ធនា​គារជា​តិ​ប្រាប់​​ឱ្យ​សា​ធារ​ណៈ​ជន​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​កម្ម​វិធី​​ទូ​ទាត់​ចល័ត​ PAI ឬ PaiPay

ធនាគារជាតិ នៃកម្ពុជាជូនដំណឹង​ដល់​​សាធារណៈជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់​​អំ​ពី​ការ​ឆបោកតាមប្រ​ព័ន្ធអនឡាញ បន្ទាប់​ពី​រក​ឃើញ​កម្មវិធី​ PAI​ ឬ PaiPay កំ​ពុង​​ដំណើរ​ការ ​ដោយ​ពុំមានអាជ្ញាបណ្ណពី​ធនា​គារ​ជាតិ​ នៃកម្ពុជា​។​

តាមសេចក្តីប្រកាសចុះថ្ងៃទី២៤ ខែមី​នា ឆ្នាំ២០២៦នេះ ធនាគារជាតិ​ នៃកម្ពុជា បាន​រកឃើញ​ថា មាន​កម្ម​វិធី​ទូទាត់​ចល័ត​ PAI ឬ PaiPay កំពុងដាក់ឱ្យដំណើរការលើផ្លេតហ្វម​តេឡេក្រាម​ ដែលមានលក្ខណៈជា Chat Bot  និងអាចទាញយក​ពី App Store និង Google Play Store។

ធនាគារជាតិ នៃកម្ពុជា​បញ្ជាក់​ទៀត​ កម្មវិធីនេះមានមុខងារបង្កើតគណនី (Wallet) ដាក់ប្រាក់ចូល ផ្ទេរប្រាក់ និងទូទាត់សងប្រាក់ ដោយមិនមានការគ្រប់​គ្រង​ត្រឹម​ត្រូវ​ពីអាជ្ញាធរមានសមត្ថកិច្ច និង​ត្រូវ​បាន​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​រយៈ​បណ្តាញ​​សង្គម​​តេ​ឡេក្រាម និង​នៅតាម​ទីតាំង​មួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ និង​ខេត្ត​​ព្រះ​​សី​ហនុ​​ផង​ដែរ​។​

ធនាគារជាតិ ​នៃកម្ពុជាបន្ត​ទៀត​ថា កម្មវិធី PAI ឬ PaiPay នេះ ពុំមែនជាកម្មវិធីទូ​ទាត់​​ចល័ត​របស់​គ្រឹះ​ស្ថាន ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានោះទេ​។​

សេចក្តីប្រកាស​ព័ត៌មាន​នេះ​សរសេរថា៖ “សូម​សាធារណៈជនមេត្តា​ជ្រាបជាព័ត៌​មាន​ និងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់អំពីការឆបោកតាមអនឡាញ ដែលអាច​បណ្តាលឱ្យប្រឈមនឹងហានិភ័យដោយប្រការណាមួយ”។

សេចក្តីប្រកាស​ព័ត៌មាន​ដដែលនេះបន្ថែមថា ធនាគារជាតិក៏បាននឹងកំពុងសហការ​​ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការស្រាវជ្រាវ និងបង្រ្កាប​ការ​ផ្សព្វ​ផ្សាយ​មិន​ស្រប​ច្បាប់​របស់​កម្ម​វិធី​មួយនេះ​ផង​ដែរ​៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍