសង្កាត់ស្លាកែត ក្រុងបាត់ដំបងគឺលោក ទួត រ៉ើន បានឆ្លើយតបដោយខ្លីថាជាប់រវល់ មុននឹងចុចផ្តាច់ទូរសព្ទទៅវិញ នៅចំពេលអភិបាលក្រុងលោក លាង វាសនា គេហទំព័រ Press Start Cambodia ព្យាយាមទាក់ទងតាមទូរស័ព្ទជាច្រើនដង តែមិនមានអ្នកទទួល។
លោកនិយាយថា ៖«សុំទោសបង ខ្ញុំកំពុងរវល់ធ្វើដំណើរស្តាប់អត់បានទេ»។
គណបក្សកម្លាំងជាតិក្រុងបាត់ដំបង កាលពីថ្ងៃទី២១ ខែមេសា បានដាក់លិខិតទៅកាន់ចៅសង្កាត់សង្កាត់ស្លាកែត ក្រុងបាត់ដំបងដើម្បីស្នើសុំកាលើកស្លាកសញ្ញាគណបក្សនៅត្រង់ចំណុចចុងស្ពានស្លាកែតក្រុងបាត់ដំបង ខេត្តបាត់ដំបង។ហើយការលើកស្លាកនេះគ្រោងនឹងធ្វើនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ក្នុងថ្ងៃតែមួយ នៃការដាក់លិខិតស្នើសុំលើកស្លាកនេះដែឬ អាជ្ញាធរសង្កាត់ស្លាកែត ក៏បដិសេធភ្លាមៗ។
បើតាមលិខិត ឆ្លើយតបទៅកាន់ប្រធានគណបក្សកម្លាំងជាតិក្រុងបាត់ដំបងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បញ្ជាក់ថា ចំពោះទីតាំងដែលគណបក្សកម្លាំងជាតិក្រុងបាត់ដំបង បានជូនដំណឹងសុំលើកស្លាកគណបក្ស គឺជាទីតាំងដែលរដ្ឋបាលខេត្ត ក្រុង កំពុងអនុវត្តគម្រោងស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង ក្រោមឥណទានធនាគារអភិវឌ្ឍ និងការអនុវត្តផែនការអភិវឌ្ឍទីក្រុងរបស់រដ្ឋបាលខេត្ត-ក្រុង ក្នុងការរៀបចំទីក្រុងឱ្យមានសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកសម្រាក កម្សាន្ត ទស្សនា និងវិនិយោគក្នុងក្រុងបាត់ដំបង។
លិខិតដដែល បញ្ជាក់ថា ចំពោះស្លាកសញ្ញាគ្រប់ប្រភេទដែល មានស្រាប់ ក្រុមការងារ រដ្ឋបាលក្រុងបាត់ដំបង និងរដ្ឋបាលសង្កាត់ និងចុះពិនិត្យ ណែនាំដល់ម្ចាស់ស្លាកដែលបានដាក់ដោយគ្មានច្បាប់អនុញ្ញាតត្រូវរុះរើ និងដកចេញ។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការសិទ្ធិមនុស្ស លីកាដូ(Licadho) លោក អំ សំអាត មានប្រសាសន៍ថា រាល់គណបក្សនយោបាយ ដែលបានបង្កើតឡើងហើយទទួលស្គាល់ដោយក្រសួងមហាផ្ទៃ គឺមានសិទ្ធិស្មើរគ្នា ក្នុងការចូលរួមធ្វើសកម្មភាពនយោបាយ ដោយតម្លាភាព។
យ៉ាងនេះក្តីលោក ចាត់ទុកថា ករណីហាមឃាត់ គណបក្សមួយមិនឱ្យលើកស្លាក តែគណបល្សផ្សេងអាចលើកស្លាកបាន គឺជារូបភាពរើសអើងខាងនយោបាយ ដែលផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ ដូចមានចែងពីសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងសកម្មភាពនយោបាយ។
លោកបន្តថា៖«បើយើងនិយាយអំពីគោលការណ៍នៃរដ្ឋធម្មនុញ្ញ ក៏ដូចជាកតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលប្រទេសកម្ពុជាយើងបានទទួលស្គាល់ និងផ្តល់សច្ចាប័នយើងឃើញថាពលរដ្ឋគ្រប់រូបមានសិទ្ធិចូលរួមយ៉ាងសកម្ម នៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ហើយពលរដ្ឋគ្រប់រូបមាន សិទ្ធិក្នុងការបោះឆ្នោត ការឈរឈ្មោះឱ្យគេបោះឆ្នោតហើយសិទ្ធិបង្កើតគណបក្សនយោបាយជាដើម។ដូច្នោះរាល់គណបក្សនយោបាយ ដែលបានបង្កើតឡើងហើយទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ហើយមានច្បាប់ក្នុងការអនុញ្ញាត និងទទួលស្គាល់ត្រឹមត្រូវ គឺមានសិទ្ធិស្មើគ្នា ក្នុងការចូលរួមធ្វើសកម្មភាពនយោបាយ ដោយតម្លាភាព»។
រដ្ឋធម្មនុញ្ញ មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕

